ប្រវត្តិសង្ខេបនៃពាន​រង្វាន់ Hun Sen Cup តាំង​ពី​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) បានធ្វើដំណើរអស់រយៈពេល ១០ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីឯកឧត្តម សៅ សុខា ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គិតពីឆ្នាំ២០០៧ មក ខណៈនៅឆ្នាំ២០១៦ នេះគណៈកម្មការបានស្វែងរកឃើញក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយគឺក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង។

មិនខុសពីពានរង្វាន់បាល់ទាត់ FA Cup នៅប្រទេសអង់គ្លេសនោះទេពានរង្វាន់នេះបានបើកឱ្យក្រុមចូលរួមតាមតំបន់នានាទូទាំងប្រទេសកម្ពុជា ដោយបែងចែកការប្រកួតជា ២ដំណាក់កាល ក្នុងនោះជម្រុះនៅតាមមណ្ឌលនានា និង វគ្គជម្រុះតាមពូលជុំចុងក្រោយមុនស្វែងរកឃើញក្រុមជើងឯកប្រចាំឆ្នាំ។

1435493465-1

ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបត្រួសៗ ពីក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ Hun Sen Cup តាំងពីបង្កើតមកនៅឆ្នាំ ២០០៧៖

*Hun Sen Cup 2007

ឆ្នាំដំបូងនេះជើងឯកបានទៅក្រុម ខេមរាកីឡា ក្រោយយកឈ្នះក្រុមណាហ្គាខប នៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៤ ទល់ ២ ក្រោយប្រកួតស្មើគ្នានៅម៉ោងប្រកួត ១ ទល់ ១។ ចំណែកក្រុម Phnom Penh Empire FC (បច្ចុប្បន្នភ្នំពេញក្រោន) ឈរចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានឈ្នះបៀលប្រាយយូណាយធីត ៤ទល់១។ ឆ្នាំនោះដែរពានរង្វាន់ Fiar Play បានទៅក្រុមបៀលប្រាយយូណាយធីត។

ចំពោះតំណែងកីឡាករទាត់បញ្ចូលទីច្រើនជាងគេបានទៅកីឡាករ ហុក សុជីវ័ន្ត របស់ក្រុម Phnom Penh Empire FC។

*Hun Sen Cup 2008

នៅឆ្នាំទី២ នេះជើងឯកបានទៅក្រុម Phnom Penh Empire FC ក្រោយយកឈ្នះក្រុមព្រះខ័នរាជ (ខេត្តស្វាយរៀង) នៅវគ្គផ្ដាច់ព្រ័ត្រ ១ ទល់ ០ ហើយចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមបៀលប្រាយបន្ទាប់ពីយកឈ្នះក្រុមខេមរាកីឡា ៣ ទល់ ២។ ក្រុមព្រះខ័នរាជ ទទួលពាន Fair Play ចំណែកកីឡាករ ២នាក់មកពីក្រុមមួយនេះក៏ទទួលពានដូចគ្នា គឺ អ៊ុក ម៉ិច ជាប់ជាអ្នកចាំទីល្អ ហើយ សុខ ចាន់រស្មី ជាប់ជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេ។

*Hun Sen Cup 2009

ក្រុមភ្នំពេញ Phnom Penh Empire FC ប្ដូរឈ្មោះទៅជាភ្នំពេញក្រោនបានរក្សាតំណែងជើងឯកឆ្នាំចាស់បានសម្រេច ក្នុងពានរង្វាន់ Hun Sen Cup លើកទី៣ នេះក្រោយយកឈ្នះក្រុមណាហ្គខប នៅវគ្គផ្ដាច់ព្រ័ត្រ ១ ទល់ ០។ ចំណែកក្រុមលេខ ៣ បានទៅព្រះខ័នរាជបន្ទាប់ពីឈ្នះក្រុមភុជង្គនាគ (ឆ្លាមសមុទ្រ) ៣ ទល់ ០។ ពានរង្វាន់ Fair Play បានទៅក្រុមភុជង្គនាគហើយអ្នកចាំទីដៃស្អិត ហែម ស៊ីម៉ៃ របស់បៀលប្រាយ កាលនោះជាប់ឈ្មោះជា អ្នកចាំទីល្អជាងគេ ស្របពេលកីឡាករ គួច សុកុម្ភៈ របស់ក្រុមខេមរាកីឡា ឈ្នះស្បែកជើងមាសក្នុងនាមកីឡាករទាត់បញ្ចូលទីច្រើនជាងគេដោយគ្រាប់សរុបចំនួន ២១ គ្រាប់។

*Hun Sen Cup 2010

សម្រាប់ពានរង្វាន់លើកទី៤ នេះធ្លាក់ទៅកណ្ដាប់ដៃក្រុម ក្រសួងការពារជាតិ ក្រោយយកឈ្នះភ្នំពេញក្រោននៅវគ្គផ្ដាច់ព្រ័ត្រ ៣ ទល់ ២ ស្របពេលក្រុមព្រះខ័នរាជ ជាប់លេខ ៣ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាខប ៣ ទល់ ២ដូចគ្នា។ ក្រុមលេខ ៣ ព្រះខ័នរាជ ឈ្នះពាន Fair Play អ្នកចាំទី ប៉េង ប៊ុនឆាយ របស់ភ្នំពេញក្រោនជាប់ឈ្មោះជាអ្នកចាំទីល្អ ហើយអ្នកទាត់បញ្ចូលទីច្រើនជាងគេមានគ្នាដល់ទៅ ២ នាក់មាន គួច សុកុម្ភៈ របស់ខេមរាកីឡា និង ស្រី វាសនា របស់ភ្នំពេញក្រោន រកបាន ២០ គ្រាប់ដូចគ្នា។

*Hun Sen Cup 2011

ក្រុមព្រះខ័នរាជ បានឈ្នះជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប នៅក្នុងពានរង្វាន់លើកទី ៥នេះបន្ទាប់ពីឈ្នះក្រុមបៀលប្រាយ ២ ទល់ ០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមណាហ្គាខប ឈរចំណាត់ថ្នាក់លេខ ៣ក្រោយយកឈ្នះជើងឯកឆ្នាំចាស់ ក្រសួងការពារជាតិ ១ ទល់ ០។ ពានរង្វាន់ Fair Play បានទៅក្រុមក្រសួងការពារជាតិចំណែកកីឡាករព្រះខ័នរាជ ២ នាក់ទទួលពានផ្សេងគ្នា ដោយឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាស និង អ្នកចាំទី អ៊ុក ម៉ិច ឈ្នះពានអ្នកចាំទីល្អ។

Khoun-Laboravy

*Hun Sen Cup 2012

ក្រុមព្រះខ័នរាជ ការពារតំណែងជើងឯកបានសម្រេច ក្រោយយកឈ្នះក្រុមណាហ្គាខប នៅវគ្គផ្ដាច់ព្រ័ត្រនៅម៉ោងបន្ថែម ២ ទល់ ១ ហើយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះលេខ ៣ បន្ទាប់ពីឈ្នះ ឆ្លាមសមុទ្រ ៣ ទល់ ០។ ពាន Fiar Play បានទៅក្រុមណាហ្គាខប ចំណែកកីឡាករ ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាស លើកទី២ នៅព្រះខ័នរាជហើយមិត្តរួមក្រុមរបស់គេ សរ សុភា ឈ្នះពានអ្នកចាំទីល្អ។

HSC 2011

*Hun Sen Cup 2013

ក្រុមណាហ្គាខប បានឈ្នះជើងឯកពានរង្វាន់នេះជាលើកដំបូងក្រោយធ្លាប់បរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រនាពេលកន្លងមក ៣ ដងមកហើយ។ ម្ដងនេះណាហ្គាខបឈ្នះក្រុមជើងឯកឆ្នាំ២០១០ ក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី ចម្ងាយ ១១ ម៉ែត្រ ៥ ទល់ ៣។ ចំណែកលេខ៣ បានទៅក្រុមភ្នំពេញក្រោន បន្ទាប់ពីឈ្នះគីរីវង់សុខសែនជ័យ ៣ ទល់ ១។ ក្រៅពីនេះភ្នំពេញក្រោន ឈ្នះពាន Fair Play ចំណែកកីឡាករ ចាន់ វឌ្ឍនាកា របស់ក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះពានអ្នកទាត់បញ្ជូលទីច្រើនជាងគេហើយអ្នកចាំទីដៃស្អិត ផន រតនា របស់ណាហ្គាខប ឈ្នះពានអ្នកចាំទីល្អ។

Chan_Vathanaka_and_his_Golden_Boot_from_2015

*Hun Sen Cup 2014

ពានរង្វាន់លើកទី ៨ នេះធ្លាក់ទៅដៃក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិម្ដង បន្ទាប់ពីយកឈ្នះក្រុមបៀលប្រាយ ២ទល់ ០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះតំណែងលេខ ៣ក្រោយយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ណាហ្គាខប ៣ ទល់ ០។ បឹងកេត ឈ្នះពានក្រុម Fiar Play ហើយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ា ឈ្នះស្បែកជើងមាស ជាលើកទី៣ ក្នុងឆ្នាំដែលចាកចេញពី ព្រះខ័នរាជ ទៅ បឹងកេត។ តំណែងអ្នកចាំទីល្អបានទៅកីឡាករ ប្រាក់ ភារុណ របស់ក្រុមជើងឯកអគ្គស្នងការដ្ឋាននគរបាលជាតិ។

Hun-Sen-Cup-2014-Final5

*Hun Sen Cup 2015

ក្នុងឆ្នាំលើកទី៩ នេះក្រុមស្វាយរៀងអែហ្វស៊ី ក្រោយយកឈ្នះលើក្រុមណាហ្គាវើល ដោយលទ្ធផល ២ទល់១នៅវគ្គផ្ដាច់ព្រ័ត្រលើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ ចំណែកក្រុមលេខ៣ គឺត្រាយអាស៊ីភ្នំពេញ (ខេមបូឌានថាយហ្គឺរ) និងក្រុមជើងឯកឆ្នាំចាស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កីឡាករដែលទាត់បញ្ជូលទីបានច្រើនគឺ ប្រាក់ មុន្នីឧត្តមរបស់ស្វាយរៀងអែហ្វស៊ី ហើយអ្នកចាំទីល្អបានទៅកីឡាករ អាំ សុវណ្ណរ៉ាត់ របស់ក្រុមម្ចាស់ស្រុកផងដែរ។

*Hun Sen Cup 2016

លើកទី១០ នេះការប្រកួតបានធ្វើដំណើរដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមក្រសួងការពារជាតិត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចថ្ងៃសៅរិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង៦ល្ងាច ស្របពេលក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា នៅវេលាម៉ោង៣:៣០ នាទីល្ងាចលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣៕

svayreing_0

តើក្រសួងការពារជាតិ ឬ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកនៅឆ្នាំទី១០ នេះ?

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ