គ្រូវាយសីជម្រើសជាតិប្រតិកម្មនឹងការជួលទីលានឱ្យឯកជនរហូតគ្មានសល់ម៉ោងសម្រាប់កីឡាករ

ភ្នំពេញ៖ គ្រូបង្វឹកកីឡាវាយសីជម្រើសជាតិកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃទី៣០ ខែមិថុនានៅក្នុងអង្គប្រជុំគ្រូជម្រើសជាតិជាមួយប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយគ្រូបង្វឹករូបនោះបានលើកឡើងថា កីឡាករ-កីឡាការិនីជម្រើសជាតិស្ទើរតែគ្មានម៉ោងសម្រាប់ហ្វឹកហាត់នោះទេ ព្រោះទីលានសម្រាប់ហ្វឹកហាត់ត្រូវបានគេយកទៅជួលរហូតស្ទើរតែគ្មានសល់ម៉ោងសម្រាប់ក្រុមជម្រើសជាតិហ្វឹកហាត់ឡើយ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយសីដែលមានទីតាំងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនោះមានទីលានវាយសីចំនួន ៣ ដែលគេសង្កេតឃើញថាស្ទើរគ្រប់ម៉ោងតែងតែមានអ្នកជិះរថយន្ដទំនើបៗទៅលេងសីនៅទីនោះដោយបង់ថ្លៃទីលានឲ្យគេហើយបើគ្មានដៃគូវ៉ៃទេគេអាចហៅកីឡាករ ឬ កីឡាការិនីណាម្នាក់ធ្វើជាដៃគូប្រកួតបានតែកុំភ្លេចឲ្យលុយតម្លៃខ្លួនដល់ពួកគេផង។

882

លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានមានប្រសាសន៍បញ្ជាក់ថា ថាពិតជាមានប្រតិកម្មរបស់គ្រូបង្វឹកវាយសីជម្រើសជាតិនៅក្នុងអង្គប្រជុំមែន ដោយពួកគេទាមទារឲ្យលោកជួយដោះស្រាយព្រោះកន្លែងសម្រាប់កីឡាហ្វឹកហាត់បានក្លាយទៅជាកន្លែងជួលឲ្យគេលេងទៅវិញ តើកីឡាជម្រើសជាតិទៅហាត់នៅឯណា ?

សហព័ន្ធកីឡាវាយសីកម្ពុជាដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ដែលមានលោកវេជ្ជបណ្ឌិតស្ដើង ជា ជាអគ្គលេខាធិការសហព័ន្ធ លោកឧត្តមសេនិយ៍ជាម សុភា និង លោកវេជ្ជបណ្ឌិតអាំង សំបូរជាអគ្គលេខាធិការរង ហើយបើតាមគ្រូបង្វឹកនោះថាលោកឧត្តមសេនីយ៍ឯកលី កុសលដែលជាប្រធានសហព័ន្ធមិនបានដឹងពីរឿងនេះទេ។

លោកប៉ុន សុខបានសន្យាថានឹងលើករឿងនេះទៅជជែកជាមួយឧត្តមសេនីយ៍ឯកលី កុសលដើម្បីរកដំណោះស្រាយព្រោះរឿងនេះមិនអាចទុកឲ្យនៅរ៉ាំរ៉ៃបានទេ។ លោកចង់ដឹងថាតើនរណាជាអ្នកជួលតារាងសីឲ្យគេលេងដោយមិនគិតពីកីឡាជម្រើសជាតិបែបនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ