ផាន់ គ្រាន់ ប្ដេជ្ញាថាលើកនេះត្រូវតែឈ្នះ!

ភ្នំពេញ៖ ធ្លាប់ជាអ្នកខ្លាំងមួយរូបនោះ ផាន់ គ្រាន់ មកពីក្លឹបគុជសារកីឡាបែរជាទទួលរងបរាជ័យស្ទើរគ្រប់ការប្រកួតជាមួយអ្នកប្រដាល់ថៃក្នុងមួយរយៈពេលនេះ។ ការបរាជ័យផ្ទួនៗស្ទើរតែធ្វើឱ្យគេលែងហ៊ានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃទៅហើយ។តែបន្ទាប់ពីការបរាជ័យចុងក្រោយរបស់គេកាលពីប៉ុន្មានសប្ដាហ៍មុនមកនោះគេបានសន្យាថានឹងខិតខំហ្វឹកហាត់ឡើងវិញ។

ការប្រកួតមួយនេះប្រសិនបើគេបរាជ័យទៀតនោះឱកាសសម្រាប់ប្រកួតជាមួយបរទេសទំនងជាលំបាកហើយព្រោះ ផាន់ គ្រាន់ ដែលធ្លាប់ជាអ្នកខ្លាំងមួយរូបតែពេលនោះទំនងជាគេខ្ជីខ្ជារក្នុងការហ្វឹកហាត់ហើយមើលទៅបានជាគេជួបបរាជ័យរហូតបែបនេះ ។  គ្រាន់ មានប្រវត្តិប្រកួតចំនួន៨០ ដង ឈ្នះ៦៦ដង ចាញ់១២ដង និង ស្មើពិន្ទុ ២ ដង។

Phan-Kroan-Phich-Nam-Ek [800x600]

នៅថ្ងៃទី៣ ខែកក្កដាខាងមុខលើសង្វៀន SEA TV អ្នកប្រដាល់កម្ពុជារូបនេះត្រូវបានដាក់ឲ្យប្រកួតសាកល្បងជាមួយអ្នកប្រដាល់ថៃ Phich Nam Ek ដែលជាជើងខ្លាំងមួយរូប និងធ្លាប់បានផ្ដួលអ្នកប្រដាល់ខ្មែរបានមិនតិចនាក់នោះទេ។ គេមានប្រវត្តិប្រកួតចំនួន៧៩ ដង ឈ្នះ៦៣ដង ចាញ់១៤ដង និង ស្មើពិន្ទុ ២ ដង។ ការប្រកួតនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថាជោគជ័យចុងក្រោយនឹងក្លាយជារបស់ ផាន់ គ្រាន់ ឬ Phich Nam Ek នោះឡើយ។

នៅថ្ងៃនៅដែរ យុគ យក្សផ្លែ មកពីក្លឹបអប់រំកាយខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Makha ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម។ យក្សផ្លែ គឺជាអ្នកប្រដាល់ដែលពូកែចំអកឲ្យគូប្រកួតគ្រាន់បើដែរតែស្នៀត និង កលល្បិចរបស់គេក៏មិនខ្សោយដែរ។ កណ្ដាប់ដៃ កែង ជង្គង់គឺជាអាវុធដែលគេតែងតែប្រើផ្ដួលគូប្រកួតបានដោយជោគជ័យ ។ គេមានប្រវត្តិប្រកួតចំនួន ១៤៤ដង ឈ្នះ ១២៥ដង ចាញ់ ១៤ដង ស្មើពិន្ទុ ៥ ដង។

yuk-yeakphlee-Phayak-Makha [800x600]

ចំពោះអ្នកប្រដាល់ថៃ Phayak Makha វិញគេមិនដឹងថាមានសមត្ថភាពប៉ុណ្ណាៗនោះទេព្រោះនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរនោះ ។ គេមានប្រវត្តិប្រកួតចំនួន៦៤ ដង ឈ្នះ ៤៩ដង ចាញ់១៣ដង ស្មើពិន្ទុ២ ដង ។ ស្ថិតិប្រកួតរបស់គេតិចជាងយក្សផ្លែមែនតែមិនប្រាកដថាគេខ្សោយជាងយក្សផ្លែនោះឡើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ