Hun Sen Cup: ប្រធានក្លឹបស៊ីម៉ាក់សន្យាផ្តល់ប្រាក់រង្វាន់ដល់សមាជិកទោះបានលេខ៣ ឬ លេខ៤ ក៏ដោយ

ភ្នំពេញ៖ ប្រធានក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសន្យាផ្ដល់ថវិកាដល់កូនក្រុមរបស់ខ្លួនទាំងគ្នាក្នុងម្នាក់ចំនួន១០០ដុល្លារសហរដ្ឋអាមេរិកទោះបីជាធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០១៦ ក៏ដោយ ពោលគឺមិនគិតថាឈ្នះចំណាត់ថ្នាក់លេខ៣ ឬ លេខ៤នោះទេ។

13532776_1741306226127341_7511763005322282227_n

ក្រុមស៊ីម៉ាក់ បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៣ទល់០ កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែមិថុនា កន្លងទៅលើទីលានពហុកីឡដ្ឋានជាតិ។ កាលនោះកីឡាករ ឈិន ឈឿន រកបាន២គ្រាប់ម្នាក់ឯង ហើយកីឡាករ កែ វណ្ណៈ រកបាន១គ្រាប់ ដែលជាផ្នែកនាំជ័យជម្នះឱ្យក្រសួងការពារជាតិ។

មន្រ្តីរបស់ក្រុមស៊ីម៉ាក់ បានលើកឡើងថា មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយថ្ងៃ (ថ្ងៃអង្គារ) ប្រធានក្លឹប ឯកឧត្តម មួន វាសនា បានប្រជុំជាមួយកីឡាករហើយបានលើកទឹកចិត្តថាបើសិនក្លឹបឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះនឹងមានការផ្ដល់ជូនផ្សេងទៀត ប៉ុន្ដែប្រសិនបើឈរត្រឹមចំណាត់ថ្នាក់លេខ៣ ឬ លេខ៤ នោះលោកនឹងផ្ដល់ថវិកាក្នុងម្នាក់១០០ដុល្លារមិនថាកីឡាករឬគ្រូបង្វឹកនោះទេ។

13557868_639738696192694_2911374863893142275_n

ទោះជាធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក្ដីតែក្រុមស៊ីម៉ាក់ នៅសល់ប្រកួត១ទៀតក្នុងដៃគឺវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្តេចតេជោដោយត្រូវជួបក្រុមភ្នំពេញក្រោន វេលាម៉ោង៣:៣០ នាទីរសៀលថ្ងៃសៅរ៍ ទី២ខែមិថុនា ឆ្នាំ២០១៦លើទីលានពហុកីឡដ្ឋានជាតិ ដោយក្រុមឈ្នះចំណាត់ថ្នាក់លេខ៣នេះនឹងទទួលបានទឹកប្រាក់លើទឹកចិត្តចំនួន២០លានរៀលផងដែរ។

សូមរំលឹកថា ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ទទួលបានកៅអីឡើងមកលេងក្នុងលីគកំពូលកម្ពុជាក្នុងដើមរដូវកាល២០១៥ កន្លងទៅនេះ ជំនួសតំណែងក្រុម Albirex Niigata Phnom Penh ដែលសុំដកខ្លួន។ គ្រានោះជាលើកដំបូងហើយរបស់ក្រុមស៊ីម៉ាក់ ដែលទទួលបានកៅអីឡើងលេងនៅក្នុងលីកចាប់តាំងពីក្រុមមួយនេះបង្កើតបានជាង១០ឆ្នាំមក៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ