អ៊ុំ សេរីរ័ត្ន នឹងចូលរួមផ្តល់បទពិសោធន៍ដល់ក្មេងៗក្នុងកម្មវិធីរបស់​ភ្នំពេញ​ស៊ីធី​សេនធ័រ

ភ្នំពេញ៖ ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) បានរៀបចំ «កម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់» និង «កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់អាយុក្រោម ១៤ឆ្នាំសម្រាប់ក្មេងក្រីក្រ» ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០១៦។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីក្រុមបាល់ទាត់អាយុក្រោម១៤ឆ្នាំមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៤ និងសាលាបឋមសិក្សាចំនួន ២ ហើយក្មេងៗអាយុក្រោម ១៤ឆ្នាំចំនួន ១២នាក់ នឹងត្រូវជ្រើសរើសពីក្រុមនីមួយៗមានដូចជាអង្គការមិត្តសម្លាញ់ (Friend International) អង្គការមូលនិធិកុមារកម្ពុជា (Cambodian Childrend’s Fund)  មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញដុនបូស្កូ (Don Bosco) អង្គការស្នាមញញឹមនៃកុមារ (Pour un Sourire d’Enfant) សាលាបឋមសិក្សាវត្តនាគវ័ន្ត និងសាលាបឋមសិក្សាមិត្តភាព ដោយក្មេងៗទាំងនេះនឹងត្រូវចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់ក្រោមការបង្វឹកដោយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន។

11694916_958679857525518_1697033870432645843_n

សូមបញ្ជាក់ថា អ៊ុំ សេរីរ័ត្ន គឺជាកីឡាករចាំទីដ៏ឆ្នើមមួយរូបដែលលេងឱ្យក្រុមជម្រើសជាតិកម្ពុជាឈុតធំ ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ អ៊ុំ សេរីរ័ត្ន ក៏នឹងក្លាយជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន Phnom Penh City Center ហើយរូបគេនឹងចែករំលែកបទពិសោធន៍ពីការលេងកីឡាបាល់ទាត់ និងជីវិតជាកីឡាករបាល់ទាត់អាជីពនៅកម្ពុជា ព្រមជាមួយគ្នានេះ រូបគេនឹងបង្វឹកនូវបច្ចេកទេសមូលដ្ឋានមួយចំនួននៃការលេងបាល់ទាត់ដល់ក្មេងៗទាំងនោះផងដែរ។

លោកស្រី Claire Ng អនុប្រធាននាយកដ្ឋានទំនាក់ទំនងនៃក្រុមហ៊ុន Phnom Penh City Center បានមានប្រសាសន៍ថា ៖«ការបង្កើតកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ និងការរៀបចំកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់អាយុក្រោម ១៤ឆ្នាំនេះ គឺជាការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ ការរស់នៅក៏ដូចជា គុណភាពជីវិតសហគមន៍របស់យើងតាមរយៈការលេងកីឡា។»

លោកស្រីមានជំនឿថា កម្មវិធីនេះនឹងជួយបំផុសគំនិតដល់ក្មេងៗពីវិស័យកីឡាបាល់ទាត់ក្រោយពីទទួលបានការចែករំលែកបទពិសោធន៍ពីកីឡាករអគ្គរាជទូតសុឆន្ទៈរបស់យើង ហើយក៏បង្ហាញឲ្យក្មេងៗទាំងនេះយល់ដឹងពីសារសំខាន់ការអភិវឌ្ឍន៍ផ្នែកស្មារតី និងរូបវ័ន្ត វិន័យ និងការធ្វើការងារជាក្រុមដែលជួយឲ្យពួកគេរឹងមាំ ក្លាហានទៅថ្ងៃអនាគត។ សំខាន់ជាងនេះទៅទៀត យើងចង់ឲ្យក្មេងៗមានភាពសប្បាយរីករាយ និងរឹតចំណងមិត្តភាពរវាងគ្នានិងគ្នាដែលចូលរួមក្នុងកម្មវិធីនេះ។

Football-Poster [800x600]

អ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន បានថ្លែងថា៖ «ខ្ញុំពិតជាសប្បាយរីករាយដែលបានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័ (Phnom Penh City Center) ក្នុងកម្មវិធីប្រកួតបាល់ទាត់សម្រាប់កុមារក្រីក្រនេះ។ ខ្ញុំទន្ទឹងរង់ចាំការចែករំលែកបទពិសោធន៍របស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ទៅដល់ក្មេងៗទាំងនោះ។ ខ្ញុំនឹងផ្តល់ក្តីប្រាថ្នា ផ្តល់ក្តីសង្ឃឹម និងលើកទឹកចិត្តពួកគេឱ្យតស៊ូជម្នះការលំបាកក្នុងជីវិត»។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ