Euro 2016: ប៉ទុយហ្គាល ឬ ប៉ូឡូញ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ

ក្រោយការប្រកួតពានរង្វាន់ទ្វីអឺរ៉ុប ឬ Euro 2016 វគ្គ ១៦ ក្រុមចុងក្រោយបានបញ្ចប់ទៅកាលពីពេលថ្មីនេះរួចមក។ យើងបានរកឃើញក្រុមជម្រើសជាតិទាំង ៨ ដែលនឹងធ្វើការប្រកួតវគ្គ Quarter-Final ដែលនឹងចាប់ផ្តើមនៅយប់នេះមានដូចជា៖ ក្រុមជម្រើសជាតិ ប៉ូឡូញ ក្រុមជម្រើសជា ប៉ទុយហ្គាល ក្រុមជម្រើសជា វែលស៍ ក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិ អ៊ីស្លង់។

ការប្រកួតវគ្គ ៨ ក្រុមចងុក្រោយនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ មិថុនា ២០១៦ ព្រឹកស្អែកនេះ វេលាម៉ោង ២ រំលងអធ្រាត្រជាមួយនឹងការប្រកួតរវាងក្រុមជម្រើសជាតិ ប៉ូឡូញ នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់ ដើម្បីដណ្ដើមកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO 2016។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ១០ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ ប៉ទុយហ្គាល ឈ្នះ ៤ ដង ក្រុមជម្រើសជាតិ ប៉ូឡូញ ឈ្នះ ៤ ដង និងក្រុមទាំងពីរស្មើគ្នា ៣ ដង។ ក្នុងនោះក្នុងការជួបគ្នា ៣ ដងចុងក្រោយ ក្នុងកាប្រកួត ក្រុមជម្រើសជាតិអេ ប៉ូឡូញមិនដែលចាញ់ ក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ ទេដោយក្នុងនោះក្រុមជម្រើសជាំតិប៉ូឡូញ ឈ្នះ១ ស្មើ២។

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Fernando Santos គ្រូបង្វឹកប៉ទុយហ្គាល់ បាននិយាយថា៖ “ការប្រកួតនៅថ្ងៃស្អែកនេះប្រាកដជាពិបាកព្រោះក្រុមទាំងពីរនឹងប្រឹងអស់សមត្ថភាពដើម្បីទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតនៅថ្ងៃស្អែកនេះគឺ ៥០/៥០។

អ្នកគ្រប់គ្នានិយាយពីកីឡាករ Cristiano Ronaldo នេះព្រោះតែកីឡាកររូបនេះគឺជាកីឡាករដ៏អស្ចារ្យមួយរូប។ មានកីឡាករជាច្រើនដែលមិនមានគេនិយាយជារៀងរាល់ថ្ងៃ ប៉ុន្តែវារឿងធម្មតានោះទេដែលគេនិយាយពីកីឡាករដូចជា Ronaldo និង Lewandowski។ Ronaldo ក៏ដឹងថាត្រូវទប់តល់នឹងបញ្ហានេះយ៉ាងណាផងដែរ។”

លោក Adam Nawałka គ្រូបង្វឹកប៉ូឡូញ បាននិយាយថា៖ “ខ្ញុំគិតថាយើងគួរតែបញ្ជាក់ថាពួកយើងមានសមត្ថភាព ប៉ុន្តែត្រូវចាំនៅក្នុងការប្រកួត។ យើងដឹងពីចំណុខខ្លាំងរបស់យើង ហើយយើងក៏ដឹងថាយើងអាចធ្វើអ្វីបានផងដែរ។ នេះមិនមែនជាភាពភ្ញាក់ផ្អើលនោះទេដែលយើងទទួលបានលទ្ធផលដូចនេះ។ យើងរីកចម្រើនច្រើន ហើយយើងក៏សង្ឃឹមថានឹងធ្វើឲ្យបានល្អព្រមទាំងបង្ហាញការលេងបាល់ទាត់មួយដ៏ល្អ។

កីឡាករ Robert Lewandowski គឺជាកីឡាសំខាន់របស់ក្រុម។ កីឡាកររូបនេះធ្វើបានល្អក្នុងការប្រកួតកន្លងមកក្នុងនាមជាប្រធានក្រុម។ Lewandowski មានកាយសម្បទារឹងមាំល្អ និងមានសមត្ថភាពក្នុងការរកគ្រាប់បាល់ផងដែរ។

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់កីឡាករទាំងសងខាងមិនមានកីឡាកររបួសនោះទេ ដូចនេះសម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ ប៉ូឡូញ អាចជា៖ Fabiański; Piszczek, Glik, Pazdan, Jędrzejczyk; Błaszczykowski, Krychowiak, Mączyński, Grosicki; Milik, Lewandowski។

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន: Grosicki, Mączyński, Peszko, Piszczek, Pazdan, Jędrzejczyk

សម្រាប់ក្រុមជម្រើសជាតិ ប៉ទុយហ្គាលវិញ ជម្រើសជាតិ ១១ ដំបូងអាចជា៖ Rui Patrício, Cédric, Fonte, Pepe, Guerreiro; Silva, William Carvalho, Sanches, Mário; Nani, Ronaldo។

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន:: William Carvalho, Pepe, Quaresma៕

 

01

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ