រឿង សោភ័ណ្ឌ បង្អួតខ្សែក្រវាត់ ២ មុនប្រកួតជាមួយថៃ

ភ្នំពេញ៖ មុនការប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhaiលើសង្វៀន SEA TV យប់ថ្ងៃទី១ ខែកក្កដាខាងមុខនេះ ឈានចូលមកដល់ អ្នកប្រដាល់ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍បានបង្អួតខ្សែក្រវាត់ចំនួន ២របស់គេដើម្បីគំរាមគូប្រកួត។

មួយរយៈនេះការប្រកួតជាមួយថៃសោភ័ណ្ឌតែងតែជួបបរាជ័យជាញឹកញាប់ទំនងជាបែបនេះហើយទើបគេបង្អួតខ្សែក្រវាត់ដើម្បីគំរាមគូប្រកួតនោះ សោភ័ណ្ឌ ដែលជាអ្នកប្រដាល់ដែលវ៉ៃធ្ងន់ និងរហ័សឆ្វេងនោះទើបតែបានផ្ដួលជើងខ្លាំងរួមជាតិ ពេជ្រ សីហាមកពីសមាគមប្រដាល់ក្រសួងការពារជាតិនៅទឹកទី២ ហើយពេលនេះគេកំពុងតែគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ថ្មីមួយទៀតដែរ។ ជារួម សោភ័ណ្ឌ មានចំនុចល្អត្រង់ថា ទាំងកែង កណ្ដាប់ដៃ ជង្គង់ ទាត់ ខាងឆ្វេង គឺពិតជាល្អទាំងអស់។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ១៣៨ដង ឈ្នះ ១២៦ដង ចាញ់ ១១ដងនិង ស្មើពិន្ទុ ១ដង ដោយក្នុងការប្រកួតភាគច្រើនសោភ័ណ្ឌតែងតែផ្ដួលគូប្រកួតមុនទឹកទី ៥ ជានិច្ច ។

Reung-Sophorn-Super-Chhai [800x600]

ចំពោះអ្នកប្រដាល់ Super Chhai វិញក៏ជាជើងខ្លាំងមួយរូបដែរ កន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលត្រូវបរាជ័យក្រោមស្នៀតដ៏សំម្បូរបែបរបស់គេ  យ៉ាងណាក៏ដោយការប្រកួតភាគច្រើនរបស់អ្នកប្រដាល់ថៃរូបនេះគឺតែងឈ្នះគូប្រកួតដោយពិន្ទុតែប៉ុណ្ណោះ។ Super Chhai មានប្រវត្តិប្រកួតចំនួន១២០ ដង ឈ្នះ១០៤ដង ចាញ់១៥ដង និង ស្មើពិន្តុ ១ ដង ។

ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះគេជឿថាសោភ័ណ្ឌ មានឱកាសឈ្នះច្រើនជាង ហើយអាចនឹងឈ្នះមុនទឹកទី ៥ ទៀតផង ប៉ុន្តែគេក៏មិនអាចមើលស្រាលលើសមត្ថភាពរបស់ Super Chhai បាននោះទេ។

នៅលើសង្វៀននោះដែរអ្នកប្រដាល់មកពីក្លឹបតាព្រហ្មមានជ័យ ង៉ែត រដ្ឋា ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ចាស់វស្សា របស់ថៃឈ្មោះ Num Satoek ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ Num Satoek ជាអ្នកប្រដាល់ចាស់វស្សាមួយរូបដែលមានវ័យច្រើនណាស់ទៅហើយ ប៉ុន្តែគេមានស្នៀត និងកលល្បិចល្អ ហើយរហ័សមែនតែកម្លាំងរបស់គេមិនអាចតស៊ូជាមួយក្មេងបានយូរឡើយ។

Nget-Ratha-Num-Satoek [800x600]

អ្នកប្រដាល់រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ ២-០៣លើកហើយគេជួបបរាជ័យរហូតតែអ្នកដែលឈ្នះគេនោះក៏វេទនាដែរ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨១ ដង ឈ្នះ៦៣ដង ចាញ់១៧ដង ស្មើពិន្ទុ ១ ដង។ ចំពោះង៉ែត រដ្ឋា វិញមានប្រវត្តិប្រកួតចំនួន៦៥ ដង ឈ្នះ៥៥ដង ចាញ់៨ដង ស្មើពិន្ទុ ២ ដង ។ គេជាអ្នកប្រដាល់ដែលល្អជើងតែកណ្ដាប់ដៃគេមិនអស្ចារ្យនោះទេ តែការប្រកួតនេះរដ្ឋាមានជំនឿចិត្តច្រើន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ