ជើងខ្លាំងខ្មែរ-ថៃ ៨ រូបប្រជែងគ្នាគ្រងជើងឯក «សមរភូមិអ្នកប្រយុទ្ធ» វគ្គ៣ នៅ PNN

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត «សមរភូមិអ្នកប្រយុទ្ធ» ដែលជាកម្មវិធីប្រកួតកីឡាគុនខ្មែរបុរាណដ៏មានប្រជាប្រិយបានវិលត្រលប់មកអង្រួនអារម្មណ៍ទស្សនិកពិសេសអ្នកស្នេហាកីឡាប្រដាល់ជាថ្មីទៀតហើត ដោយនៅក្នុងរដូវកាលទី៣ ដែលបានទទួលការឧបត្ថម្ភធំដោយភេសជ្ជៈប៉ូវកម្លាំង គោជល់ (Red Bull) នេះ នឹងមានវត្តមានកីឡាករខ្លាំងៗ ៨ រូបដោយមានកម្ពុជា ៤ រូប និងថៃ ៤រូប ត្រូវប្រជែងគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមនៅលើសង្វៀនស្ថានីយ៍ទូរទស្សន៍ PNN  ដើម្បីដណ្តើមតំណែងជើងឯកអមដោយប្រាក់រង្វាន់ជាច្រើ់នផងដែរនោះ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា នៅសណ្ធាគារភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែំម មឺុន ប្រធានសហព័ន្ធកីឡាប្រដាល់បានមានប្រសាន៍ថា៖ «នេះជាកម្មវិធីដ៏ល្អមួយ ដែលបានរួមចណែកក្នុងការអភិរក្សកីឡាគុនខ្មែរបុរាណរបស់យើង ព្រមទាំងបានចូលរួមក្នុងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ ខណៈដែលប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនោះ»។

_MG_0661

នៅក្នុងឱកាសនោះដែរលោក ស្រឺុ ស្រេង ហៅ សំណព្វ ប្រធានផ្នែកកីឡានៃស្ថានីយ៍ទូរទស្សន៍ PNN ដែលជាអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រដ៏លើសលុបពីរដូវកាលទី១ និងទី២ កន្លងមក កម្មវិធី សមរភូមិអ្នកប្រយុទ្ធ បានសម្រិតសម្រាំងរើសយកកីឡាករល្អៗនៅកម្ពុជា និងប្រទេសថៃដើម្បីមកប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ ក៏ដូចជាពាន និងប្រាក់រង្វាន់នៅក្នុងរដូវកាលទី៣ នេះ ដោយរំពឹងថានឹងមានទស្សនិកជនចូលរួមទស្សនាលើកទឹកចិត្ត និងគាំទ្រច្រើនជាងរដូវកាលមុនៗជាក់ជាមិនខាន។ ជាមួយនឹងក្តីរំពឹងខ្ពស់នេះ លោកក៏បានលើកឡើងថា៖ «ក្នងនាមជាអ្នករៀបចំកម្មវិធី ខ្ញុំសូមធានាថា នឹងគ្មានការលក់ខ្លួន ឬភាពអយុត្តិិធម៌កើតឡើងនោះទេ ហើយប្រសិនបើមានរឿបបែបនេះកើតឡើង កីឡាករណាម្នាក់ដែលប្រព្រឹត្តិអំពើបែបនេះ នឹងត្រូវបានហាមមិនឱ្យឡើងសង្វៀន PNN អស់មួយជីវិតតែម្តង!»។ លោកបាន បន្ថែមថា ធ្វើបែបនេះ គឺដើម្បីរួមចំណែកពង្រឹងធនធានកីឡាករប្រដាល់របស់យើងដើម្បីអាចមានគុណភាពប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ស្របពេលដែលអ្នករៀបចំកម្មវិធិបានផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់តម្លៃខ្លួនខ្ពស់បើធៀបនឹងសង្វៀនដទៃ ហើយប្រាក់រង្វាន់ក៏មានចំនួនច្រើនដែរនោះ។

_MG_0724

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន គោជល់ប្រចាំនៅកម្ពុជា លោក ទិត ភារម្យ បានថ្លែងថា ក្រុមហ៊ុនគោជល់មានក្តីរីករាយក្រៃលែងដែលបានរួមចំណែកក្នុងការចូលរួមក្នុងកម្មវិធីនេះ និងសង្ឃឹមថា បងប្អូនប្រជាជនខ្មែរនឹងចូលរួមទស្សនាឱ្យបានច្រើនដើម្បីលើកកម្ពស់កីឡាជាតិរបស់យើង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ សមរភូមិអ្្នកប្រយុទ្ធ នេះត្រូវបានទូរទស្សន៍ PNN រៀបចំឡើងចំនួន ២ លើករួចហើយ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនកម្ពុជា ហើយសម្រាប់រដូវកាលទី៣នេះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៣ ខែកក្កដា ខាងមុខនេះនៅសង្វៀន PNN ព្រែកព្នៅ ចាប់ពីម៉ោង៤ ដល់ម៉ោង ៦ ល្ងាច ព្រមទាងមានការផ្សាយផ្ទាល់នៅគ្រប់ការប្រកួតរៀងរាល់ថ្ងៃអាទិត្យផងដែរ។

_MG_0677new

ចំពោះកីឡាករកម្ពុជាទាំង ៤ រូបរួមមាន៖ ឡុង សុវណ្ណឌឿន, ពេជ្រ សីហា, សរ រាជសីហ៍ និង ឡេះ តើក។ ចំណែកឯសមាសភាពកីឡាករថៃមានដូចជា៖ Chokdee Sor Thanapetch, Sumaee Sor Weerawan, Thilek Eminen Air និង Inseedang Bangfarm Gym ហើយកីឡាករទាំង ៨រូបនឹងត្រូវប្រកួតវិលជុំនៅរៀងរាល់ចុងសប្តាហ៍សម្រាប់រយៈពេល ៣ ខែ ហើយយោងតាមការរៀបចំកីឡាករនីមួយៗនឹងត្រូវជួបគូប្រកួតជាមួយដៃគូដែលជាជនជាតិខ្មែរ-ថៃ រហូតដល់រកឃើញជើងខ្លាំង ២ រូបចុងក្រោយ ដែលនឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមតំណែងជើងឯកប្រចំារដូវកាល ខណៈដែលជ័យលាភីជើងឯកនឹងទទួលបាន ខ្សែក្រវាត់ ពានរង្វាន់ និងប្រាក់ង្វាន់ចំនួន ២០ លានរៀលរីឯជើងឯករងនឹងទទួលបានប្រាក់រង្វាន់ ១០ លានរៀលផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ