មន្ត្រីភ្នំពេញក្រោន៖ គ្មានការនាំចូលកីឡាករថ្មីពីប្រេស៊ីល និងអាហ្វ្រិកខាងត្បូងទេ!

ភ្នំពេញ៖ ខណៈដែលមានបណ្តាញព័ត៌មានមួយចំនួនបានចុះផ្សាយព្រោងព្រាតអំពីការនាំចូលកីឡាករថ្មីដែលមានសញ្ជាតិប្រេស៊ីល និងអាហ្វ្រិកខាងត្បូងនោះ មន្ត្រីក្លឹបភ្នំពេញក្រោនបានអះអាងថា មិនមានការនាំយកកីឡាករទាំងពីររូបខាងលើមកចូលរួមជាមួយក្រុមជើងឯក ៦សម័យកាលនេះទេ។

យោងតាមប្រភពព័ត៌មានរបស់ក្លឹបភ្នំពេញក្រោនបានបញ្ជាក់ថា៖ «ក្លឹបមិនដែលបានពិចារណា ឬបានជជែកអំពីការនាំយកកីឡាករ ពីររូបដូចដែលមានការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកឡើយ ហើយក្លឹបក៏មិនដែលបានផ្តល់ព័ត៌មានទៅកាន់បណ្តាផេក ឬសារព័ត៌មានដែលមានលក្ខណៈជាពាក្យចចាមអារ៉ាមនោះដែរ។ ជាមួយគ្នានេះ ប្រសិនបើមានកីឡាករចំណូលថ្មីមែននោះ យើងនឹងផ្តល់ព័ត៌មានពិតអំពីវត្តមានរបស់ពួកគេបន្ទាប់ពីក្លឹបបានចុះឈ្មោះពួកគេរួចរាល់ជាស្ថាពរ។»

Tiago-Luís&Samuel-Julies

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ មានការជជែកគ្នាយ៉ាងផុសផុលនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានការលើកឡើងថា ភ្នំពេញក្រោន នឹងនាំយកកីឡាករថ្មីពីររូបដោយម្នាក់ជាជនជាតិប្រេស៊ីលដែលមានឈ្មោះថា Tiago Luís Martins ឬហៅខ្លីថា Tiago Luís និងកីឡាករ Samuel Julies ដែលជាជនជាតិអាហ្វ្រិកខាងត្បូង យ៉ាងណាក៏ដោយ មន្ត្រីភ្នំពេញក្រោនបានច្រានចោលចំពោះព័ត៌មាននេះដោយបានបញ្ជាក់ថា ក្លឹបនឹងជូនដំណឹងជាផ្លូវការប្រសិនបើមានការនាំចូលកីឡាករថ្មីមែននោះ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ