U-16 កម្ពុជា នឹងប្រកួត​មិត្តភាព​​​ជាមួយ U-16 មីយ៉ាន់ម៉ា មុន​ធ្វើម្ចាស់ផ្ទះ AFF U16

 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ១៦ឆ្នាំ (U-16) នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិយុវជនក្រោមអាយុ១៦ឆ្នាំ (U-16) របស់មីយ៉ាន់ម៉ា មុនពេលទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ជម្រើសជើងឯកយុវជនក្រោមអាយុ១៦ឆ្នាំប្រចាំតំបន់អាស៊ាន ឬ AFF U16 Championship 2016 ក្នុងខែកក្កដា ខាងមុខ។

យោងតាមប្រភពព័ត៌មានមកពីប្រទេសមីយ៉ាន់ម៉ា បានសរសេរកាលពីពេលថ្មីៗនេះថាក្រុម U-16 របស់ខ្លួនដែលជាក្រុមជើងឯករងឆ្នាំចាស់ក្នុងព្រឹត្តិការណ៍ AFF U16 Championship 2015 នឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំអន្តរជាតិ ជាមួយម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃពុធ ទី៦ ខែកក្កដា លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។

13439051_1757514704486030_3913726665742959912_n

យ៉ាងណាក្ដីមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់អះអាងថាមានការប្រកួតមិត្តភាពមែន តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយនោះទេហើយក៏មិនទាន់បានកំណត់ពីពេលវេលាប្រកួតនោះដែរ។

យ៉ាងណាក្ដីនេះជាការប្រកួតកម្ដៅសាច់ដុំមុនចូលរួមព្រឹត្តិការណ៍ពានរង្វាន់ AFF U-16 Championship 2016 វិញ នឹងរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដា ឆ្នាំ ២០១៦ ដោយមានក្រុមចំនួន ១១ ជាសមាជិកចូលរួមប្រកួតប្រជែង ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល B ហើយក្រុម U-16 មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល A។

13439228_1757514364486064_2346900437485960697_n

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះក្នុងពូល A មានក្រុមជើងឯករងឆ្នាំចាស់ មីយ៉ាន់ម៉ា អូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសឹង្ហបុរី ស្របពេលពូល B មានម្ចាស់ផ្ទះកម្ពុជា ជើងឯកឆ្នាំចាស់ថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ។

ក្រុម U-16 កម្ពុជា ទើបតែបញ្ចប់បេសកម្មហ្វឹកហាត់រយៈពេល១សប្ដាហ៍នៅប្រទេសថៃហើយអំឡុងពេលហ្វឹកហាត់នៅ រាជធានីបាងកក ក្រុមU-16 កម្ពុជា បានប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន៣លើកក្នុងនោះបានប្រកួតចាញ់ក្រុម Thonburi U-16ដោយលទ្ធផល ២ទល់០ នៅថ្ងៃច័ន្ទ ទី ២០ខែមិថុនា ហើយប្រកួតលើកទី២ បានយកឈ្នះលើក្រុម Chunbory U-16 ដោយលទ្ធផល ៥ទល់១ នៅល្ងាចថ្ងៃពុធ ទី២២ ខែមិថុនា និងចុងក្រោយបានយកឈ្នះក្រុម U-16 ជម្រើសជាតិថៃ នៅថ្ងៃទី២៤ ខែមិថុនា ដោយលទ្ធផល ៣ទល់១៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ