កម្ពុជានឹងបញ្ជូនអត្តពលិកនៃកីឡា ៥ ប្រភេទទៅចូលរួម 8th ASEAN School Games នៅឈៀងម៉ៃ

ភ្នំពេញ៖ កម្ពុជាបានរៀបចំក្រុមប្រតិភូកីឡា និងអត្តពលិកសរុបចំនួន ៣១ នាក់ លើប្រភេទកីឡាចំនួន ៥ ដើម្បីទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី៨ (8th ASEAN School Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ ប្រភេទកីឡាដែលកម្ពុជាចូលរួមមានដូចជា៖ វាយកូនឃ្លីលើតុ, អត្តពលកម្ម ហែលទឹក វាយសីុំ និងវាយកូនបាល់។

8th_ASEAN_School_Games Logo

នៅក្នុងឱកាសសំណេះសំណាលជាមួយប្រតិភូកីឡាដែលនឹងត្រូវតំណាងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ឯកឧត្ដម ស៊ាន បូរ៉ាត បានមានប្រសាសន៍ ផ្ដាំផ្ញើកាន់កីឡាករ-កីឡាការិនី ថា៖ «នេះជាលើកទី ១ ដែលកម្ពុជារបស់យើង បានបញ្ជូនកីឡាសិស្សទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូច្នេះវាជាមោទនៈភាព សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ប្អូនៗដែលជាតំណាងប្រទេសក្នុងចំណោមសិស្ស ជាង ២លាននាក់ នៃប្រទេសកម្ពុជាយើង ដែលចូលរួមប្រកួតតំណាងឲ្យពួកគេក្នុងឆាកអន្តរជាតិ ដូចនេះប្អូនៗត្រូវខិតខំប្រឹងប្រែងដើម្បីនាំមេដាយជូនជាតិ និងគោរពបាននូវវិន័យ ពោលគឺត្រូវចេះគោរពខ្លួនឯង គោរពអ្នកដ៏ទៃ អ្នកដ៏ទៃនឹងផ្ដល់ឲ្យយើងវិញនូវសេចក្ដីស្រលាញ់ ជោគជ័យកាន់តែខ្លាំង ការខិតខំប្រឹងប្រែងយើងក៏ខ្លាំងដែរ»។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានកោតសរសើរផងដែរ ជូនដល់អង្គភាពដែលទទួលបន្ទុកកីឡា (អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ) ដែលបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាលយើងមានសក្ដានុពលក្នុងវិស័យកីឡា។

សូមបញ្ជាក់ថា កម្មវិធី  ASEAN School Games គឺជាព្រឹត្តិការណ៍ប្រកួតកីឡាសម្រាប់សិស្សានុសិស្សក្នុងកម្រិតវិទ្យាល័យ និងមានការចូលរួមពីសំណាក់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោមការរៀបចំឡើងដោយ ASEAN Schools Sports Council (ASSC) ចាប់តាំងពីឆ្នាំ២០០៩ មក។ គិតមកទល់ពេលនេះ ការប្រកួតនេះបានប្រព្រឹត្តិទៅចំនួន ៧លើករួចមកហើយដោយកាលពីលើកទី៧ (ឆ្នាំ២០១៥) ប្រទេសប្រ៊ុយណេបានធ្វើជាម្ចាស់ផ្ទះ និងមានអត្តពលិកប្រមាណជា ៦០០ នាក់បានចូលរួមផងដែរ៕

ASG 04

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ