Smart RSN Youth Competition បញ្ចប់ដោយជោគជ័យខណៈភ្នំពេញក្រោនក្តាប់ពានច្រើនជាងគេ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជន ស្មាត អអេសអិន (Smart RSN Youth Competition) បានបញ្ចប់ដោយភាពជោគជ័យបន្ទាប់ពីបានដំណើរការអស់រយៈកាលជាច្រើនសប្តាហ៍រួចមក ដោយកម្មវិធីប្រគល់ពានជ័យលាភី និងរង្វាន់លើកទឹកចិត្តសម្រាប់ក្រុមនីមួយៗបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា នេះ ដោយមានការចូលរួមពីសំណាក់លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងអាណាព្យាបាលរបស់កីឡាករ-កីឡាការិនី និងសមាជិកនៃក្រុមប្រកួតជាច្រើនផងដែរ។

_MG_0599

ការប្រកួតដែលត្រូវបានបែកចែងជាក្របខណ្ឌយុវជនអាយុក្រោម១៩ឆ្នាំ (U-19) យុវជនអាយុក្រោម១២ឆ្នាំ (U-12) យុវជនអាយុក្រោម១៦ឆ្នាំ (U-16) និងក្រុមបាល់ទាត់នារីនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន និងមានការចូលរួមពីសំណាក់សហគមន៍បាល់ទាត់ ក៏ដូចជាក្លឹបបាល់ទាត់ធំៗមួយចំនួននៅកម្ពុជាដូចជា ក្លឹបបឹងកេតអង្គរ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបក្រសួងការពារជាតិជាដើម។

_MG_0204

ថ្លែងក្នុងឱកាសបិទកម្មវិធីនេះ លោក ឬទ្ធី សំណាង បានលើកឡើងថា៖ «ខ្ញុំសូមអរគុណចំពោះអ្នករាល់គ្នាដែលបានចំណាយពេលចូលរួក្នុងកម្មវិធីនេះ ហើយក៏សូមអរគុណចំពោះបណ្តាដៃគូសហការនានាដែលបានចូលរួមឧបត្ថម្ភគាំទ្រដើម្បីឱ្យការប្រកួតនេះបានដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យនៅពេលនេះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតដើម្បីសុខភាពប៉ុណ្ណោះទេ តែវាគឺជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់យើងឱ្យកាន់តែមានភាពខ្លាំងក្លាដើម្បីឈានទៅរកការពង្រឹងគុណភាព និងសមត្ថភាពក្នុងពេលដែលយើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខ។» ពាណិជ្ជករដែលបានបំពេញការងារយ៉ាងសកម្មក្នុងវិស័យបាល់ទាត់នៅកម្ពុជារូបនេះបានបន្ថែមថា៖ «នៅពេលខាងមុខ យើងសង្ឃឹមថានឹងអាចធ្វើឱ្យកាន់តែល្អជាងនេះ ធំជាងនេះ ហើយនឹងមានការចូលរួមពីក្រុមនៅក្រៅប្រទេសផងដែរ ប៉ុន្តែយើងអាចហៅគេមកបានលុះត្រាតែយើងមានសមត្ថភាពខ្លាំងជាមុនសិន ព្រោះថានៅពេលនេះយើងមានអ្វីៗដែលអាចគ្រប់គ្រាន់សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីទាំងនេះ ដូចជាទីលាន និងសម្ភារៈដទៃទៀត ដូច្នេះអ្វីដែលយើងត្រូវពង្រឹងនោះគឺ គុណភាពនៃកីឡាកររបស់យើង ហើយការប្រកួតតាមកម្រិតអាយុនេះ នឹងអាចជួយឱ្យយុវជនរបស់យើងបានប្រកួតប្រជែង និងអភិឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត»។

_MG_0570

សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួត Smart RSN Youth Competition ក្រុមកីឡាករ និងកីឡាការិនីរបស់ភ្នំពេញក្រោនបានឈរលើលេខរៀងទី១ ក្នុងនាមជាជើងឯកច្រើនជាងគេដោយក្រុមយុវជន U-19 បានគ្រងជើងឯកសម្រាប់់ក្របខណ្ឌនេះបន្ទាប់ពីបានឆ្លងកាត់ការប្រកួតទាំងពីរជើងដោយមិនស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ស្របពេលដែលតំណែងជើងឯកនៃក្របខណ្ឌ U-16 និងក្រុមបាលទាត់នារីក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមកីឡាករ-កីឡាការិនីរបស់ភ្នំពេញក្រោនដែរ។

_MG_0112

ជាមួយនឹងក្តីសង្ឃឹមខ្ពស់ អ្នករៀបចំកម្មវិធីបានសន្យាថា នឹងព្យាយាមធ្វើឱ្យព្រឹត្តិការណ៍នេះ មានភាពល្អប្រសើរ និងធំជាងមុន ហើយនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់បណ្តាក្លឹបបាល់ទាត់អាជីពជាច្រើនទៀតនៅក្នងប្រទេស រួមទំាងបើកទូលាយសម្រាប់សហគមន៍បាល់ទាត់នានាផងដែរ។

_MG_0514

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី១ នេះ កម្មវិធីប្រកួត Smart RSN Youth Competition បានទទួលការឧបត្ថម្ភធំពីក្រុមហ៊ុន Smart Axiata រួមជាមួយក្រុមហ៊ុនភេសជ្ជៈ Revive, Milo និងត្រូវបានដំណើរការជារៀងរាល់ថ្ងៃចុងសប្តាហ៍នៅលើទីលានធំ និងទីលានហ្វឹកហាត់ព្រមទាំងតារាងហ្វូតសាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន៕

_MG_0494

_MG_0530

_MG_0539

_MG_0522

_MG_9165

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ