គ្រូតា សាន គឹមស៊ាន៖ ខ្ញុំនៅតែបន្តផ្សព្វផ្សាយ និងពង្រឹងកីឡាល្បុក្កតោខ្មែររហូតដល់ថ្ងៃស្លាប់!

ភ្នំពេញ៖ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអ្នកដែលបានខិតខំយ៉ាងខ្លាំងក្លាស្ទើរតែពេញមួយជីវិតដើម្បីធ្វើការចងក្រង ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីកីឡាយុទ្ធគុនខ្មែរបូរាណមួយនេះដល់មហាជនខ្មែរ និងនៅលើឆាកអន្តរជាតិផងនោះ បានបញ្ជាក់ថា លោកនឹងនៅតែបន្តកិច្ចការងារផ្សព្វផ្សាយ និងពង្រឹងកីឡាល្បុក្កតោនេះរហូតដល់ថ្ងៃស្លាប់ ដោយមិនដកថយឡើយ។

bokator-grandmaster-lok-kru-san-KimSean-and-son-von-KimSean

មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូតាដែលបានលះបង់ជីវភាពរស់នៅលើទឹកដីមហាអំណាចអាម៉េរិគ និងបានវិលត្រលប់មកស្រុកកំណើតដើម្បីបំពេញការងារដែលខ្លួនស្រលាញ់លើសលប់នេះ ក៏បានលើកឡើងថា លោកមានក្តីប្រាថ្នាចង់ឃើញកីឡានេះបានចុះក្នុងបញ្ជីបេកតិកភ័ណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ខណៈដែលយុទ្ធគុណខ្មែរមួយនេះ រួមជាមួយយុទ្ធក្រមខម និងប្រដាល់សេរី កំពុងតែត្រូវបានថ្នាក់ដឹកនាំកងទ័ពជាតិខ្មែររៀបចំចងក្រងក៏ដូចជាបណ្តុះបណ្តាលដើម្បីបង្កើតជាក្បាច់គុនសំយោគថ្មីមួយ និងត្រូវប្រើប្រាស់ជាក្បាច់គុនផ្លូវការរបស់កងយោធពលខេមរភូមិន្ទផងដែរនោះ។

8005150460_9af7401072

បុរសវ័យជាង ៧០ ឆ្នាំរូបនេះ បានពោលថា៖ «ខ្ញុំចង់ឃើញល្បុក្កតោ បានជ្រាបចូលក្នងជីវភាពរស់នៅ និងផ្នត់គំនិតរបស់ខ្មែរគ្រប់រូប! យើងទាំងអស់គ្នាបានខិតខំយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅនេះ ខ្ញុំពិតជាមោទនភាព នៅពេលដែលបានឃើញកីឡាវប្បធម៌មួយនេះបានរស់រានមានជីវិត និងត្រូវបានទទួលស្គាល់បែបនេះ។ ខ្ញុំនៅតែបន្តធ្វើការងារនេះ រហូត គឺរហូតដល់ថ្ងៃលាចាកលោក!»

13537506_873389722804939_2612548820726960422_n

 

សូមបញ្ជាក់ថា យោងតាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់សំណើរជាថ្មីម្តងទៀតទៅកាន់អង្គការយូណេស្កូនៅឆ្នាំ២០១៧ ដើម្បីសុំដាក់បញ្ចូលកីឡាល្បុក្កតោខ្មែរទៅជាសម្បត្តិបេតតិកភ័ណ្ឌមនុស្សជាតិ បន្ទាប់ពីការស្នើសុំលើកទី១ បានជួបប្រទះនូវកង្វះខាតឯកសាររួមមានភស្តុតាងជាដើមនោះ។ ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំខាងមុខនេះ ល្បុក្កតោក៏ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូលទៅក្នុងកម្មរិធីអប់រំកាយផងដែរ ស្របពេលដែលកីឡានេះក៏នឹងក្លាយជាផ្នែកមួយនៃក្បាច់គុនផ្លូវការសម្រាប់កងទ័ពខ្មែរដែរនោះ៕

 

អត្ថបទ៖ ជីង ឡុង

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ