វគ្គ​សិក្សា​គ្រូ​​បាល់ទាត់​កម្រិត​ខ្ពស់ដែល​រៀបចំ​នៅ​បាទីបញ្ចប់​ដោយជោគជ័យ

ភ្នំពេញ៖ វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់ដែលមានឈ្មោះថា FIFA Advance Coaching Course និងត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទី បានបញ្ចប់ដោយជោគជ័យនៅថ្ងៃសុក្រនេះ។

កម្មវិធីដែលត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នេះបានដំណើរការពេញរយយៈពេល ៤ថ្ងៃ ហើយតាមប្រភពមកពីអ្នករៀបចំកម្មវិធីបានឱ្យដឹងថាវគ្គសិក្សានេះបានរៀបចំចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមិថុនាដោយមានសិក្ខាមចូលរួមចំនួន២៥ នាក់ក្នុងនោះក៏មានសិក្ខាកាមជាជនជាតិបរទេស ២នាក់គឺជនជាតិរ៉ូម៉ានី ១ រូបនិង នេប៉ាល់១ រូប។ ចំពោះសិក្ខាកាមផ្សេងទៀតមានខ្លះមកពីរាជធានីភ្នំពេញនិងខ្លះមកពីតាមបណ្ដាខេត្តនានា។

13530445_1128889827177188_437310318_n

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ បានប្រព្រឹត្តទោក្រោមការបង្ហាត់បង្ហាញពីសំណាក់លោក POULSEN Jan ជាមន្រី្តគ្រូបង្វឹកជនជាតិដាណឺម៉ាក និងលោក WONG Munheng ជាគ្រូជំនួយជនជាតិសិង្ហបុរី។ ប្រភពព័ត៌មានបន្ថែមថាវគ្គសិក្សានេះគឺប្រៀបដូចជាការរំលឹកមេរៀន ឬ បន្ថែមពីចំណុចថ្មីៗក្នុងវិស័យបាល់ទាត់ដល់គូ្របង្វឹកបាល់ទាត់ទាំងអស់។ ប៉ុន្ដែគួរឱ្យសោកស្ដាយដែលគ្រូបង្វឹកក្នុងក្លឹបលីគកំពូលកម្ពុជាមួយចំនួនមិនអាចចូលរួមក្នុងវគ្គសិក្សានេះបានព្រោះជាប់ដៃដឹកនាំក្រុមទាំងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផង និងក្នុងពានរង្វាន់លីគផង។

មិនខុសពីវគ្គគ្រូបង្វឹកដទៃទៀតនោះទេ វគ្គសិក្សានេះក៏មានជាការសិក្សាលើទ្រឹស្ដីក្នុងថ្នាក់រៀន និងតម្រូវឱ្យសិក្ខាកាមចេញអនុវត្តន៍លើទីលានផងដែរ។ ក្រោយបញ្ចប់វគ្គនេះគេរំពឹងថាគ្រូៗទាំងអស់នឹងយកបទពិសោធន៍ថ្មីៗ ទៅអនុវត្តន៍លើកូនក្រុមរបស់ខ្លួនក៏ដូចជាចែករំលែកដល់មិត្តរួមអាជីពដទៃទៀតប្រកបដោយផ្លែផ្កាជាវិជ្ជមាន។

យោងតាមវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសរសេរថា កម្ពុជានៅសល់វគ្គគ្រូបង្វឹកបាល់ទាត់ចំនួន២ទៀតមានគ្រូបង្វឹកអ្នកចាំទី (Goalkeeping) ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា និងវគ្គគ្រូបង្វឹកកម្រិតខ្ពស់ (FIFA Advance Coaching Course) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ