រឿងរ៉ាវ ៥ ​យ៉ាងដែល​អ្នក​គាំទ្រ​គួរ​ដឹង​មុន​ពេល​ភ្នំពេញក្រោន ជួប​ក្រុមប៉ូលីស នៅ​ល្ងាច​នេះ

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី១១ នៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឬ MCL 2016 នៅថ្ងៃនេះមានគូប្រកួតដ៏សំខាន់មួយនៅគឺជាជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមុននឹងការប្រកួតឈានចូលមកដល់ យើងខ្ញុំសូមជម្រាប់ជូនប្រឹិយមិត្តនូវរឿងរ៉ាវចំនួន ៥ ពាក់ព័ន្ធនឹងក្រុមទាំងពីរនេះដែលរួមមានដូចជា៖

១) ព័ត៌មានទូទៅ

គូប្រកួតនេះធ្វើឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ ដោយប្រើប្រាស់ទីលានកីឡដ្ឋាន RSN Stadium ក្នុងរាជធានីភ្នំពេញ ហើយទូរទស្សន៍ BTV News ផ្សាយផ្ទាល់ពីការប្រកួតនេះផងដែរ។ សំបុត្រចូលទស្សនាមានដាក់លក់នៅមុខច្រកចូលទីលានប្រកួតក្នុងតម្លៃ ៣០០០ រៀល និង ៥០០០ រៀល។

២) ជំនួបចុងក្រោយរវាងក្រុមទាំង២គឺគ្មានគ្រាប់បាល់ទាត់បញ្ចូលទីគ្នាទេ

កាលពីជើងទី១ សប្ដាហ៍ទី២ ក្នុងថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) បានប្រកួតស្មើគ្នាជាមួយភ្នំពេញក្រោន ដោយលទ្ធផល ០ទល់០ លើទីលានពហុកីឡដ្ឋានជាតិ។

_MG_7579

៣) កីឡាករដែលងាយបំប៉ោងសំណាញ់ទីគូប្រកួត

ចំពោះម្ចាស់ផ្ទះភ្នំពេញក្រោន ទើបតែទាត់បញ្ចូលទីគូប្រកួតបានចំនួន ១៣ គ្រាប់ប៉ុណ្ណោះត្រឹមសប្ដាហ៍ទី១០ កន្លងទៅនេះ ខណៈគ្រាប់បាល់ទាំងនេះរកបានដោយកីឡាករ Booysen Shane (កំពុងសម្រាកព្យាបាលរបួស) Goerge Kelechi (ផ្ទេរទៅណាហ្គាវើល) និង ឡេង មករា រកបានម្នាក់៣គ្រាប់ កីឡាករ កែវ សុខង៉ន ២ គ្រាប់ កីឡាករវ័យក្មេង ស៊ាន ភីហ្សា និង ប្រធានក្រុម កុក បូរី រកបានម្នាក់១គ្រាប់ដែរ។

ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វិញជាក្រុមដែលទាត់បាល់បញ្ចូលទីគូប្រកួតបានត្រឹម ៩គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួត។ ខ្សែប្រយុទ្ធជនជាតិហ្គាណា Osei Tutu Michaelរកគ្រាប់បាល់ឱ្យក្រុមបាន៣គ្រាប់ម្នាក់ឯង ហើយកីឡាករ នុត ស៊ីនួន និង ទិត្យ ឌីណា រកបាន២គ្រាប់ ខណៈកីឡាករ នួន បូរី និង កីឡាករកូរ៉េខាងត្បូង Lee Jaejing រកបានម្នាក់១គ្រាប់ដែរ។

16

៤) រឿងដែលត្រូវដឹងពីអ្នកចាំទីរបស់ក្រុមទាំងពីរ

អ្នកចាំទី កែវ សុខសិលា របស់ភ្នំពេញក្រោនទើបតែបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមត្រឹមឆ្នាំ២០១៥ កន្លងទៅនោះទេហើយនៅរដូវកាលនោះដែរ គណៈកម្មការពានរង្វាន់លីគកំពូលកម្ពុជាបានសម្រេចផ្ដល់ពានរង្វាន់អ្នកចាំទីឆ្នើមឱ្យរូបគេតែម្ដងស្របពេលរូបគេបានជួយឱ្យក្រុមលើកពានលីគកំពូលកម្ពុជានៅគ្រានោះគម្រប់ជាលើកទី៦ ផងដែរ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ រូបគេត្រូវបានលោក Lee Tae Hoon គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាកោះហៅឱ្យចូលក្នុងក្រុមឈុតធំតែម្ដង ជាមួយរៀមច្បង ស៊ូ យ៉ាទី របស់បឹងកេតអង្គរ និង អ៊ុំ សេរីរ័ត្ន របស់ក្រសួងការពារជាតិ។

ចំណែកអ្នកចាំទី ប្រាក់ មុន្នីភារុណ វិញធ្លាប់ទទួលបានពានរង្វាន់ជាអ្នកចាំទីឆ្នើមប្រចាំឆ្នាំ២០១៣ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយជួយក្រុមរបស់់ខ្លួនឈ្នះជើងឯកជាលើកដំបូងនៅឆ្នាំនោះ។ រូបគេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ជាប្រចាំផងដែរ នាពេលកន្លងមកទាំងក្នុងក្រុម U-19, U-23 និងឈុតធំ។

៥) ភ្នំពេញក្រោន មិនធ្លាប់ចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិទេ

គិតពីប្រវត្តិជួបគ្នាចំនួន ១១ប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា មកពោលគឺគិតចាប់ពីឆ្នាំ២០១១ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ មានកៅអីចូលលេងក្នុងលីគកំពូលកម្ពុជា មកភ្នំពេញក្រោនមិនធ្លាប់បរាជ័យនោះទេ ប៉ុន្ដែក្រុមទាំង២ធ្លាប់ស្មើគ្នាចំនួន ៤ លើកផងដែរ។

ប្រវត្តិជួបគ្នារវាងក្រុមទាំង២ក្នុងពានរង្វាន់ MCL ៖

១. រដូវកាល ២០១១ – ២០១២

  •  ភ្នំពេញក្រោន ២-០ ប៉ូលិស ពហុកីឡដ្ឋាន ជាតិ
  • ភ្នំពេញក្រោន ៥-០ ប៉ូលិស
  • ភ្នំពេញក្រោន ៤-៣ ប៉ូលិស
  • ប៉ូលិស ១-១ ភ្នំពេញក្រោន

២. រដូវកាល ២០១៣

  • ភ្នំពេញក្រោន ១-១ ប៉ូលិស
  • ភ្នំពេញក្រោន ៣-០ ប៉ូលិស

៣. រដូវកាល ២០១៤-២០១៥

  •  ប៉ូលិស ០-១ ភ្នំពេញក្រោន
  • ភ្នំពេញក្រោន ៣-១ ប៉ូលិស
  • ប៉ូលិស ១-១ ភ្នំពេញក្រោន បាទី
  • ភ្នំពេញក្រោន ២-១ ប៉ូលិស RSN

៤. រដូវកាល ២០១៦

  • ប៉ូលិស ០-០ ភ្នំពេញក្រោន ពហុកីឡដ្ឋាន ជាតិ

 

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ