ម៉ន វីរៈ និង សូត្រ ប៊ុនធី អាចជួបសំណាងល្អឬអាក្រក់ក្នុងជំនួបជាមួយថៃ?

ភ្នំពេញ៖ ម៉ន វីរៈ អ្នកប្រដាល់មកពីក្លឹបការិយាល័យទី ៥កងទ័ពជើងគោកនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Phit Ek លើសង្វៀនSEA TV នៅព្រឹកថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ កីឡាករ វីរៈ ដែលមានចរឹកឆេវឆាវបន្តិចមានប្រវត្តិប្រកួតចំនួន១៤០ដង ឈ្នះ១២៥ដង ចាញ់១១ ដង និង ស្មើពិន្ទុ ២ដង។

ក្នុងការប្រកួតនេះប្រសិនបើរូបគេជួបបរាជ័យនោះឱកាសសម្រាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសរបស់គេសម្រាប់លើកក្រោយអាចនឹងកាន់តែលំបាក។ តាមពិតទៅ គេធ្លាប់ជាជើងខ្លាំងមួយរូបតែមកដល់ពេលនេះគេហាក់ដូចជាឆាប់ធ្លាក់កម្លាំងណាស់។ នេះជាការប្រកួតមួយដែល វីរៈ ត្រូវការឈ្នះជាចាំបាច់ព្រោះមួយរយៈនេះគេហាក់ដូចជាមិនសូវមានសំណាងល្អនៅក្នុងការប្រកួតសោះ បើទោះបីជាគេជាអ្នកប្រដាល់មួយរូបដែលមានកលល្បិចល្អ និងវាយចេញរហ័សតែគេចូលចិត្តវាយបន្ថែមលើគូប្រកួតបន្ទាប់ពីអាជ្ញាកណ្ដាលឃាត់ និងនៅពេលគូប្រកួតដួល។ ចំពោះអ្នកប្រដាល់ថៃ Yorth Phit Ek វិញទោះបីស្ថិតិប្រកួតរបស់គេតិចជាងវីរៈក៏ពិតមែនតែមិនទាន់ប្រាកដគេខ្សោយនោះឡើយ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតត្រឹមតែ៧៤ ដង ឈ្នះ៥៩ ដង ចាញ់១៣ ដង និង ស្មើពិន្ទុ២ ដង។

Moan-Vureak-Yorth-Phit-Ek [800x600]

នៅក្នុងថ្ងៃនោះដែរ អ្នកប្រដាល់ សូត្រ ប៊ុនធី មកពីក្លឹបបក្សីស្លាបដែកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Rak Non Lek ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មានប្រវត្តិមកប្រកួតនៅស្រុកខ្មែរឡើយ ដូច្នរបៀបវ៉ៃរបស់គេយ៉ាងណាៗក៏មិនមាននរណាដឹងដែរតែគេមិនមែនជាអ្នកប្រដាល់ខ្សោយនោះទេ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦១ ដង ឈ្នះ៥២ ដង ចាញ់៩ ដង ។ ចំពោះសូត្រ ប៊ុនធីវិញគេបានក្លាយជាអ្នកប្រដាល់ដែលលំបាកបង្ក្រាប ហើយជាមួយនឹងកំពស់របស់គេល្អនោះកែង និងជង្គង់របស់គេតែងតែធ្វើឲ្យគូប្រកួតសន្លប់មុនទឹកទី ៥ ។ ប៊ុនធីមានប្រវត្តិប្រកួតចំនួន៧៤ ដង ឈ្នះ៦៤ ដងចាញ់ ៩ដង និង ស្មើពិន្ទុ១ ដង ដូច្នេះតើ ប៊ុនធី អាចបន្ថែមស្ថិតិឈ្នះ ឬ ក៏បន្ថែមស្ថិតិចាញ់?

Soth-Bunthy-Rak-Non-Lak [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ