ហុក សុជីវ័ន រិះគន់ខ្លាំងៗខណៈភ្នំពេញក្រោនបញ្ជាក់ថាប្រកួតម្សិលមិញជាការរៀបចំរបស់ FFC

ភ្នំពេញ៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្លឹបខេមបូឌានថាយហ្គឺរបានរិះគន់ធ្ងន់ៗ នៅលើ Facebook ផ្ទាល់ខ្លួនដោយបានចាត់ទុកភាពខ្វះចន្លោះរបស់អ្នករៀបចំការប្រកួតម្សិលមិញ ថាជាការមើលងាយអាយុជីវិតកីឡាករ។

គ្រូបង្វឹករូបនេះ បានរិះគន់ធ្ងន់ៗ នៅលើ Facebook ផ្ទាល់ខ្លួនចំពោះមន្ដ្រីរៀបចំការប្រកួតរវាងក្រុមលោក ជាមួយក្រុមក្រសួងការពារជាតិ នៅលើទីលានកីឡដ្ឋាន RSN កាលពីម្សិលមិញថា គឺជាការមើលងាយដល់អាយុជីវិតកីឡាករ ព្រោះមានឡានពេទ្យ តែបែរជាគ្មានសម្ភារៈ និងគ្រូពេទ្យទៅវិញ។ ការលើកឡើងបែបនេះ គឺក្រោយពេលក្រុម Cambodian Tiger ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៤-០ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ កាលពីម្សិលមិញ ។ ប៉ុន្ដែការប្រកួតនេះ នៅចុងតង់ទី២ មានការប៉ះទង្គិចគ្នារវាងអ្នកចាំទី សំរឹទ្ធ សីហា របស់ក្រុម Cambodian Tiger និងកីឡាករ រ៉ឹង ប៊ុនហៀង របស់ក្រុមក្រសួងការពារជាតិហើយ ប៊ុនហៀង បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យ គ្រាដែល សីហា បានទទួលកាតក្រហមភ្លាមៗ។

sport6

លោក ហុក សុជីវ័ន បានសរសេរថា៖ «ថ្ងៃនេះសុំសរសេរម្តងចុះ ថ្នាក់ដឹកនាំការរៀបចំការប្រកួតរវាងក្លឹប Cambodia Tiger Vs ទ័ពដែលលេងនៅទីលានភ្នំពេញក្រោន ពួកអ្នកកំពុងមើលងាយដល់អាយុជីវិតកីឡករពេកហើយ ។ តើមានឡានពេទ្យធ្វើអី បើអត់សម្ភារ:និងគ្រូពេទ្យផង តើយកឡានពេទ្យ មកធ្វើអ្វី នេះបើកីឡាករ យ៉ាងម៉ិចៗ ពួកអ្នកនឹងមានវិប្បដិសារីអស់មួយជីវិត ។ លុយដែលគេឲ្យមករៀបចំតើពួកអ្នកយកធ្វើអ្វីខ្លះ? សុំទោសចំពោះអ្នកស្នេហាបាល់ទាត់កម្ពុជាទាំងអស់ ដែលនៅមានបុគ្គលមួយចំនួននៅមានគំនិតបែបនេះ»។

122211

តបទៅនឹង ការរិះគន់បែបនេះ លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ថា៖ «តាមពិតទៅនេះជាការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទេ ចំពោះបញ្ហានេះយើងបានបញ្ជាក់ទៅកាន់សហព័ន្ធរួចរាល់ហើយ ដោយយើងបានបញ្ជាក់តាំងពីប្រកួតមកថា ដោយសារតែនៅថ្ងៃម្សិលមិញ យើងក៏មានការប្រកួតដែល ដូច្នេះក្លឹបអាចផ្តល់ជូននូវទីលាន និងការរៀបចំប្រព័ន្ធសម្លេងជូន ចំណេកការរៀបចំដទៃទៀតគឺជាបន្ទុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជារួមក្លឹបភ្នំពេញក្រោនគឺជាអ្នកជួយផ្តល់ទីលាន ប៉ុណ្ណោះហើយសម្រាប់ការរៀបចំការប្រកួតគឺស្ថិតក្រោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងអស់សូម្បីតែការលក់សំបុត្រ ក្មេងរើសបាល់ ជាដើមក៏ស្ថិតក្រោមការរៀបចំរបស់ FFC ដែរ។ ដូច្នេះសូមកុំមានការយល់ច្រឡំ ឬមានការចោទប្រកាន់មិនល្អដោយប្រការណាមួយមកលើក្លឹបរបស់យើង។»

ទន្ទឹមជាមួយនឹងការបញ្ចេញសាររិះគន់ធ្ងន់ៗ ពីសំណាក់គ្រូបង្វឹកក្រុមចាញ់នេះដែរ ត្រូវបានលោក សារ៉េត ស៊ីដន ដែលស្នងការប្រកួតនោះបានឆ្លើយតបនៅលើ Comment ថា៖ «សូមបញ្ជាក់ពីបញ្ហានេះ ខ្ញុំតំណាង ស.ប.ក ជាស្នងការប្រកួត នៅការប្រកួតនេះគឺបានរៀបចំពីការសង្រ្គោះ នេះបានល្អិតល្អិតណាស់មុនដំណើរការប្រកួត ហើយសាមីក្លឹបក្រសួងការពារជាតិ ក៌បានសហការគ្នាជាអ្នកសង្រ្គោះបឋមនៅទីនោះ ក្នុងការព្យាបាល និងជូនអ្នកជំងឺ តាមរថយន្តសង្រ្គោះមកកាន់មន្ទីរពេទ្យដោយសុវត្ថិភាពផងដែរ»។

123

ជាមួយនឹងការរិះគន់ ក៏ដូចជាការលើកឡើងបែបនេះ គេទាន់ទទួលបានការបំភ្លឺណាមួយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយទេ ខណៈដែលបណ្តាអ្នកគាំទ្រ រួមទាំងថ្នាកដឹកនាំនៃក្លឹបមួយចំនួនផ្សេងទៀត ព្រមទាំងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផង បានបញ្ចេញមតិរៀងៗខ្លួន ជាក់ស្តែង គណនីមួយដែលមានឈ្មោះថា Khov Chhay បានតបទៅនឹង Comment របស់ សារ៉េត ស៊ីដន ដែលស្នងការប្រកួតនោះថា៖ «លោកសុីដនបានបំពេញតួនាទីបានល្អហើយ។ នេះមិនមែនជាកំហុសរបស់សហពន្ធ័ និងលោកទេ។ ហើយខ្ញុំក៏មិនបន្ទោសម្ចាស់ផ្ទះភ្នំពេញក្រោនដែរ។ ខ្ញុំគ្រាន់តែភ្ញាក់ផ្អើលបន្តិច ដោយសារពីមុនខ្ញុំតែងតែគិតថាភ្នំពេញក្រោនជាក្លិបដែលមានលក្ខខណ្ឌ័ល្អជាងគេ ប៉ុន្តែខ្ញុំទើបតែដឹងថាពួកគាត់ក្រជាងក្លឹបក្រសួងការពារជាតិទៅទៀត។ ខ្ញុំអាណិតក្លឹបគាត់ណាស់ស្អីក៏គ្មានដែរ សូម្បីតែបុគ្គលិកធ្វើការ។»

13522408_1185402854844945_65907878_n

 

អត្ថបទ៖ បុត្រា និងមករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ