គ្រូបង្គោលស្វាយរៀង៖ អត់ខ្វល់រឿងម៉ោងបន្ថែម ព្រោះសល់កូនអុក ២នាក់ទៀត!

ភ្នំពេញ៖ នៅក្នុងការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ ៨ ក្រុមចុងក្រោយកាលពីម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបឹងកេតអង្គរ ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត។ ប៉ុន្ដែលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា បើសិនគ្រាប់ទី២ មិនកើតឡើងនៅចុងម៉ោងទេលោកក៏មិនព្រួយបារម្ភរឿងម៉ោងបន្ថែម ១៥នាទី ២ដងដែរ ព្រោះលោកនៅសល់កីឡាករ ២នាក់ទៀតដែលត្រៀមប្ដូរចូល ដើម្បីស្ដារកម្លាំងរបស់ក្រុមជើងឯកឆ្នាំចាស់នេះ។

លោក សំវ៉ាន់ដេត បានចាត់ទុកជំនួបជាមួយបឹងកេតអង្គរ គឺជាការប្រកួតដ៏តានតឹង ពិសេសគឺក្រោយពេលក្រុមបឹងកេតតាមស្មើ ១-១ នៅដើមតង់ទី២។ ប៉ុន្ដែសំណាងល្អ ដែលបឹងកេតប្រើពេល ៦០នាទីប្ដូរកីឡាករអស់ ៣នាក់ ទើបធ្វើឲ្យព្រះខ័នរាជស្វាយរៀងកាន់តែមានឱកាសស្វែងរកជ័យជម្នះ រហូតដល់នាទី៨៤ ទើបកីឡាករ សារ៉េត គ្រីយ៉ា រកបានគ្រាប់បាល់ឈ្នះតែម្ដង។

13512175_1103435559713187_2249887901796006669_n

យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្គោលក្លឹបរូបនេះ បានបញ្ជាក់ថា បើសិនជាការប្រកួតប្រើពេល ៩០នាទីស្មើគ្នា ក៏លោកអត់ខ្វល់ពីការប្រកួតម៉ោងបន្ថែមដែរ។ «អ្វីដែលខ្ញុំសម្លឹងឃើញច្បាស់នោះ គឺដូចយើងនៅសល់កូនអុកអ៊ីចឹង។ ខ្ញុំនៅសល់កីឡាករ ២នាក់សម្រាប់ដូរ ។ អ៊ីចឹងទោះបីថែមម៉ោង ក៏ខ្ញុំមានកីឡាករគ្រប់គ្រាន់ សម្រាប់ស្ដារកម្លាំងដែរ។ ក៏ប៉ុន្ដែគួរឲ្យស្ដាយកីឡាករគាត់ (បឹងកេត) របួសច្រើនធ្វើឲ្យបឹងកេតចំណាយពេល ៦០នាទីប្ដូរកីឡាករអស់ ៣នាក់។ អ៊ីចឹងបើសិនជាថែមម៉ោង ក៏យើងមានឱកាសយកឈ្នះគាត់ដែរ»។ នេះជាការបន្ថែមរបស់លោក សំ វ៉ាន់ដេត បន្ទាប់ពីការប្រកួតបានបញ្ចប់កាលពីល្ងាចម្សិលមិញ។

_MG_5756

សម្រាប់ក្រុមបឹងកេតអង្គរវិញបានបាត់បង់ឱកាសក្នុងការឡើងទៅប្រកួតបន្តទៀតហើយ ដោយបានធ្លាក់ត្រឹមវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២-១ នៅលើទីលាននៃកីឡដ្ឋានស្តាតចាស់។

គួរបញ្ជាក់ថា នេះក៏ជាឆ្នាំដំបូងហើយ ដែលលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំក្រុមបឹងកេតអង្គរ ធ្លាក់ត្រឹមវគ្គនេះ ក្នុងចំណោមការបរាជ័យ ៤ឆ្នាំកន្លងទៅ (២០១២-២០១៦) លើកលែងតែឆ្នាំ២០១៤ ដែលបឹងកេត ដណ្ដើមបានចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ លាង បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ