កម្ពុជា មានសង្ឃឹមក្នុងការឆ្លងផុតពីក្រុម ៣ ក្នុងព្រឹត្តិការណ៍ Davis Cup ឆ្នាំនេះ

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកីឡាវាយកូនបាល់កម្ពុជាចំនួន ៥ រូប និងគ្រូបង្វឹក ២រូបទៀតនឹងចេញទៅប្រទេសអ៊ីរ៉ង់ដែលជាកន្លែងសម្រាប់ប្រកួតព្រឹត្តិការណ៍ Davis Cup សម្រាប់ក្រុម ៣ ។ កីឡាករកម្ពុជាចំនួន ៥ រូបនោះរួមមានកីឡាករ ប៊ុន កេន្នី, តាន់ នីសាន់, ម៉ម ផល្គុណ, ម៉ម វិទូ និង ឡុង សំនៀង ចំណែកទាំងពីររូបគឺ គ្រូបង្វឹកគឺ ជា ពៅ និង Braen Aneiros ។

លោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដែលលោកមានសង្ឃឹមថាក្រុមកម្ពុជាអាចឡើងមកលេងនៅក្រុម ២ ដែលជាក្រុមខ្លាំងនៅឆ្នាំក្រោយ។ លោកបន្តថាកីឡាករ ម៉ម វិទូ ដែលមកពីអាមេរិក និង តាន់ នីសាន់ ដែលមកពីប្រទេសបារាំងនោះគឺជាដៃគូល្អជាមួយគ្នា។

ជាមួយគ្នានេះដែរ លោកជា ពៅ ដែលជាគ្រូបង្វឹកនោះបានឲ្យដឹងថាសម្រាប់ក្រុម ៣ ឆ្នាំនេះមាន ៩ ប្រទេសដូចជា កម្ពុជា, អ៊ីរ៉ង់, កាតា, ហុងកុង, ទួរម៉េនីស្ថាន, សឹង្ហបូរី, ស៊ីរី, លីបង់, និង ប្រទេសប៉ាស៊ីហ្វិកអូសេអានី ដោយក្រុមនៃតំណាងប្រទេសទាំងនេះនឹងត្រូវចែកចេញជា ៣ ពូល ស្របពេលដែល ក្រុមកម្ពុជាត្រៀមខ្លួនដើម្បីលេងក្នុងវិញ្ញាសាវាយគូ និងឯកត្តជន។

26-story-1_0

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កន្លងទៅក្រុមកម្ពុជាបានលេងនៅក្រុម ៤ ប៉ុន្តែបន្ទាប់ពីទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ដោយនៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Davis Cup ដែលបានធ្វើឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតា នោះ ក្រុមកីឡាករកម្ពុជាបានប្រកួតឈ្នះទាំង៥ប្រកួត ហើយទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងក្រុមលេខ៤។ ចាប់ពីពេលនោះមក ក្រុមនេះក៏បានឡើងមកកាន់ក្រុម ៣ នៅឆ្នាំ២០១៣ ហើយបន្តរក្សាឋានៈលេងនៅក្រុម ៣ នេះរហូតមក។

កីឡាករ តាន់ នីសាន់ ដែលធ្លាប់ដណ្ដើមបានមេដាយសំរិទ្ធពី SEA Games នោះបានត្រឡប់មកជួយក្រុមកម្ពុជាវិញហើយបន្ទាប់ពីបានអវត្តមានមួយរយៈកន្លងមកនោះ ។ ព្រមគ្នានេះកីឡាករឆ្នើម ប៊ុន កេន្នី នៅពេលនេះរបួសដៃរបស់គេក៏បានជាសះស្បើយដែរ ប៉ុន្តែរូបគេមិនអាចធ្វើការហួសកម្លាំងបានឡើយ យ៉ាងណាក៏ដោយ កេន្នី នៅតែជាកីឡាលំដាប់កំពូលមួយរូបដដែល។

សូមបញ្ជាក់ថា អ៊ីរ៉ង់ធ្លាប់បានឡើងទៅក្រុម ២ ដែរប៉ុន្តែបានធ្លាក់មកវិញទើបនៅពេលនេះ ប្រទេសឥស្លាមដ៏ធំមួយនេះបានសុំធ្វើជាម្ចាស់ផ្ទះម្ដងទៀតព្រោះក្រុមនេះលេងល្អនៅលើដីរបស់ខ្លួនឯង ប៉ុន្តែរមែងជួបភាពខកចិត្តនៅពេលលេងក្រៅដី។ សម្រាប់ការប្រកួតនេះដែរ ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និង លេខ២ នៃក្រុម ៣ នឹងទទួលបានសិទ្ធិដើម្បីឡើងទៅលេងនៅក្រុម ២ នាឆ្នាំក្រោយ ហើយ ២ ក្រុមដែលជាប់ចំណាត់ថ្នាក់ក្រោយគេនឹងធ្លាក់ទៅលេងក្រុម៤ វិញ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ