ជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា ត្រៀមអង្រួនសង្វៀនក្នុងជំនួបជាមួយ Phayak Lek

ភ្នំពេញ៖ លើសង្វៀន SEA TV នារសៀលថ្ងៃទី២៥ ខែមិថុនាអ្នកប្រដាល់ឡៅ ចន្ទ្រា នឹងបង្ហាញមុខដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Lak ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេតែគេជាអ្នកខ្លាំងមួយរូបដែលមានប្រវត្តិវ៉ៃមិនធម្មតាឡើយ។ ចំពោះចន្ទ្រាវិញមួយរយៈនេះការប្រកួតរបស់គេក៏តែងតែជួបជ័យជម្នះរហូត។

កីឡាករកែងមុតស្រួច ឡៅ ចន្ទ្រា មានប្រវត្តិប្រកួតចំនួន៧១ ដង ឈ្នះ៦៧ដង ចាញ់៤ ដង។ គេជាអ្នកប្រដាល់ដែលមានកលល្បិចវ៉ៃបានយ៉ាងល្អរហ័សហើយការវ៉ៃចេញរបស់គេចំគោលដៅបានយ៉ាងល្អ មិនតែប៉ុណ្ណោះការការពារក៏ល្អដែរ។ ចំពោះអ្នកប្រដាល់ថៃ Phayak Lak វិញមានប្រវត្តិប្រកួតចំនួន៦៨ ដង ឈ្នះ៥៧ដង ចាញ់១១ ដង ។សម្រាប់ជំនួបមួយនេះទោះបី ចន្ទ្រា ទំនងជាមានឱកាសក្នុងការឈ្នះអ្នកប្រដាល់ថៃក៏ពិតមែន ក៏គេមិនអាចមើលស្រាលបានឡើយ។

Lao-Chantrea-Pha-Yaklek [800x600]

នៅលើសង្វៀនក្នុងថ្ងៃនោះដែរ ចាន់ ស៊ីណាត មកពីក្លឹបនិរោធន៍មានជ័យដែលហាក់ដូចជារងបរាជ័យផ្ទួនៗនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Kamlay Youk ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម។ អ្នកប្រដាល់ Kamlay Youk គឺជាកីឡាករមួយរូបដែលមិនស្រួលបង្ក្រាបនោះទេគេមានផ្លែកែងល្អវាយលុកបានលឿន និងអាចបម្លាស់ទីគេចចេញពីការវាយប្រហារក៏បានលឿនដែរ ហើយមិនឆេវឆាវឡើយ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧២ ដង ឈ្នះ៥៩ដង ចាញ់១៣ដង។

ចំពោះស៊ីណាត វិញគេគឺជាអ្នកប្រដាល់ចិត្តធំតែការវ៉ៃចេញរបស់គេហាក់ដូចជាឆេវឆាវណាស់ពិសេសបន្ទាប់ពីគូប្រកួតវាយត្រូវនោះ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៨ ដង ឈ្នះ៦៨ ដង ចាញ់៨ ដង និង ស្មើពិន្ទុ ២ ដង។ នេះជាការប្រកួតមួយដែលគេជឿថាស៊ីណាតអាចជួបការលំបាកខ្លាំងជាក់ជាមិនខាន៕

Chan-Sinath-Kamlai-Youk [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ