គ្រូបង្គោលស្វាយរៀង៖ កីឡាករមិនជាប់ជម្រើសជាតិ គឺជាក្ដីសង្ឃឹមយកឈ្នះបឹងកេតល្ងាចនេះ

ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងបឹងកេតអង្គរលើវាលស្មៅពហុកីឡដ្ឋានស្ដាតចាស់នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ ដើម្បីប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ ហើយក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តយកឈ្នះរៀងៗខ្លួន ស្របពេលដែលលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងមានសង្ឃឹមលើកីឡាករមិនជាប់ជម្រើសជាតិកម្ពុជា ដើម្បីយកឈ្នះការប្រកួតនេះ។

លោក សំ វ៉ាន់ដេត បានលើកឡើងថា៖ «គុណភាពកីឡាករក្នុងស្រុកជាធម្មតាបឹងកេតមានកីឡាករជាប់ជម្រើសជាតិ ៦នាក់ហើយយើងក៏មាន ៦នាក់ ។ តែអ្វីដែលសំខាន់កីឡាករជម្រើសជាតិនៃក្រុមបឹងកេត សុទ្ធតែជាកីឡាករល្អ។ អ៊ីចឹងបើប្រៀបធៀបសមត្ថភាព ខ្ញុំគិតថាប្រហាក់ប្រហែលគ្នា ។ ប៉ុន្ដែខ្ញុំសង្ឃឹមលើធនធានក្រៅពីជម្រើសជាតិច្រើន ដោយសារពួកគេជាកីឡាករធ្លាប់រួមរស់ជាមួយគ្នា និងយល់ចិត្តគ្នា។ អ៊ីចឹងយើងមានសង្ឃឹមលើកីឡាករមិនមែនជម្រើសជាតិជាងគាត់ (បឹងកេត)» ។

_MG_5259

ទន្ទឹមជាគ្នានេះលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ក៏បានទទួលស្គាល់ផងដែរថា កីឡាករនៃក្រុមព្រះខ័នរាជស្វាយរៀងពិតជាមានសមត្ថភាព និងមានការយល់ចិត្តខ្ពស់លើទីលាន ព្រោះពួកគេធ្លាប់ទទួលបានការបណ្ដុះបណ្ដាលរួមគ្នាតាំងពីក្រុមយុវជនមក ។

យ៉ាងណាមិញលោក សំ វ៉ាន់ដេត នៅតែខ្លាចញញើតក្រុមបឹងកេត ព្រោះក្រុមនេះសម្បូរដោយកីឡាករឆ្នើមៗ ដូចជា ចាន់ វឌ្ឍនាកា, ឃួនឡាបូរ៉ាវី ឬអ្នកចាំទី ស៊ូ យ៉ាទី ជាដើម ។

សូមបញ្ជាក់ផងដែរថា ចំពោះកម្មវិធីប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រនៃពាន Hun Sen Cup ថ្ងៃនេះក្រៅពីក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមបឹងកេតអង្គរ ក៏នៅមាន ៣ប្រកួតផ្សេងទៀត រួមមានក្រុមក្រសួងការពារជាតិ ជួបក្រុម Cambodian Tiger វេលាម៉ោង ៣:៣០នាទី នៅកីឡដ្ឋាន RSN ។ រីឯក្រុមភ្នំពេញក្រោន ជួបក្រុមខេត្តសៀមរាប វេលាម៉ោង ៣:៣០នាទីដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ ហើយមួយប្រកួតទៀតនោះគឺ រវាងក្រុមណាហ្គាវើល និងក្រុមស៊ីម៉ាក់ ក៏ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិផងដែរ នៅម៉ោង ៦ល្ងាចនេះដែរ ៕

_MG_5183

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ