សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជានឹងពិភាក្សា​គ្នា​ពី​ពាន​រង្វាន់​លំដាប់​ទី២ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ

ភ្នំពេញ៖ កាលពីដើមឆ្នាំ២០១៦ កន្លងទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានលើកឡើងពីគម្រោងបង្កើតពានរង្វាន់បាល់ទាត់ថ្មីមួយទៀតដែលហៅថាពានរង្វាន់លំដាប់ទី២ ដែលជាព្រឹត្តិការណ៍ប្រកួតមួយបន្ទាប់ពីព្រឹត្តិការណ៍ដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដង ដោយជំហានដំបូងអនុញ្ញាតឱ្យក្រុមចំនួន ៦ចូលលេងតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ពានរង្វាន់មួយនេះស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយខណៈកាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ញើលិខិតផ្លូវការជូនដល់ក្លឹបនិងភាគីពាក់ព័ន្ធនានាដើម្បីពិភាក្សាគ្នាជុំវិញការបង្កើតពានរង្វាន់ថ្មីមួយនេះនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនៅពហុកីឡដ្ឋានជាតិ។

កន្លងមកយោងតាមប្រភពមកពីមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថាការប្រកួតនេះទំនងជានឹងចាប់ផ្ដើមពីខែកក្កដា តទៅពោលគឺក្រោយពេលចប់យុទ្ធនាការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ (Hun Sen Cup 2016) ព្រោះថាក្រុមជាសមាជិកនៃលីកលំដាប់ទី២ទាំងអស់កំពុងតែមមាញឹកក្នុងពានដ៏ធំមួយនេះ។

_MG_6484

យោងតាមការកំណត់ជំហានដំបូងពានរង្វាន់លីកលំដាប់ទី២នេះជ្រើសរើសយកក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១ តាមមណ្ឌលទាំង៦ ក្នុងពានរង្វាន់ Hun Sen Cup មកចូលរួម។ គិតត្រឹមពេលនេះគណៈកម្មការបានរកឃើញក្រុមទាំង៦នោះហើយមានដូចជា ក្រុមជម្រើសខេត្តកំពង់ស្ពឺលេខ១មកពីពូល A ឬ ហៅថាមណ្ឌលរាជធានី ហើយក្រុមខេត្តស្វាយរៀងលេខ១ មកពីពូល B ឬ មណ្ឌលខាងកើត ស្របពេលក្រុមសៀមរាបអង្គរជាក្រុមលេខ១មកពីមណ្ឌលកណ្ដាល ឬ ពូល C ហើយជម្រើសខេត្តកំពង់ឆ្នាំងជាក្រុមលេខ១មកពីមណ្ឌលខាងលិច ឬ ពូល D ក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុជាជើងខ្លាំងមកពីមណ្ឌលខាងត្បូង ឬ ពូល E និងចុងក្រោយក្រុមខេត្តស្ទឹងត្រែងជាជើងខ្លាំងមកពីមណ្ឌលខាងជើងឬពូលF។

សម្រាប់ព័ត៌មានបន្ថែមយ៉ាងណានោះ គេហទំព័រ CamSports នឹងជម្រាបជូនជាបន្តទៀត បន្ទាប់ពីកិច្ចពិភាក្សានេះបានជជែកគ្នារួចរាល់ហើយ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ