ក្រុមទ័ពបង្ហើប​ពី​មូលហេតុ​ដែល​អាច​នាំ​យក​​ជម្រើស​ជាតិ​​កូរ៉េខាងជើង​មក​រួម​ក្រុម​បាន

ភ្នំពេញ៖ កាលពីចុងសប្ដាហ៍កន្លងទៅក្លឹបបាល់ទាត់ក្រសួងការពារជាតិបានចុះកិច្ចសន្យានាំយកកីឡាករជម្រើសជាតិកូរ៉េខាងជើងចំនួន២រូបបន្ថែមទៀតមកចូលរួមជាមួយក្រុមដើម្បីរក្សាកៅអីកំពូលតារាងនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) ខណៈមានប្រទេសតិចណាស់ដែលកូរ៉េខាងជើងអនុញ្ញាតិឱ្យកីឡាករខ្លួនចេញទៅប្រកបអាជីព។

_MG_2176NEWWWW

លោក ខូវ ឆាយ អ្នកចាត់ការក្រុមរបស់ក្លឹបក្រសួងការពារជាតិធ្លាប់បានលើកឡើងថា៖ «កីឡាករនៅប្រទេសកូរ៉េខាងជើងពិបាកក្នុងការចេញទៅលេងនៅក្រៅប្រទេសណាស់បើប្រទេសមិនមានទំនាក់ទំនងជាមួយប្រទេសគឺមិនអាចបានទេ។ មូលហេតុចម្បងដែលកូរ៉េខាងជើងអនុញ្ញាតឱ្យជនជាតិខ្លួនមកកម្ពុជានោះ គឺព្រោះតែត្រូវបានធ្វើឡើងតាមរយៈទំនាក់ទំនងរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិកូរ៉េខាងជើង ហើយតាមរយៈក្លឹបក្រសួងការពារជាតិ និងសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើង»។

1454262228

អ្នកចាត់ការរូបនេះបានលើកឡើងថា លោកធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង មុននាំយកកីឡាករ Choe Myong-ho និង Kim Kyong-hon ដើមរដូវកាល២០១៦ កន្លងទៅ។ ប៉ុន្តែគិតត្រឹមជុំទី១ ក្លឹបក្រសួងការពារជាតិបានឡើងឈរកំពូលតារាងបណ្ដោះអាសន្នទើបធ្វើឱ្យលោកគិតថាត្រូវបន្ថែមកម្លាំងបរទេសទៀតដើម្បីរក្សាកៅអីកំពូលតារាង។

លោកគិតថាដើម្បីឱ្យមានចង្វាក់លេងជាក្រុមបានល្អកាន់តែខ្លាំងលោកក៏សម្រេចបន្ថែមកីឡាករកូរ៉េខាងជើង ២នាក់ថែមទៀតគឺ Ri Hyok-chol និង Jang Song-hyok។

លោក ខូវ ឆាយ បន្តថា៖ «នេះជាប្រវត្តិសាស្រ្តដែលមានសមាជិកបរទេសជាជម្រើសជាតិគេមកលេងក្នុងលីករបស់យើង ព្រោះប្រវត្តិសាស្រ្តកន្លងមកគឺមិនធ្លាប់មានមកទេនៅកម្ពុជានេះ។ យើងធ្វើបែបនេះព្រោះមានផែនការអភិវឌ្ឍន៍ទាំងក្លឹប និងបាល់ទាត់ជាតិ ដើម្បីបង្កើនកម្រិតលីក ហើយក្លឹបក៏អាចចេញប្រកួតប្រជែងជាមួយប្រទេសជិតខាងយើងបាន»។ លោកបន្ថែមថា៖ «យើងបានចុះកិច្ចសន្យាជាមួយគាត់រហូតដល់ចុងឆ្នាំ២០១៧។ យើងសង្ឃឹមថាកីឡាករថ្មី២នាក់នេះនឹងសហការក្រុមបានល្អជាមួយកីឡាករចាស់ៗក្នុងក្លឹប»។

3

សូមរំលឹកពីសមាសភាពរបស់កីឡាករកូរ៉េខាងជើងថ្មីរបស់ក្រសួងការពារជាតិ គឺកីឡាករ Ri Hyok-chol ដែលត្រូវពាក់លេខ៣៣ ក្នុងនាមជាខ្សែប្រយុទ្ធថ្មីរបស់ក្រសួងការពារជាតិខណៈកីឡាករវ័យ៣០ឆ្នាំរូបនេះបានជាប់ក្នុងជម្រើសជាតិកូរ៉េខាងជើងតាំងពីឆ្នាំ២០០៤មក ដោយបានស៊ុតបាល់បញ្ចូលទីចំនួន៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនជិត២០លើក។ ក្នុងការប្រកួតជម្រុះ World Cup ខ្សែប្រយុទ្ធ Ri Hyok-chol ក៏បានស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ផងដែរ ដោយក្នុងចំណោមនោះគឺ ១គ្រាប់នាជ័យជម្នះ ៤-១ លើថៃ កាលពីឆ្នាំ២០០៤ និង ១គ្រាប់ទៀតក្នុងជ័យជម្នះលើអ៊ូបេគីស្ថាន ៤-២ នៅព្យុងយ៉ាង និង១គ្រាប់នាបរាជ័យ ៣-១ ដោយសារអ៊ូបេគីស្ថានវិញ នៅក្រុង Tashkent កាលពីឆ្នាំ២០១៥។ នាជំនួបវគ្គជម្រុះ ជាមួយហ្វីលីពីនកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ Ri Hyok-chol ក៏ស្ថិតក្នុងជម្រើសដំបូងរបស់កូរ៉េខាងជើងផងដែរ។ ចំណែកកីឡាករ Jang Song-hyok វិញអាយុ២៥ឆ្នាំបានលេងឲ្យក្លឹប Rimyongs Sports Club ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ មុនមកដល់កម្ពុជា។ កីឡាករ Song-hyok ជាសមាជិកឈុត U-20 World Cup របស់កូរ៉េខាងជើងកាលពីឆ្នាំ២០១១ កន្លងទៅ៕

1 (3)

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ