Hun Sen Cup: ក្រុមទ័ពប្រយ័ត្នប្រយែងខ្លាំងក្នុងជំនួបជាមួយខេមបូឌានថៃហ្គឺរនៅថ្ងៃពុធនេះ

ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានលើកឡើងថា ក្រុម Cambodian Tiger គឺជាគូប្រជែងដ៏សំខាន់ នៅក្នុងជំនួបវគ្គ ១/៤ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ នាថ្ងៃពុធ ទី២២ ខែមិថុនានេះដែលកូនក្រុមរបស់លោកមិនអាចធ្វេសប្រហែសបានឡើយព្រោះធនធានកីឡាករក្នុងស្រុករបស់ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។

លោកបានបញ្ជាក់ថា ក្រសួងការពារជាតិ បានដាក់គោលដៅដណ្ដើមតំណែងជើងឯករដូវកាលថ្មីនេះឲ្យបាន ប៉ុន្ដែឈានដល់វគ្គ ១/៤ផ្ដាច់ព្រ័ត្រក្រុមនីមួយៗ សុទ្ធតែមានសមត្ថភាពមិនអាចមើលរំលងបានឡើយ ជាក់ស្ដែងក្រុម Cambodian Tiger នេះជាដើម។ ថ្វីត្បិតក្រសួងការពារជាតិ ទើបតែយកឈ្នះ ២-១ ក្នុងជំនួបជើងទី១ នៃលីកកំពូលកម្ពុជា(MCL) ប៉ុន្ដែការជួបគ្នាក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រនៃពាន Hun Sen Cup វានឹងមានភាពតានតឹងខ្លាំងសម្រាប់ក្រុមលោក។

_MG_2176NEWWWW

គ្រូបង្វឹកដឹកនាំកូនក្រុមឈរកំពូលតារាងពូលBនេះ បាននិយាយថា៖«ការឈ្នះក្នុងលីកគឺក្រុមទាំងពីរប្រើប្រាស់កីឡាករបរទេសប៉ុន្ដែជួបគ្នានៅពានសម្ដេច គឺមានតែកីឡាករក្នុងស្រុក។ សម្រាប់ក្រុម Cambodian Tiger មានធនធានកីឡាករក្នុងស្រុកល្អហើយចេះលេងយល់ចិត្តគ្នានៅលើទីលាន ។ នេះជាចំណុចខ្លាំង ដែលខ្ញុំត្រូវពង្រឹងកូនក្រុមខ្ញុំ ហើយមិនអាចមើលងាយគូប្រកួតបានឡើយហើយលទ្ធផល ទាល់តែប្រកួតចប់ ៩០នាទីទើបដឹង ខ្ញុំមិនហ៊ានទស្សន៍ទាយទុកមុនទេ» ។

ចំពោះកម្មវិធីប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រនាថ្ងៃទី២២ ខែមិថុនានេះ គឺមាន ៤គូ ក្នុងនោះក្រុមក្រសួងការពារជាតិ ជួបក្រុម Cambodian Tiger, ក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមបឹងកេតអង្គរ, ក្រុមភ្នំពេញក្រោន ជួបក្រុមជម្រើសខេត្តសៀមរាប និងក្រុមណាហ្គាវើលជួបក្រុមស៊ីម៉ាក់។ ការប្រកួតនេះ នឹងអនុវត្តតាមរូបមន្ដចាញ់ធ្លាក់ ដើម្បីចម្រាញ់យកជើងខ្លាំង ៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

_MG_9652newwww

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ