ចាន់ វឌ្ឍនាកា នាំមុខ​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong Ho ក្នុង​បញ្ជី Top Scorer

ភ្នំពេញ៖ គ្រាប់បាល់ ២គ្រាប់ក្នុងជ័យជម្នះរបស់ក្រុមបឹងកេតអង្គរ លើក្រុមអាស៊ីអឺរ៉ុប ក្នុងចំណោមគ្រាប់បាល់ទំាង៥គ្រាប់កាលពីម្សិលមិញនេះ បានជួយឱ្យកីឡាករ ចាន់ វឌ្ឍនាកា ម្ចាស់ស្បែកជើងមាសឆ្នាំចាស់បានវ៉ាដាច់កីឡាករជនជាតិកូរ៉េខាងជើង Choe Myong Ho របស់ក្រុមក្រសួងការពារជាតិ ជាបណ្ដោះអាសន្នសិនគិតត្រឹមសប្ដាហ៍ទី១០ ក្នុងបញ្ជីអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ (Top Scorers) នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) រដូវកាលឆ្នាំ២០១៦។

Chan_Vathanaka_and_his_Golden_Boot_from_2015

គ្រាប់បាល់សរុបរបស់ ចាន់ វឌ្ឍនាកា បានឡើងដល់ ១៥គ្រាប់ម្នាក់ឯង ស្របពេលកីឡាករ Choe Myong Ho រកបាន ១៤គ្រាប់ដដែលព្រោះជំនួបរវាងក្រសួងការពារជាតិ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរូបគេមិនបានចូលលេងនោះទេ ដោយសារតែជាប់ពិន័យកាតលឿង ២ដង (កាតលឿង ២ដងត្រូវអវត្តមាន១ប្រកួត)។

choe

ក្នុងចំណោមគ្រាប់បាល់ទាំង ១៥គ្រាប់របស់កីឡាករ ចាន់ វឌ្ឍនាកា បានទាត់ចូលទីគូប្រកួតចំនួន ១៣គ្រាប់កាលពីជុំទី១ និង ២គ្រាប់ក្នុងសប្ដាហ៍ទី១០ ដែលជាសប្ដាហ៍ទី១ នៃជុំទី២។ គ្រាប់បាល់ចំនួន ១៥ របស់ម្ចាស់ស្បែកជើងមាសឆ្នាំចាស់រូបនេះបានមកពីការទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣គ្រាប់ អាស៊ីអឺរ៉ុប ២គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់ ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ១គ្រាប់ ចូលទីក្រុមណាហ្គាវើល ១គ្រាប់ និងចុងក្រោយជុំទី២នេះបានទាត់ចូលទីក្រុមអាស៊ីអឺរ៉ុប ២គ្រាប់។ ក្រៅពីកីឡាករ ២រូបខាងលើដែលរកគ្រាប់បាល់បានច្រើនជាងគេ គេក៏សង្កេតឃើញកីឡាករ Kipson របស់ព្រះខ័នរាជស្វាយរៀង ក៏រកបាន ៩គ្រាប់តាមពីក្រោយ ខណៈកីឡាករ Okereke Timothy របស់មជ្្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រកបាន៨ គ្រាប់ហើយកីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺរ និងកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គររកបានម្នាក់ ៧គ្រាប់តាមពីក្រោយផងដែរ។

ដូច្នេះ រវាង ចាន់ វឌ្ឍនាកា និង Choe Myong Ho តើម្នាក់ណាដែលអាចដណ្ដើមបានស្បែកជើងមាសនៅរដូវកាលនេះ? ឬអាចនឹងបានទៅកីឡាករដទៃ?

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ