កម្ពុជា កំពុងរង់ចាំ​ចម្លើយ​យល់​ព្រម​ពី​សិង្ហបុរី អំពីជំនួប​មិត្តភាព​​អន្តរជាតិ​នៅ​​ខែ​សីហា

ភ្នំពេញ៖ សារព័ត៌មានអនឡាញ Straitstimes របស់ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗ បានចេញផ្សាយថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្ញើលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទាត់របស់ខ្លួនដើម្បីស្នើសុំប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅអំឡុងខែសីហា ខាងមុខនេះ ដែរជាការត្រៀមខ្លួនក្នុងការប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 ខាងមុខ។

ប្រភពខាងលើបានបន្ថែមថា ការប្រកួតមិត្តភាពអន្តរជាតិដែលកម្ពុជាស្នើសុំនេះគឺនឹងធ្វើនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ព្រមទាំងមានគម្រោងប្រកួតនៅអំឡុងខែសីហា ខាងមុខនេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ គេហទំព័រ Straitstimes បានស្រង់សម្ដីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា៖«យើងបានផ្ញើលិខិតអញ្ជើញទៅកាន់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី អំពីការអញ្ជើញមកប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ប្រហែលជាជិត ២ សប្ដាហ៍ហើយ។ យើងនៅតែរង់ចាំការចម្លើយពីខាងសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីពីព្រោះខាងគេនៅមិនទាន់ច្បាស់នៅឡើយអំពីថ្ងៃប្រកួត។ មកទល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីខាងគេនៅឡើយទេ»។

សូមបញ្ជាក់់ថា ក្រុមទាំងពីរមានប្រវត្តិជួបគ្នា ៥ដងហើយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះ២ដងធ្វើឡើងនៅឆ្នាំ២០១៥ កន្លងទៅក្នុងវគ្គជម្រុះពូល E ជុំទី២នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Russia) ប្រចាំតំបន់អាស៊ីដែលជាលទ្ធផលឃើញថាក្រុមសិង្ហបុរី បានយកឈ្នះកម្ពុជា ទាំងពីរលើក ក្នុងលទ្ធផល ៤ ទល់ ០ ក្នុងជើងទី១ នៅរាជធានីភ្នំពេញ និង លទ្ធផល ២ទល់១ ក្នុងទឹកដីសិង្ហបុរី។

10714036_10152843550913255_7969715229948298600_o_0_0

សរុបអតីតកាលវិញ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចំនួន១៦លើក ក្នុងនោះក្រុមកម្ពុជា ធ្លាប់ឈ្នះសិង្ហបុរីតែមួយលើកប៉ុណ្ណោះ គឺនៅឆ្នាំ១៩៧២ ដោយលទ្ធផល ៣ទល់០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្រៅពីនោះសិង្ហបុរី ឈ្នះកម្ពុជា រហូតដល់ ១៣លើក និងធ្លាប់ស្មើគ្នា២លើក ផងដែរ។

គម្រោងនៃការប្រកួតមិត្តភាពនេះ ត្រូវបានរៀបចំឡើងក្រោយពីក្រុមជម្រើសជាតិកម្ពុជា ទើបតែទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះជុំទី២ នៃពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC Asian Cup 2019 UAE) ក្រោយយកឈ្នះលើក្រុមឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយលទ្ធផលទាំង២ជើង ៤ទល់២ កាលពីដើមខែមិថុនាកន្លងទៅ។ ក្នុងពេលនេះ ក្រុមជម្រើសជាតិកម្ពុជាត្រូវបានរំសាយមួយរយៈដើម្បីផ្ដល់ឱកាសឱ្យកីឡាករបានចូលរួមជាមួយក្លឹបរៀងៗខ្លួន ប៉ុន្ដែក្នុងពេលឆាប់ៗជម្រើសជាតិនឹងប្រមូលផ្ដុំវិញដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Suzuki Cup2016 នាខែតុលា ខាងមុខ៕

13321895_1751649785072522_1604181490644285064_n

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ