ឃឹម ឌីម៉ា ឬ ផល សោភ័ណ្ឌ ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវស្អែកនេះ?

ភ្នំពេញ៖ នាគខ្មៅរូបស្រស់រាងសង្ហា ឃឹម ឌីម៉ា សិស្សគុននៃក្លឹបរស្មីភូមិគាប មកពីខេត្តបន្ទាយមានជ័យ នឹងត្រូវជួបអ្នកលេងចិត្តធ្ងន់ ផល សោភ័ណ្ឌ លើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃទី១៩ ខែមិថុនាស្អែកនេះ ដែលជាជំនួបវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវាត់ខារ៉ាបាវជំនាន់ទី២ បន្ទាប់ពីជើងខ្លាំងទាំងពីរ បានផ្ដួលគូប្រកួតរៀងៗខ្លួននៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីពេលថ្មីៗកន្លងទៅរួចមក។

Dima Vs Sophorn (3)

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងជើងខ្លាំងវ័យក្មេងទាំងពីរនេះ គឺជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រវិស័យកីឡាប្រដាល់ ប៉ុន្ដែមិនមានការទស្សន៍ទាយមុនថា កីឡាករ ឃឹម ឌីម៉ា ឬ ផល សោភ័ណ្ឌ មានប្រៀបជាងគ្នាក្នុងការប្រកួតនេះឡើយ ដោយសារពួកគេសុទ្ធតែកីឡាករជួរមុខរបស់កម្ពុជា ហើយថែមទាំងមានបទពិសោធន៍និងបច្ចេកទេសប្រកួតលើសង្វៀនមិនធម្មតាផងដែរ។

នាគខ្មៅ ឃីម ឌីម៉ា គឺជាកីឡាករវ័យក្មេង តែពោរពេញដោយបទពិសោធន៍នៅលើសង្វៀន ហើយកេរ្ដិ៍ឈ្មោះរបស់គេត្រូវបានអ្នកគាំទ្រវិស័យកីឡាប្រដាល់ស្គាល់យ៉ាងច្បាស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការផ្ដួលគូប្រកួតជាបន្ដបន្ទាប់ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេសជាច្រើន។ លើសពីនេះគេថែមទាំងធ្លាប់ឡើងសង្វៀនប្រយុទ្ធដាក់ទ្រុងនៃព្រឹត្តិការណ៍អន្ដរជាតិថែមទៀតផង ។

DSC_5113

ក៏មិនខុសគ្នាប៉ុន្មានដែរ សម្រាប់កីឡាករសិស្សគុនក្លឹបតាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ ក៏ជាអ្នកប្រយុទ្ធម្នាក់ដែលមានបទពិសោធន៍ប្រកួតទាំងក្បាច់គុនបុរាណខ្មែរសេរី និងសាកល ជាមួយនឹងទម្ងន់ដៃដ៏ធ្ងន់គួបផ្សំនឹងភាពវ៉ៃឆ្លាតក្នុងការប្រើកណ្ដាប់ដៃ កែង និងជង្គង់ផងដែរ។

fea-sophon

និយាយជារួម អ្នកទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នាហើយកន្លងមកក៏ធ្លាប់ជួបគ្នាដែរ ដោយលទ្ធផលមានឈ្នះ និងចាញ់ទៅវិញទៅមក ប៉ុន្ដែលទ្ធផលជាក់ស្ដែងយ៉ាងណានោះ នឹងដឹងនៅក្នុងការប្រកួតនាវេលាម៉ោង ៦ល្ងាចស្អែក លើសង្វៀនបាយ័នស្ទឹងមានជ័យជាក់ជាមិនខាន។ ជាពិសេសដើម្បីអបអរសាទរជំនួបវគ្គផ្ដាច់ព្រ័ត្ររវាង ឃីម ឌីម៉ា និងផល សោភ័ណ្ឌខាងលើនេះគណៈកម្មការផ្គូរផ្គូងគូប្រកួតប្រចាំប៉ុស្ដិ៍បាយ័ន បានរៀបចំគូមិត្តភាពអន្ដរជាតិចំនួន ២គូបន្ថែមទៀត គឺកីឡាករកម្ពុជា ឈឿន ឆៃដែន នឹងត្រូវប៉ះកីឡាករថៃ Kaophong Chaiphum និងអ្នកលេងខ្លាចាស់ ម៉ឺន សុភា ក៏នឹងជួបកីឡាករ Watcharalek Or.Kwanmueng មកពីប្រទេសថៃដូចគ្នា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ