រិទ្ធ មុន្នី ប្រកាសឡើងវ៉ៃសងសឹកសងសឹកជាមួយ វ៉ាន់ ចាន់វ៉េត ជំនួសមិត្តរួមក្លឹប

ភ្នំពេញ៖ អ្នកប្រដាល់ រិទ្ធ មុន្នី មកពីក្លឹបម្កុដរាជសីហ៍ បានប្រកាសឡើងវ៉ៃសងសឹកជាមួយអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត មកពីក្លឹបគីសែមានរិទ្ធជំនួសមិត្តរួមក្លឹបរបស់ខ្លួន ឈិន ក្វាន់ង៉ុយ នៅលើសង្វៀន SEA TV នៅយប់ថ្ងៃទី១៩ ខែមិថុនានេះ។ កីឡាករ មុន្នី មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ដោយគេមានភាពរហ័សរហួនណាស់ ទោះបីជាការវ៉ៃចេញរបស់គេស្រាលក៏ពិតមែនប៉ុន្តែការវ៉ៃចេញចំគោលដៅបានល្អ មិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះមានចលនាចល័តបានលឿនមិនងាយនរណាវ៉ៃគេត្រូវនោះឡើយ។ ចំពោះ ចាន់វ៉េត វិញគឺជាអ្នកប្រដាល់មុខរឹងដែលវ៉ៃចេញធ្ងន់តែគេហាក់ដូចជាមិនសូវវាងវៃក្នុងការប្រកួតឡើយព្រោះពេលខ្លះគេផ្តល់កាដូមុខឲ្យគូប្រកួតវ៉ៃលេងទទេៗតែស្មារតីរបស់អ្នកប្រដាល់រូបនេះល្អ និងមានអំណត់ខ្ពស់។

Rith-Mony-Van-chanveth [800x600]

តាមការពិត មុន្នី គឺជាអ្នកប្រដាល់ជើងចាស់ស្រករគ្នាជាមួយនឹងចាន់វ៉េតដែរប៉ុន្តែគេបានដើរចេញពីសង្វៀនមួយរយៈទៅហើយទើបតែពេលនេះទើបគេបានត្រឡប់មកកាន់រេញប្រកួតវិញ យ៉ាងណាក៏ដោយការវិលត្រឡប់មកវិញនេះ រូបគេច្រើនតែជួបជោគជ័យច្រើនជាងបរាជ័យ ។ ដូច្នេះ ចាំមើលថា តើមុន្នីអាចសងសឹកជំនួសមិត្តរួមក្លឹបបានសម្រេចឬទេ?

នៅក្នុងយប់នោះដែរកីឡាករ ញ៉េ សិទ្ធ នៅក្លឹបអេភូថងកីឡាដែលបានបាត់មុខមួយរយៈហើយនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំង ម៉ន ព្រំម៉ាញ របស់ក្លឹបការិយាល័យទី ៥កងទ័ពជើងគោក។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបគ្នា។ ពួកគេជាអ្នកប្រដាល់ចិត្តធំមានចលនាវ៉ៃចេញរហ័សដូចគ្នាតែភាពអំណត់របស់ព្រំម៉ាញខ្លាំងជាងញ៉េ សិទ្ធ  ទន្ទឹមនឹងនេះដែរ មជ្ឈដ្ឋានអ្នកនិយមកីឡាប្រដាល់គុនខ្មែរ បានវាយតម្លៃថា នៅក្នុងការប្រកួតនេះប្រសិនបើញ៉េ សិទ្ធ វ៉ៃ ព្រំ ម៉ាញ មិនសន្លប់មុនទឹកទី ៥ ទេនោះគេអាចលំបាកហើយព្រោះព្រំ ម៉ាញ អាចវាយលុកបាន ៥ ទឹកដោយគ្មានបញ្ហាឡើយ៕

Um-Chamroeun-Phat-Serisk [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ