U-16 កម្ពុជាត្រៀម​ចេញ​ទៅ​ហាត់​នៅ​​ថៃ​​មុន​ធ្វើ​ម្ចាស់​ផ្ទះ​ជើង​ឯក​ប្រចាំ​តំបន់​​អាស៊ាន

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U-16) នឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅប្រទេសថៃ រយៈពេល១សប្ដាហ៍ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះដើម្បីពង្រឹងសមត្ថភាពត្រៀមទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន ឬ AFF U-16 Championship 2016 ក្នុងខែកក្កដា ខាងមុខនេះ។

1061

ក្រុមនេះនឹងធ្វើដំណើរក្រោមការដឹកនាំរបស់លោក Inoue Kazunori ជាគ្រូបង្វឹកជនជាតិជប៉ុន, លោក គឹម ភក្ដី, លោក ឡុង រិទ្ធា ជាគ្រូជំនួយ និងលោក ប្រាក់ វណ្ណី ជាគ្រូអ្នកចាំទី។ ចំណែកសមាសភាពកីឡាករនៅមិនទាន់បង្ហើបឱ្យដឹងនៅឡើយនោះទេ។

សូមបញ្ជាក់ថា ក្រុម U-16 កម្ពុជា ធ្លាប់បានចេញទៅហ្វឹកហាត់ និងប្រកួតនៅទីក្រុងហាណូយ ប្រទេសវៀតណាមរយៈពេល១សប្ដាហ៍ម្ដងរួមចមកហើយ ចាប់ពីថ្ងៃទី១០ នេះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។ អំឡុងពេលនោះដែរ ក្រុម U-16 កម្ពុជា បានប្រកួតស្មើគ្នាជាមួយក្រុម U16 Viettel FC ដោយលទ្ធផល ២ទល់២ តែចាញ់ក្រុម Hanoi T&T របស់ទីក្រុងហាណូយ ដោយលទ្ធផល ៤ទល់២ និងចុងក្រោយយកឈ្នះក្រុម U15 Academy ដោយលទ្ធផល ៩ទល់០ វិញ។

14

ងាកមកពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៦ឆ្នាំប្រចាំតំបន់អាស៊ាន (AFF U-16 Championship 2016) វិញគឺនឹងត្រូវរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ដោយមានក្រុមចំនួន ១១ ជាសមាជិកចូលរួមប្រកួតប្រជែង ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល B។ យោងតាមការចាប់ឆ្នោតកន្លងទៅ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ានមួយនេះក្នុងពូល A មានក្រុមជើងឯករងឆ្នាំចាស់ មីយ៉ាន់ម៉ា អូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសឹង្ហបុរី ស្របពេលពូល B មានម្ចាស់ផ្ទះកម្ពុជា ជើងឯកឆ្នាំចាស់ថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ដោយឡែកប្រទេសឥណ្ឌូណេស៊ីមិនទាន់អាចចូលរួមព្រឹត្តិការណ៍នេះបាននៅឡើយនោះទេព្រោះស្ថិតនៅក្នុងការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅឡើយ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ