គ្រូបង្វឹកកម្ពុជា ២០នាក់ ទទួលបានវិញ្ញាបនប័ត្រពីសហព័ន្ធកីឡាវាយសីអាស៊ី

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិត (១) ដែលបានសហការជាមួយនឹងសហព័ន្ធកីឡាវាយសីអាស៊ី (BAC) អស់រយៈពេល១០ថ្ងៃ រួចមក។

លោក Sam Benthan ដែលសហព័ន្ធកីឡាវាយសីអាស៊ី (BAC) បានបញ្ជូនមកកម្ពុជានោះ បានមានប្រសាសន៍ថា៖ «ឆ្លងកាត់ការផ្លាស់ប្ដូរបទពិសោធន៍ជាមួយសិក្ខាកាម ជាគ្រូបង្វឹកកីឡាវាយសីកម្ពុជាជាង១០ថ្ងៃមកនេះ ឃើញថា សិក្ខាកាមម្នាក់ៗ ពិតជាមានការខំប្រឹងហើយមួយរយៈចុងក្រោយនេះ វិស័យកីឡាវាយសីកម្ពុជាពិតជារីកចម្រើនមែន។»

IMG_7230

លោកសង្ឃឹមថា នៅថ្ងៃអនាគតកីឡាវាយសីកម្ពុជា នឹងធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំង បើសិនថ្នាក់ដឹកនាំសហព័ន្ធ និងមន្ដ្រីជំនាញបន្ដការខិតខំបែបនេះទៀត។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកកម្ពុជាបានថ្លែងថា៖ «តាមរយៈការប្រឹងប្រែងកន្លងមកគឺទទួលបានផ្លែផ្កាយ៉ាងល្អ ជាមួយនឹងការសម្រេចបានសមិទ្ធផលផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ កត្តានេះហើយដែលធ្វើសហព័ន្ធកីឡាវាយសីអាស៊ី កោតសរសើររហូតបញ្ជូនមន្ដ្រីជំនាញមកជួយកម្ពុជាជាបន្ដបន្ទាប់ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡា វាយសីកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។»

IMG_7248

លោកបានបញ្ជាក់ថា៖ «ស្របតាមទិសដៅប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់សហព័ន្ធមួយ ត្រូវឈ្នះមេដាយ មាស១ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ SEA Games 2023 មិនមែនដល់ឆ្នាំនោះ បានខំប្រឹងទេ គឺត្រូវពង្រឹងពីឥឡូវទៅ ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករវ័យក្មេងនិងរៀបចំការប្រកួតនានា ដើម្បីបង្កើនសមត្ថភាព ទើបយើងមានលទ្ធភាពដណ្ដើមមេដាយជូនជាតិបាន»។

IMG_7238

ជាមួយនឹងការបញ្ចប់វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតខ្ពស់នេះដែរលោក លី កុសល បានស្នើឲ្យគ្រូបង្វឹកទាំងអស់ត្រូវផ្ទេរចំណេះដឹងឲ្យចំគោលដៅ និងចូលរួមតាមដានការវិវត្តន៍តាមក្លឹប ឬសមាគមកីឡាវាយសីនានា ដើម្បីទទួលបានប្រសិទ្ធការងារជាពិសេសប្រសិនក្លឹប ឬសមាគមជួបការខ្វះខាតបច្ចេកទេស សម្ភាៈ ឬគ្រូ ក៏អាចស្នើមកសហព័ន្ធ ដើម្បីសម្រួលជូនផងដែរ៕

IMG_7257

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ