អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា នឹងសាកកម្លាំងជាមួយ Den Sayam នៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ អ្នកប្រដាល់ ឡៅ ចិត្រា មកពីក្លឹបកងទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Den Sayam ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៅព្រឹកថ្ងៃទី១៩ ខែមិថុនាខាងមុខនេះលើសង្វៀន SEA TV ។

នេះជាជំនួបរវាងអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងទម្ងន់ស្រាលដូចគ្នា ។ ចិត្រាដែលជាប្អូនរបស់ជើងខ្លាំង ឡៅ ចន្ទ្រា និងឡៅ ស៊ីណាត ដែលគេនិយមហៅថាអ្នកប្រដាល់ត្រកូលឡៅនោះបើទោះបីជាកម្លាំងរបស់គេនៅស្ទើរបន្តិចប៉ុន្តែបច្ចេកទេសរបស់គេល្អមិនចាញ់រៀមច្បងឡើយ ។ ជាអ្នកប្រដាល់ដែលមានចិត្តធំ ក្លាហាន និងមានកលល្បិចក្នុងការវាយលុកសត្រូវច្រើន ជាពិសេសជង្គង់ កែង និង កណ្ដាប់ដៃ គឹជាអាវុធដែលគេតែងតែប្រើដោយជោគជ័យក្នុងការផ្ដួលគូប្រកួតនាពេលកន្លងមក។ អ្នកប្រដាល់រូបនេះទើបតែមានប្រវត្តិប្រកួតចំនួន ២១ដងប៉ុណ្ណោះដែលក្នុងនោះគេបានទទួលជ័យជំនះ១៥ដង ចាញ់ ៤ ដង និងស្មើពិន្ទុ ២ ដង ។

Lao-chetra-Den-Sayam [800x600]

ចំពោះអ្នកប្រដាល់ថៃ Den Sayam វិញគេក៏ជាអ្នកប្រដាល់វ័យក្មេងដែលមានចិត្តធំដែរ ។ កលល្បិចរបស់អ្នកប្រដាល់រូបនេះមិនអន់ជាងចិត្រានោះទេគ្រាន់តែនៅពេលប្រកួតគេមិនសូវចូលចិត្តវាយសម្រុកទាំងបំពានប៉ុណ្ណោះ។ Den Sayam មានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ២៧ដង ចាញ់៨ដង និងស្មើពិន្ទុ ២ ដង ។ សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែមានឱកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។

នៅក្នុងថ្ងៃនោះដែរ កីឡាករ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phat Sarisk ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ ចំពោះ ចំរើនមួយរយៈនេះបានទទួលជ័យជំនះជានិច្ច បើទោះបីគេមិនមែនជាអ្នកប្រដាល់ចិត្តធំមែនប៉ុន្តែការវ៉ៃចេញរបស់គេល្អ និងមានប្រសិទ្ធិភាពហើយកណ្ដាប់ដៃគឺជាអាវុធដ៏មានប្រសិទ្ធភាពដើម្បីផ្ដួលគូប្រកួត។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៩៨ដង ឈ្នះ៦៨ដង ចាញ់៣០ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បាន ២១ដង។ ចំពោះអ្នកប្រដាល់ថៃ Phat Serisk វិញគេក៏មិនមែនខ្សោយដែរ ដោយមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៥ដង ចាញ់១៣ ដង។

Um-Chamroeun-Phat-Serisk [800x600]

រវាងអ្នកប្រដាល់ទាំង ២ រូបនេះអាចប្រកួតមិនបាន ៥ ទឹកព្រោះចំរើនបើមានឱកាសល្អនោះគេនឹងផ្ដួលគូប្រកួតរបស់គេភ្លាមតែបើចំរើនហ៊ានប្រហែសនោះគេអាចគ្រោះថ្នាក់ដោយសារ Phat Serisk ក៏ថាបានដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ