ផង់ សុភាព និង មាស ច័ន្ទមាន ត្រៀមបង្ហាញសាច់ដុំក្នុងជំនួបជាមួយអង់គ្លេស និងថៃ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀន SEA TV នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នេះនឹងមានគូពិសេសជាច្រើនដោយនៅក្នុុងនោះ អ្នកប្រដាល់ ផង់ សុភាព មកពីក្លឹបខេត្តរតនគីរីត្រូវជួបជាមួយអ្នកប្រដាល់ចក្រភពអង់គ្លេស Ray Orn ដោយបើតាមអ្នកស្នេហាកីឡាប្រដាល់ជាច្រើនជឿជាក់ថា នៅក្នុងការប្រកួតនេះសុភាពនឹងឈ្នះជាមិនខានប្រសិនបើគេវ៉ៃដោយប្រយ័ត្នប្រយែងនិងមិនមើលងាយគូប្រកួតទេនោះ។ គួបញ្ជាក់ថា នៅក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់នេះ ពួកគេវ៉ៃបាន ២ ប្រកួតដូចគ្នាដោយសុភាពឈ្នះទាំង ២ ប្រកួត រីឯ Ray Orn វិញ ២ ប្រកួតឈ្នះ ១ និងចាញ់ ១ ប្រកួតដែរ។ សុភាពគឺជាអ្នកប្រដាល់ពូកែកណ្ដាប់ដៃ និងមានប្រវត្តិប្រកួតចំនួន៧១ ដង ឈ្នះ ៥៨ដង ចាញ់១១ដង និង ស្មើពិន្ទុ២ ដង។ ដោយឡែក អ្នកប្រដាល់មកពីចក្រភពអង់គ្លេស Ray Orn វិញមានប្រវត្តិប្រកួតចំនួន ៣២ដង ឈ្នះ២៣ដង និងចាញ់៩ ដង អ្វីដែលពិសេសនោះគឺកីឡាកររូបនេះហើយដែលបានធ្វើឱ្យ ជា សំនៀង មកពីក្លឹបទ័ពឆ័ត្រយោង៩១១ ខ្ទាតចេញពីការប្រកួតដោយរបួសបាក់ឆ្អឹងប្រអប់ដៃ និង ផ្ដួលសំនៀងឲ្យសន្លប់នៅទឹកទី ៣ ផងដែរនោះ។ ដូច្នេះ ជំនួបរវាងអ្នកទាំងពីរពិតជាការប្រកួតដ៏ស្វិតសា្វញ ខណៈដែលម្នាក់ៗសុទ្ធតែត្រូវការបន្ថែមកំណត់ត្រាឈ្នះដូចគ្នានោះ។

Phoang-Sopheap-Ray-Orn [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ស្របៀរកម្ពុជានេះដែរ កីឡាករនៃសមាគមប្រដាល់ក្រសួងការពារជាតិ មាស ច័ន្ទមាន នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phlay Noy ។ អាចនិយាយបានថានេះជាគូប្រកួតដែលល្អមើលជាងគេនៅក្នុងព្រឹត្តិការណ៍នេះដោយសារតែអ្នកប្រដាល់ទាំង ២ រូបនេះវ៉ៃបាន ២ ប្រកួតដូចគ្នា និង ឈ្នះ ១ ប្រកួតចាញ់ ១ ប្រកួតដូចគ្នា។ អ្នកប្រដាល់ថៃ Phlay Noy មានប្រវត្តិប្រកួតចំនួន១០១ ដង ឈ្នះ៧៩ដង ចាញ់១៨ដង និង ស្មើពិន្ទុ ៤ដង។ ចំពោះអ្នកប្រដាល់កម្ពុជា មាស ច័ន្ទមានវិញនោះមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២៤ដង ។ បើមើលលើបច្ចេកទេស ច័ន្ទមាន វ៉ៃល្អតែកម្លាំងរបស់គេឆាប់ស្រុតចុះហើយបើគូប្រកួតបុកខ្លាំងគេហាក់ដូចជាបាត់បង់ស្មារតីប្រកួត ពោលគឺគេបានត្រឹមតែដកថយនិង ការពារប៉ុណ្ណោះ ខណៈដែល Phlay Noy គឺជាអ្នកប្រដាល់ម្នាក់ដែលមានឈាមត្រជាក់ វ៉ៃមិនឆេវឆាវ ឬច្រឡោតឡើយ។ ដូច្នេះហើយប្រហែលជា មាស ច័ន្ទមាន ត្រូវជួបការលំបាកបន្តិចហើយនៅក្នុងការប្រកួតនេះ ៕

Meas-Chanmean-Phlay-Noy [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ