តើកូរ៉េខាងជើង ២រូប ដែលមកជួយក្រុមទ័ពត្រូវពាក់អាវលេខប៉ុន្មាន?

ភ្នំពេញ៖ កីឡាករជម្រើសជាតិកូរ៉េខាងជើង ២រូប រួមមានខ្សែប្រយុទ្ធ Ri Gyok Chol និងខ្សែការពារ Jang Song Hyok ដែលនឹងបង្ហាញខ្លួនដើម្បីត្រៀមជួយក្រុមក្រសួងការពារជាតិ នៅក្នុងការប្រកួតជើងទី២ នៃលីកកំពូលកម្ពុជា រដូវកាលថ្មីនេះនឹងធ្វើដំណើរមកដល់កម្ពុជានារសៀលថ្ងៃទី១៥ ខែមិថុនានេះហើយ នេះបើយោងតាមការឲ្យដឹងពីលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិកាលពីព្រឹកម្សិលមិញ។

ស្របពេលដែល កីឡាករកូរ៉េខាងជើងទាំងពីរ នឹងធ្វើដំណើរជិតដល់កម្ពុជានេះដែរ ក្លឹបក្រសួងការពារជាតិក៏បានប្រកាសឲ្យអ្នកគាំទ្របានដឹងពីលេខអាវ ដែលពួកគេត្រូវពាក់ ដើម្បីធ្វើការប្រយុទ្ធលើវាលស្មៅក្នុងជើងទី២ នៃលីករដូវកាលថ្មីផងដែរ។ ក្នុងនោះកីឡាករខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Ri Hyok Chol ត្រូវពាក់អាវលេខ៣៣ រីឯខ្សែការពារវ័យ ២៥ឆ្នាំ Jang Song Hyok ដែលជាអតីតប្រធានក្រុមជម្រើសជាតិកូរ៉េខាងជើង ត្រូវពាក់អាវលេខ៣៤ ។

2 (1)

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលេខអាវ ដែលក្លឹបនឹងផ្ដល់ជូនសមាជិកថ្មីរបស់ខ្លួនមានលេខរៀងបន្ដបន្ទាប់ជាមួយនឹងកីឡាករកូរ៉េខាងជើង ២រូប ដែលបានជួយក្រុមក្រសួងការពារជាតិ កាលពីប្រកួតជើងទី១ កន្លងមកគឺកីឡាករ Kim Kyong Hun ពាក់អាវលេខ៣១ និងកីឡាករ Choe Myong Ho ពាក់អាវលេខ៣២។ យ៉ាងណាមិញលោក ទេព ឡុងរចនា ជឿជាក់ថា កីឡាករកូរ៉េខាងជើងទាំង ៤រូបនេះ នឹងធ្វើឲ្យការប្រកួតជើងទី២ កាន់តែអស្ចារ្យបន្ថែមទៀតតាមរយៈការលេងយល់ចិត្តគ្នា និងជាពិសេសគឺគោលដៅក្នុងការដណ្តើមពានរង្វាន់នៃលីកកំពូលក្នុងឆ្នាំនេះខណៈដែលក្រុមការពារជាតិកំពុងតែឈរលើកំពូលតារាង និងមិនទាន់ស្គាល់ពាក្យចាញ់ម្តងណាឡើយ។

1 (3)

គួរបញ្ជាក់ថា មុននឹងធ្វើដំណើរមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ កីឡាករ Ri Gyok Chol និង Jang Song Hyok គឺជាមិត្តរួមក្រុមនឹងគ្នា នៅក្នុងក្លឹប Rimyongsu Sports Club ដែលជាសមាជិកលីកកំពូលរបស់ប្រទេសកូរ៉េខាងជើង។ លើសពីនេះអ្នកទាំងពីរ សុទ្ធតែមានប្រវត្តិធ្លាប់ជួយក្រុមជម្រើសជាតិកូរ៉េខាងជើងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗជាច្រើនទៀតផង៕

3

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ