Hun Sen Cup៖ ប៉ូលិសត្រូវការឈ្នះណាហ្គាវើលដាច់ខាតទើបអាចឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ ពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលC និងពូលD នាល្ងាចថ្ងៃទី១៥ ខែមិថុនានេះហើយដោយមាន ៥ គូត្រូវជួបគ្នាលើទីលានផ្សេងៗគ្នា ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ត្រូវការឈ្នះក្រុមណាហ្គាវើលល្ងាចនេះជាដាច់ខាតទើបមានសង្ឃឹមបានឡើងទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្របាន។

គិតមកទល់ពេលនេះ ពូលD គឺមានតែក្រុមណាហ្គាវើលប៉ុណ្ណោះ ដែលទទួលបានកៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក្រោយរកបាន ១២ពិន្ទុពេញពីការប្រកួត ៤លើកមិនស្គាល់ចាញ់ ឬស្មើរួចមកនោះ ។ រីឯ ៣ក្រុមទៀត កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ជាក់ស្ដែងក្រុមប៉ូលិសពេលនេះទើបមាន ៨ពិន្ទុ ខណៈក្រុមជម្រើសខេត្តសៀមរាប និងខេត្តស្វាយរៀង មាន ៧ពិន្ទុស្មើៗគ្នា។

12963830_500824323454113_1010429553478901825_n

នៅល្ងាចនេះក្រុមប៉ូលិស ត្រូវប្រឈមមុខជាមួយក្រុមណាហ្គាវើល នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយអតីតក្រុមជើងឯកពាន Hun Sen Cup ឆ្នាំ២០១៤នេះ គឺត្រូវការ ៣ពិន្ទុដាច់ខាត ទើបមានសង្ឃឹមឡើងវគ្គបន្ដ ប៉ុន្ដែប្រសិនបើណាហ្គាវើលជាអ្នកឈ្នះវិញក្នុងចំណោមក្រុមខេត្តសៀមរាប និងខេត្តស្វាយរៀង នឹងមាន ១ក្រុមត្រូវឡើងវគ្គបន្ដ ព្រោះក្រុមទាំងពីរ ក៏ត្រូវជួបគ្នាដើម្បីប្រជែងយក ៣ពិន្ទុផងដែរ។

ដោយឡែកកម្មវិធីប្រកួតក្នុងពូលC វិញ នៅល្ងាចនេះក្រុមភ្នំពេញក្រោន ត្រូវជួបស៊ីម៉ាក់ លើទីលាន RSN ប្រជែងយកលេខ១ ប្រចាំពូលខណៈក្រុមទាំងពីរមាន ១២ពិន្ទុស្មើគ្នាក្នុងការប្រកួតកន្លងមក ។ ប៉ុន្ដែទោះបីឈ្នះ ឬចាញ់ក៏ក្រុមទាំងពីរ ត្រូវឡើងទៅវគ្គបន្ដដែរព្រោះមានពិន្ទុច្រើនជាងគេដាច់ ។ ចំណែកក្រុមវេស្ទើន ត្រូវជួបក្រុមខេត្តកំពង់ស្ពឺ និងក្រុមខេត្តប៉ៃលិន ត្រូវជួបក្រុមភ្ញៀវខេត្តកំពត ប៉ុន្តែគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ៕

13256270_1266293530064835_3412921641914571079_n

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ