ខ្សែ​បម្រើ​ ឈិន ឈឿន របស់​ក្រសួងការពារជាតិ ចូលរោងជ័យ​នៅ​សប្ដាហ៍​នេះ

ភ្នំពេញ៖ ខ្សែបម្រើស្លាប ឈិន ឈឿន របស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា នឹងចូលរោងការនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះក្នុងគេហដ្ឋានខាងស្រី ក្រោយគូស្នេហ៍មួយគូនេះបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលប្រហែលជា១០ឆ្នាំរួចមក។ គូដណ្ដឹងរបស់ ឈិន ឈឿន ឈ្មោះថា កញ្ញា ចន្ធី ប៉ូឡែន ខណៈអ្នកទាំង២នឹងអញ្ជើញភ្ញៀវទាំងកីឡាករបាល់ទាត់ និងសាច់ញាតិមិត្តភក្ដិចូលរួមប្រមាណជា៦០តុដើម្បីពិសារភោជនាហារនៅមជ្ឈមណ្ឌលទួលគោកអាគារ B។

Chhin Chouen

គួរំលឹកថា កីឡាករ ឈិន ឈឿន ធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីអាយុ១៣ឆ្នាំរហូតដល់ឈុតធំនាពេលបច្ចុប្បន្ន ហើយរូបគេបានចូលរួមជាមួយក្លឹបក្រសួងការពារជាតិ កាលពីឆ្នាំ២០០៧ ប៉ុន្ដែកាលនោះនៅត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០០៩ ទើបលោក ទេព ឡុងរចនា បានដាក់ឱ្យចូលក្នុងក្រុមជម្រើស ១១នាក់ដំបូង។ ចំណែកក្នុងក្រុមជម្រើសជាតិវិញ រូបគេត្រូវបានលោកគ្រូបង្វឹក Lee Tae Hoon ដាក់ឱ្យជាប់ជម្រើស១១នាក់ដំបូងនៅក្នុងប្រកួតជាមួយក្រុមជម្រើសជាតិឡាវ ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2014 FIFA World Cup Brazil ផងដែរ។

បើនិយាយពីស្នាដៃវិញ រូបគេធ្លាប់បានជួយឲ្យក្លឹបយុវជននៃក្ដីសង្ឃឹមលើកពានរង្វាន់ MILO កាលពី២០០៥ ហើយក្រោយមកបានជួយឲ្យក្លឹបក្រសួងការពារជាតិ លើកពានរង្វាន់ សម្ដេច ហ៊ុន សែន កាលពីឆ្នាំ២០១០ (Hun Sen Cup 2010) និងធ្លាប់ជួយឲ្យ វិទ្យាល័យព្រះយុគន្ធរលើកពានជើងឯកវិទ្យាល័យទូទាំងប្រទេសប្រចាំឆ្នាំ២០១២ ផងដែរ។

12552891_739910816144083_7518060680113178864_n

ក្រៅពីចូលរួមបម្រើជាតិតាមរយៈបាល់ទាត់ ឈិន ឈឿន ក៏ធ្លាប់ចូលរួមជាមួយសកម្មភាពសង្គមជាច្រើនដែរដោយបានសាងសង់សាលារៀនមួយកន្លែងនៅខេត្តកំពតកាលពីចុងឆ្នាំមុនជាមួយអង្គការមនុស្សធម៌មួយ ហើយកាលពីអំឡុងចូលឆ្នាំខ្មែរថ្មីនេះរូបគេក៏បានចុះចែកសម្ភារៈកីឡាករនៅស្រុកកំណើតក្នុងខេត្តព្រៃវែងផងដែរ។

23b01792146f4a1a2ddf8961f6595b776b1d828a

សូមបញ្ជាក់ថា កីឡាករ ឈិន ឈឿន ជាសមាជិកទី២ហើយនៅក្នុងក្រុមក្រសួងការពារជាតិដែលត្រូវរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ២០១៦ នេះបន្ទាប់ពីកីឡាករ ពៅ ភារិទ្ធ ដែលទើបតែរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនៅគេហដ្ឋានខាងស្រីក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

 

អត្ថបទ៖សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ