ទ្រីយ៉ាត្លុង គ្រោងធ្វើតេស្តអត្តពលិកសិន មុនសម្រេចចិត្តទៅប្រកួត Iron Man ចុងឆ្នាំនេះ

ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងរៀបចំការធ្វើតេស្តកីឡាកររបស់ខ្លួន នាខែកញ្ញាខាងមុខនេះដើម្បីវាស់ស្ទង់សមត្ថភាពកីឡាកររបស់ខ្លួន ថាអាចនឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Iron Man នាខែតុលាខាងមុខនេះបានដែរឬទេ។

លោក ងិន សុបញ្ញា អគ្គលេខាធិកាសហព័ន្ធកីឡាមួយនេះបានឱ្យដឹងថា ព្រឹត្តិការណ៍ Iron Man គឺជាព្រឹត្តិការណ៍មួយដែលមានរយៈចម្ងាយលើសកម្រិតស្តង់ដា ដោយតម្រូវឲ្យកីឡាករ កីឡាការិនីដែលចូលរួមត្រូវ ហែលទឹកចម្ងាយ ១,៩០០ម៉ែត្រ, ជិះកង់ ៩០គីឡូម៉ែត្រ និងរត់ប្រណាំង ២១គីឡូម៉ែត្រថែមទៀត ខណៈដែលកម្រិតស្តង់ដាគឺ ហែលទឹក ១,៥០០ម៉ែត្រ, ជិះកង់ ៤០គីឡូម៉ែត្រ និងរត់ប្រណាំង ១០គីឡូម៉ែត្រតែប៉ុណ្ណោះ។

លោកបានបន្ថែមថា៖ «អាស្រ័យដោយការប្រកួតតម្រូវបែបនេះហើយទើបកីឡាករទ្រីយ៉ាត្លុងកម្ពុជាកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍មួយនេះ។»

IMG_6698

សូមបញ្ជាក់ថា កីឡាករទ្រីយ៉ាត្លុងជម្រើសជាតិ ចំនួន ២រូប ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅចូលរួមប្រកួត Iron Man នៅប្រទេសវៀតណាម បាននឹងកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុតដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងថែមទៀតសម្រាប់ត្រៀមចូលរួមប្រកួតរយៈចម្ងាយឆ្ងាយជាលើកដំបូងដែលពួកគេមិនធ្លាប់បានចូលរួមនាពេលកន្លងមកនោះទេ។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងសមត្ថភាពកីឡាករខាងផ្នែកហែលទឹកឲ្យកាន់តែខ្លាំងសម្រាប់ប្រជែងជាមួយបណ្តាប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍ Iron Man នេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានឹងស្វែងរកទីតាំងសមរម្យដើម្បីធ្វើការហ្វឹកហាត់ដែលបំពេញឲ្យរយៈចម្ងាយមួយនេះ។ ម្យ៉ាងទៀតសហព័ន្ធនឹងរៀបចំបំពាក់ឧបករណ៍ដែលខ្វះខាត និងបំប៉នកីឡាករដោយផ្តល់ជាអាហារូបត្ថម្ភ ក៏ដូចជាសម្ភារៈមួយចំនួនដែលបំពេញឲ្យការហ្វឹកហាត់របស់ពួកគេ។

គួបញ្ជាក់ផងដែរថា កីឡាករទាំង២ ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅរួមមានកីឡាករ ឈុន ប៊ុនថន និងកីឡាករ នាង ពេជ្រពិសិដ្ឋ៕

IMG_5670

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ