លទ្ធផលនៅលើសង្វៀនធំៗសម្រាប់សប្តាហ៍នេះ

សង្វៀន SEA TV៖ កែវដា ឈ្នះថៃក្នុងទឹកទី២ ឯសំណាងឈ្នះទាំងវេទនា

លើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី១១ ខែមិថុនាម្សិលមិញនេះ អ្នកប្រដាល់ឌុម កែវដា មកពីក្លឹបម្កុដរាជសីហ៍បានប្រើកែងផ្ដួលអ្នកប្រដាល់ថៃ Pha Yaklek ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ត្រឹមទឹកទី ២ ខណៈដែល ព្រំ សំណាង មកពីក្លឹបទ័ពឆ័ត្រយោង៩១១វិញនោះបានប្រកួតឈ្នះអ្នកប្រដាល់ថៃ Kamlai Phit ដោយពិន្ទុទាំងត្រដាបត្រដួស។

photo_2016-06-12_05-50-02 [800x600]

សង្វៀន CTN និង CNC៖

ដោយឡែកនៅ លើសង្វៀន CTN នារសៀលថ្ងៃទី១១ ខែមិថុនាដែរនោះ អ្នកប្រដាល់ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Luck Yorth ទាំងមិនអស់ចិត្តបន្ទាប់ពីតស៊ូពេញ ៥ ទឹករួចមក។ ចំពោះថុល មករា មកពីក្លឹបឃ្លាំងមឿងកីឡាវិញបាន ឈ្នះដោយពិន្ទុលើអ្នកប្រដាល់ថៃ Sorn Daeng ទាំងលំបាកដែរក្រោយពីអ្នកទាំង ២ បានប្រកួត ៥ ទឹកពេញដែរនោះ។

ចំពោះសង្វៀន CNC វិញនោះ សេក គឹមរូន នៃក្លឹបអង្គរមានជ័យខេត្តសៀមរាបបានប្រកួតឈ្នះអ្នកប្រដាល់ថៃ Thab Thim ក្នុងទឹកទី២ ក្នុងខណៈដែលអ្នកប្រដាល់ សរ រាជសីហ៍ មកពីក្លឹបមោងឬស្សីមរតកគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់ថៃ Insydengដោយពិន្ទុទាំងវេទនានោះ។

ក្រៅពីគូខាងលើនេះ នៅលើសង្វៀន SEA TV កាលពីព្រឹកមិញនេះ ក៏មានគូសំខាន់ៗដែរ ដោយកីឡាករ សុវណ្ណនឿត និង សារឿន ចាន់ បានរងជួបបរាជ័យដូចគ្នា។ អ្នកប្រដាល់មហាកម្លាំង គឿម សុវណ្ណនឿត  មកពីក្លឹបឃ្លាំងមឿងកីឡាបានប្រកួតចាញ់អ្នកប្រដាល់ថៃ kamlai Youk ដោយពិន្ទុដាច់នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ ខណៈដែលអ្នកប្រដាល់ចិត្តខ្លាំងសារឿន ចាន់មកពីក្លឹបសម្រែករាជសីហ៍ក៏បរាជ័យក្នុងការវាយសងសឹកជាមួយអ្នកអ្នកប្រដាល់ថៃ Yorth Phit ដែរបន្ទាប់ពីគេខំព្យាយាម ៥ ទឹកពេញរួចមក៕

DSC_0502 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ