ជើងកន្ត្រៃហោះ ធា នុរាជ និិង ពេជ្រ ម្ទេសខ្មាំង នឹងប៉ះជើងខ្លាំងថៃនៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ អ្នកប្រដាល់ដែលសំបូរស្នៀត និងត្រូវបានគេប្រសិទ្ធិនាមថាជើងកន្ត្រៃហោះ ធា នុរាជ មកពីក្លឹបពោធិ៍ជ័យកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Yorth Senkhum លើសង្វៀន SEA TV នៅយប់ថ្ងៃទី១២ ខែមិថុនាស្អែកនេះ។  កីឡាករ ធា នុរាជ បើទោះបីជាកម្លាំងរបស់គេមិនសូវអស្ចារ្យក៏ពិិតមែនប៉ុន្តែស្នៀត និងកលល្បិច ព្រមទាំងភាពអំណត់របស់គេល្អ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៥៩ដង ចាញ់១៨ដង និង ស្មើពិន្ទុ ៥ ដង ។ ចំពោះអ្នកប្រដាល់ថៃ Yorth Senkhum វិញនៅស្រុកថៃគេចូលនិវត្តន៍ទៅហើយតែយូរៗម្ដងគេឡើងសង្វៀនប្រកួតដែរ។ ពេលនេះអ្នកប្រដាល់ចាស់វស្សារូបនេះ បានមកប្រកួតនៅស្រុកខ្មែរដោយជួបជាមួយ ធា នុរាជ ដែលមិនមែនជាអ្នកប្រដាល់អន់នោះឡើយ។ Yorth Senkhum មានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៦ ដង ចាញ់៨ ដង និង ស្មើពិន្ទុ ២ដង ។ ពេលនេះខ្លាចាស់ជួបគ្នាហើយដូច្នេះ ចាំមើលតើនរណាជាអ្នកឈ្នះ ?

Thea-noureach-Yorth-Senkhum [800x600]

នៅក្នុងរាត្រីនោះដែរ ពេជ្រ ម្ទេសខ្មាំង មកពីក្លឹបអារុណរះកីឡាក៏នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Chhouk Dy ផងដែរក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ពេជ្រ ម្ទេសខ្មាំង គឹជាអ្នកប្រដាល់សាកលជម្រើសជាតិដែលមានសមត្ថភាពប្រកួតក្បាច់គុនបូរាណខ្មែរបានយ៉ាងល្អ។ កីឡាកររូបនេះ អាចប្រើជង្គង់ កែង និង ទាត់បានល្អ ហើយជាញឹកញាប់គេតែងតែប្រើកណ្ដាប់ដៃបញ្ចប់សកម្មភាពគូប្រកួតមិិនឱ្យតដៃបានឡើយ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨០ ដង ឈ្នះ៧៤ដង ចាញ់៥ ដង និង ស្មើពិន្ទុ ១ ដង ។ ចំពោះអ្នកប្រដាល់ថៃ Chhouk Dy វិញស្ថិតិប្រកួតរបស់គេក៏មិនអន់ដែរដោយក្នុងប្រវត្តិប្រកួតចំនួន៦៥ដង គេបានទទួលជ័យជំនះ៥៥ដង និង ចាញ់១០ដង ។ នេះគឺជាគូដ៏ល្អមួយដែរ ខណៈដែលអ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែប្រកាសដណ្ដើមជ័យជំនះដូចគ្នាៗ៕

Pich-Mteskhmaing-Chhouk-Dy [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ