Keisuke Honda ត្រឡប់​ទៅ​ប្រទេស​ខ្លួន​ហើយវិញ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​

 

ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលខ្លីនៅរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃសុក្រនេះ កីឡាករបាល់ទាត់ Keisuke Honda របស់ក្រុមជម្រើសជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់ AC Milan របស់អ៊ីតាលី បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសខ្លួនវិញហើយ។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថាកីឡាករ Honda បានធ្វើដំណើរទៅវិញតាំងពីម៉ោង៩ព្រឹកម៉្លេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្ដែប្រភពដដែលសុំមិនបង្ហាញពីជើងហោះហើរនោះទេ។

សូមបញ្ជាក់ថា ដំណើរមកកាន់ប្រទេសកម្ពុជានេះត្រូវបានគេដឹងថាក្នុងគោលបំណងដើម្បីពិភាក្សាការងារស្ដីពីការបង្កើតសាលាបាល់ទាត់លើទឹកដីកម្ពុជា។ ក្នុងឱកាសនោះដែរ កីឡាកររូបនេះបានចូលជួបពិភាក្សាជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានបន្តធ្វើដំណើរទៅកាន់វិទ្យាល័យឥន្ទ្រទេវី ដើម្បីជួបសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកីឡាករវ័យ២៩ឆ្នាំរូបនេះបានឱ្យដឹងថា សាលាបាល់ទាត់របស់ខ្លួននឹងរៀបចំក្នុងពេលឆាប់ៗ ប៉ុន្ដែមិនទាន់ច្បាស់ថានឹងរៀបចំនៅទីណា និងកំណត់យកក្មេងពីអាយុប៉ុន្មានឆ្នាំនៅឡើយនោះទេ ព្រោះអ្វីៗកំពុងសិក្សានៅឡើយ។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលកីឡាករកំពុងលេងក្នុងលីគកំពូលអ៊ីតាលីរូបនេះធ្វើដំណើរមកកម្ពុជា ខណៈលើកទី១ Keisuke Honda មកកម្ពុជា ក្នុងនាមជាកីឡាករជម្រើសជាតិជប៉ុនដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ (2018 FIFA World Cup Russia) ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដោយយកឈ្នះក្នុងលទ្ធផល ២-០ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។

គួរបញ្ជាក់ថា កីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លឹប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ បានផ្លាស់ទៅលេងក្នុងក្លឹប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយនៅឆ្នាំ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លឹប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលីចាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ន។ បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្នជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ៕

13342920_872221746238472_3376498951301650751_n

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ