តារាបាល់ទាត់អាស៊ី Keisuke HONDA គ្រោងបើកសាលាបាល់ទាត់នៅកម្ពុជា

ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជារយៈពេល ១ថ្ងៃរបស់កីឡាករជម្រើសជាតិជប៉ុន Keisuke HONDAនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ចប់ហើយជាមួយនឹងការសិក្សាលើគម្រោងបង្កើតសាលាបាល់ទាត់មួយក្នុងប្រទេសកម្ពុជា។ ជាមួយដំណើរទស្សនកិច្ចនេះ Keisuke HONDA បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសិស្សានុសិស្សមួយចំនួន នៅវិទ្យាល័យឥន្ទ្រទេវី បន្ទាប់មកខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប AC Milan នៃលីគកំពូលអ៊ីតាលីនេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីសំណេះសំណាលជាមួយសិស្សានុសិស្សទាំងអស់នោះ និងបានបង្ហាញពីមូលហេតុនៃការសិក្សាគម្រោងបើកសាលាបាល់ទាត់នៅកម្ពុជា ដល់អ្នកសារព័ត៌មានផងដែរ ។

13410350_836078229857465_313937591_o

នៅក្នងឱកាសនោះកីឡាករ Keisuke HONDA បានលើកឡើងថា បច្ចុប្បន្នលោកសង្កេតឃើញវិស័យបាល់ទាត់កម្ពុជារីកកម្រើនទាំងកីឡាករ និងអ្នកគាំទ្រ ។ កត្ដានេះហើយ ដែលជំរុញឱ្យលោកចង់បង្កើតសាលាបាល់ទាត់នៅកម្ពុជា រហូតមានដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាពីគម្រោងបង្កើតវាឡើង យ៉ាងណាក៏ដោយ HONDA មិនបានបញ្ជាក់ពីពេលវេលាបង្កើតសាលាបាល់ទាត់នេះច្បាស់លាស់ទេ គ្រាន់តែបង្ហើបថានឹងបើកក្នុងពេលឆាប់ៗខាងមុខ។

លោកបន្ដថា៖ «គោលបំណងសំខាន់ ដែលចង់បើកសាលាបាល់ទាត់នៅទីនេះ គឺខ្ញុំចង់ផ្សព្វផ្សាយពីបាល់ទាត់កម្ពុជា និងចង់បណ្ដុះបណ្ដាលក្មេងៗ ដែលចង់ក្លាយជាកីឡាករអាជីព តាមរយៈការផ្ដល់ជំនាញថ្មីៗពាក់ព័ន្ធនឹងបាល់ទាត់។ ខ្ញុំដឹងថាបច្ចុប្បន្ននេះបាល់ទាត់កម្ពុជា កំពុងរីកចម្រើន ជាក់ស្ដែងក្រុមជម្រើសជាតិកម្ពុជា ទើបតែបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ជាដើម។ ប៉ុន្ដែខ្ញុំចង់ផ្ដល់បទពិសោធន៍បន្ថែម ដើម្បីឱ្យពួកគេ និងវិស័យបាល់ទាត់កម្ពុជាវិវត្តន៍ក្លាយជាក្លឹបអាជីពកម្រិតខ្ពស់ ដែលមានលទ្ធភាពអាចចូលរួមជាមួយក្លឹបនៅតំបន់អឺរ៉ុបបាន»។

13396867_836078683190753_2116154246_o

កីឡាករអន្ដរជាតិរូបនេះ បានបន្ថែមថា បន្ទាប់ពីបង្កើតសាលាបាល់ទាត់កម្ពុជារួច ជំហ៊ានបន្ទាប់លោកគ្រោងនឹងជ្រើសរើសក្មេងៗ ៣ប្រភេទអាយុមកបណ្តុះបណ្ដាល គឺអាយុ ៤ឆ្នាំ, អាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំនេះ ។ លើសពីនេះប្រសិនបើយុវជនណាម្នាក់ មានសមត្ថភាពលេចធ្លោជាងគេលោកនឹងនាំទៅសិក្សាស្វែងយល់បន្ថែមជាមួយក្រុមយុវជននៃក្លឹបធំៗនៅប្រទេសជប៉ុន ពិសេសគឺសាលាបាល់ទាត់ជាង ៦០កន្លែងដែលលោកកំពុងបើកដំណើរការនាពេលបច្ចុប្បន្នតែម្ដង៕

13383849_836078519857436_1969116186_o

13410702_836063709858917_1797819579_o

13383403_836076066524348_1765575414_o

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ