លោក Lee រំពឹង​ថា​​ប្រធាន​ក្រុម​​ភ្នំពេញក្រោន កុក បូរីស នឹង​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ឱកាស​ក្រោយ​

 

ភ្នំពេញ៖ កីឡាករខ្មែរ បារាំង កុក បូរីស ដែលជាប្រធានក្រុម និងជាខ្សែការពារកណ្ដាលដ៏រឹងមាំ របស់ក្លឹបភ្នំពេញក្រោនបានសម្រេចមិនចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019 ជាមួយក្រុមជម្រើសជាតិឆាយនីសតៃប៉ិនោះទេដោយរូបគេអះអាងថាមានហេតុផលផ្ទាល់ខ្លួន។

ឆ្លើយតបនឹងបញ្ហានេះលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំក៏ទទួលបានព័ត៌មានមកពីក្លឹបភ្នំពេញក្រោនដែរថាគាត់មានបញ្ហាផ្ទាល់ខ្លួន។ ខ្ញុំមើលទៅគាត់ហាក់ដូចជាខ្វះទំនុកចិត្ត។ បាល់ទាត់កាលណាយើងគ្មានទំនុកចិត្តគឺលេងមិនបានល្អនោះទេ តែយ៉ាងណាក្ដីខ្ញុំគោរពចំពោះការសម្រេចចិត្តរបស់បូរីស»។

មិនតែប៉ុណ្ណោះលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង រូបនេះមានជំនឿចិត្តថា៖ «ខ្ញុំសង្ឃឹមថាឱកាសក្រោយបូរីស នឹងចូលរួមជាមួយក្រុមជម្រើសជាតិ ព្រោះថាបូរីសគឺជាកីឡាករដែលជាធនធានដ៏ល្អក្នុងក្រុមជម្រើសជាតិយើង»។

សូមរំលឹកថាមុនពេលក្រុមជម្រើសជាតិប្រមូលផ្ដុំកីឡាករ កុក បូរីសបានសរសេរទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖«ខ្ញុំអាចនិយាយបានថានេះដោយសារតែខ្ញុំស្រលាញ់កម្ពុជា និងប្រជាជននៅក្នុងប្រទេសរបស់ខ្ញុំ ទើបខ្ញុំធ្វើការសម្រេចចិត្តបែបនេះ។ ក្តីសុបិនរបស់ខ្ញុំបានរលត់បាត់ហើយ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ថាខ្ញុំពិតជាមានការពិបាកចិត្តបំផុតចំពោះការសម្រេចមួយនេះពីព្រោះខ្ញុំអាចលះបង់ជីវិតដើម្បីប្រទេសមួយនេះបាន។ ខ្ញុំសង្ឃឹមថានាពេលអនាគតមានរឿងជាច្រើននឹងផ្លាស់ប្តូរដើម្បីជោគជ័យសម្រាប់ប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា កីឡាករ បូរីស កើតនៅទីក្រុង Nancy នៃប្រទេសបារាំង ដែលឪពុកម្តាយរបស់គេមកពីខេត្តកំពង់ចាម និងបាត់ដំបង។ កីឡាកររូបនេះចាប់ផ្តើមអាជីពដោយលេងឲ្យក្រុមយុវជន Tomblaine មុននឹងបន្តទៅលេងនៅ AS Nancy Lorraine, Jarville JF, US Vandoeuvre, FC Toul និងក្រុម Nancy Olympic មុនមកបន្តអាជីពជាមួយក្លឹបភ្នំពេញក្រោន កាលពីឆ្នាំ២០១២ កន្លងទៅ៕

_MG_1384

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ