ទ័ព លត់ បឹងកេត ២-០ ដណ្ដើមលេខ១ និង​លទ្ធផល ៥គូទៀតនៃពាន Hun Sen Cup ថ្ងៃនេះ

ភ្នំពេញ៖ លទ្ធផលសប្ដាហ៍ចុងក្រោយនៃការប្រកួតសន្សំពិន្ទុពូលA និងពូលB ក្នុងពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦បានបញ្ចប់ហើយ ខណៈមួយប្រកួតចុងក្រោយដែលទើបបញ្ចប់មុននេះ គឺក្រុមក្រសួងការពារជាតិ (ទ័ព) បានយកឈ្នះក្រុមបឹងកេតអង្គរដោយលទ្ធផល ២-០ ដើម្បីឈរកំពូលតារាងនៃពូលB ។ ចំណែកក្រុម Cambodian Tiger បានត្រឹមស្មើជាមួយព្រះខ័នរាជស្វាយរៀងក្នងលទ្ធផល ៣-៣ មុនដឹកដៃគ្នាឡើងវគ្គបន្ដទៀត។

សរុបលទ្ធផលនៃការប្រកួតនេះ បន្ទាប់ពីលត់ក្រុមបឹងកេតអង្គរ ២-០ មុននេះ បានធ្វើឲ្យក្រុមក្រសួងការពារជាតិ បានឈរកំពូលតារាងពូលB ជាមួយ ១៥ពិន្ទុ ក្រោយឈ្នះ ៥ប្រកួតជាប់ៗគ្នា ដោយមិនស្គាល់ថាពាក្យចាញ់ឡើយ រីឯក្រុមបឹងកេតអង្គរ ឈរលេខរៀងទី២ ជាមួយ ១២ពិន្ទុប៉ុន្ដែយ៉ាងណាក្រុមទាំងពីរត្រូវដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ។ ចំណែកលទ្ធផលប្រកួតបង្គ្រប់កិច្ចក្នុងពូលB ២គូទៀតគឺក្រុមខេត្តព្រៃវែង យកឈ្នះក្រុមអាវុធហត្ថខេត្តកំពង់ធំ ៣-២ និងក្រុមអាស៊ីអឺរ៉ុប ឈ្នះក្រុមខេត្តស្ទឹងត្រែង ៣-១ ។

12932694_1155759631135796_8586592561039091535_n

ចំពោះលទ្ធផលនៃការប្រកួតពូលA វិញ គឺក្រុមខេត្តកំពង់ឆ្នាំង ឈ្នះខេត្តព្រះសីហនុ ២-១ និងក្រុមខេត្តកណ្ដាលប្រកួតចាញ់ក្រុមភ្ញៀវយុវជនបឹងកេតអង្គរ ២-៤ ប៉ុន្ដែ ២ប្រកួតនេះ ក៏គ្រាន់តែប្រកួតបង្គ្រប់កិច្ចដែរ ។ លើកលែងតែក្រុម Cambodian Tiger ប្រជែងកៅអីលេខ១ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង តែមិនបានសម្រេចក្រោយប្រកួតស្មើគ្នា ៣-៣ដែលធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ១ ជាមួយ ១៣ពិន្ទុ ខណៈក្រុម Cambodian Tiger ឈរលេខរៀងទី២ ជាមួយ១១ពិន្ទុនៅក្នុងដៃ។

ក្រោយបញ្ចប់ការប្រកួតថ្ងៃនេះដែរ គេបានរកឃើញ ៤ក្រុម ដែលត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយហើយ គឺមានក្រុមព្រះខ័នរាជស្វាយរៀងលេខ១ ពូលA និងក្រុម Cambodian Tiger លេខ២ ពូលA រីឯពូលB គឺមានក្រុមក្រសួងការពារជាតិ លេខ១ និងក្រុមបឹងកេតអង្គរលេខ២ ។

12920326_1155759141135845_7425283131501291220_n

ដោយឡែកសម្រាប់ កម្មវិធីវគ្គ ១/៤ផ្ដាច់ព្រ័ត្រ គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមបឹងកេតអង្គរ រីឯក្រុមក្រសួងការពារជាតិ ជួបក្រុម Cambodian Tiger ។ ចំណែក ៤ក្រុមទៀត គឺរង់ចាំការប្រកួតបញ្ចប់ពូលC និងពូលD ដែលនឹងធ្វើការប្រកួតនាដើមសប្ដាហ៍ក្រោយបន្តទៀត៕

 

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ