កម្ពុជាគ្រោងនឹងរៀបចំការប្រកួតជើងឯក​​វាយ​កូនឃ្លី​លើ​តុ​យុវជន​អាស៊ី​អាគ្នេយ៍​នាខែក្រោយ

ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកកីឡាវាយកូនឃ្លីលើតុយុវជនអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពីសហព័ន្ធអន្តរជាតិនោះ គ្រោងនឹងចាប់ផ្ដើមក្នុងខែកក្កដា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក សម បូរ័ត្ន គ្រូបង្វឹកក្រុមកីឡាករវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ជម្រើសរបស់កម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងមានបណ្ដាប្រទេសក្នុងតំបន់អាស៊ីចំនួន ១១ប្រទេសចូលរួមដើម្បីប្រជែងយកតំណែងជើងឯកកីឡាមួយប្រភេទនេះ។ ជាមួយនឹងការសួរថា តើយើងអាចមានសង្ឃឹមថានឹងអាចរកបានមេដាយពីការប្រកួតនេះបានឬក៏អត់នោះ? លោកបានឆ្លើយថា វាពិតជាមានការពិបាកបន្ដិចហើយ ពីព្រោះថា ការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីម្នាក់ៗឱ្យទទួលបានកម្រិតបច្ចេកទេសល្អនោះ គឺមានការពិបាកខ្លាំងណាស់។

kk

លោកបានបញ្ជាក់ថា៖ «សហព័ន្ធបានតស៊ូបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីតាំងពីក្មេងៗហើយដល់ពេលពួកគេមានការយល់ដឹងបានល្អហើយត្រូវឪពុកម្ដាយរបស់គេឈប់ឱ្យលេងក៏មាន។ ម្យ៉ាងវិញទៀតកីឡាករ-កីឡាការិនីខ្លះជាប់រវល់សិក្សានាំឱ្យការហ្វឹកហាត់មិនបានទៀងទាត់ទេ។ កត្ដាទាំងនេះហើយដែលជាចំណុចអវិជ្ជមានដែលធ្វើឱ្យយើងជួបផលវិបាកយ៉ាងខ្លាំង។»

ជាមួយនឹងគ្នានេះផងដែរ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកីឡាករវាយកូនឃ្លីលើតុកម្ពុជាចំនួន៤រូបនឹងត្រូវចូលរួមប្រកួតដណ្តើមជើងឯកក្នុងព្រឹតិ្តការណ៍ ASEAN University Games 2016 នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៦ ខែកក្កដាខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ នៅចុងខែនេះដែរកីឡាករវាយកូនឃ្លីលើតុកម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASEAN School Games 2016 នាថ្ងៃទី២២ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃទៀតផង៕

MSP-1126

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ