​ឆាយនីសតៃប៉ិ ត្រឡប់​ទៅ​​ស្រុក​កំណើត​វិញ​ថ្ងៃ​នេះ ខណៈ​គ្រូ​បង្វឹក​ថា​​បើ​មាន​ឱកាស​ចង់​សងសឹកកម្ពុជា​វិញ!

 

ភ្នំពេញ៖ ក្រុមបាល់ទាត់ឆាយនីសតៃប៉ិ ត្រូវត្រឡប់ទៅកាន់ស្រុកកំណើតខ្លួនវិញ នាវេលាម៉ោង១០:៤០នាទីព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦ នេះក្រោយបញ្ចប់ការប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជានៃវគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 UAE នាល្ងាចថ្ងៃអង្គារ ទី៧ ខែមិថុនា ម្សិលមិញរួចមក។

ក្រោយប្រកួតចប់លោកគ្រូបង្វឹក Toshiaki Imai ជនជាតិជប៉ុន របស់ក្រុមឆាយនីសតៃប៉ិបាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «សូមត្រេកអរចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា។ សម្រាប់យើងពេលត្រឡប់ទៅវិញនឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួនឡើងវិញដើម្បីពង្រឹងក្រុមហើយបើសិនជាមានឱកាសប្រកួតលើកក្រោយទៀតយើងចង់សងសឹកកម្ពុជា»។

4(5) (1)

ក្រុមកោះមួយនេះបានធ្វើដំណើរត្រឡប់ទៅស្រុកវិញ ក្រោយត្រូវធ្លាក់ទៅវគ្គជម្រុះមួយវគ្គទៀតបន្ទាប់ព្រោះតែចាញ់កម្ពុជា ដោយលទ្ធផលសរុប ៤ទល់២។ ក្នុងនោះជើងទី១ នៅលើទីលានកីឡដ្ឋាន Taipei Municipal Stadium ក្នុងទីក្រុង Kaohsung ដោយក្រុមនេះ បានប្រកួតស្មើគ្នាជាមួយកម្ពុជា ២ទល់២ តែពេលប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ បានប្រកួតចាញ់ម្ចាស់ផ្ទះកម្ពុជា ២ទល់០។

លោកគ្រូបង្វឹក Toshiaki Imai បានមកដល់ប្រទេសកម្ពុជាតាំងពីព្រឹកថ្ងៃសៅរិ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៦ មកម៉្លេះជាមួយនិងក្រុមកីឡាករដែលមានសមាជិក២៣នាក់។ ប៉ុន្ដែកីឡាករ Chen Po-liang (陳柏良) ដែលជាប្រធានក្រុមនោះបានធ្វើដំណើរត្រឡប់ទៅស្រុកវិញមុនពេលកំណត់ព្រោះរងរបួសបាក់ឆ្អឹងម្រាមដៃ អំឡុងពេលហ្វឹកហាត់នៅស្ដាតចាស់ មុនការប្រកួតមកដល់។

បរាជ័យក្រោមថ្វីជើងកម្ពុជា ធ្វើឱ្យក្រុមឆាយនីសតៃប៉ិ ត្រូវទៅប្រកួតនៅវគ្គជម្រុះមួយលើកទៀតជាមួយក្រុមចាញ់ក្នុងវគ្គជម្រុះបឋម ដោយជួបក្រុមទីម័រខាងកើតដើម្បីស្វែងរកកៅអីឡើងទៅលេងនៅជុំបន្ទាប់នៃពានរង្វាន់ AFC Asian Cup 2019 នេះ៕

abc (2)

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ