កែវ សុខផេង៖ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅល្ងាចនេះ!

ខណៈដែលការប្រកួតដ៏សំខាន់នាល្ងាចនេះកាន់តែខិតចូលមកដល់ កីឡាករ កែវ សុខផេង បានបញ្ជាក់ពីការតាំងចិត្តក៏ដូចជាសំណូមពរមួយចំនួនចំពោះអ្នកគាំទ្ររាប់មឺុននាក់នឹងធ្វើដំណើរមកចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិយ៉ាងភ្លូកទឹកភ្លូកដីខណៈដែលមានទស្សនិករាប់លាននាក់ផ្សេងទៀតកំពុងតែទន្ទឹងរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍នៅតាមគេហដ្ឋាននោះ។

ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ កែវ សុខផេង ដែលរកបានគ្រាប់បាល់មួយគ្រាប់នៅក្នុងជំនួបជាមួយក្រុមឆាយនីសតៃបុិនៅលើទីលានកីឡដ្ឋានកៅស៊ុងនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី២ កន្លងទៅបានបញ្ជាក់ថា៖« នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់យើង ហើយនឹងមានអ្នកគាំទ្ររាប់មឺុននាក់មកលើកទឹកចិត្តក្រុមជម្រើសជាតិនៅល្ងាចនេះ ក្រៅពីការអរគុណចំពោះអ្នកទាំងអស់គ្នា ពួកយើងក៏សូមប្តេជ្ញាថា នឹងមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ! យើងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ ដើម្បីប្រជាជនខ្មែរ និងដើម្បីមុខមាត់ប្រទេសយើងផងដែរ!»។

_MG_6943new

ជាងនេះទៅទៀត កីឡាករមកពីខេត្តក្រចេះ វ័យ២៤ ឆ្នាំរូបនេះបានបន្ថែមថា៖ «ខ្ញុំក៏សូមសំណូមពរដល់អ្នកគាំទ្រទាំងអស់មេត្តាយោគយល់អធ្យាស្រ័យចំពោះគ្នា និងជៀសវាងងការបង្កនូវបញ្ហាណាមួយដែលអាចបណ្តាលឱ្យកើតមាននូវផលប៉ះពាល់ដល់វិស័យកីឡា និងកិត្តិយសរបស់ជាតិយើង ជាពិសេសយើងត្រូវប្រកាន់ខ្ជាប់ថា កីឡាគឺតែងតែមានឈ្នះមានចាញ់ហើយការប៉ះទង្គិចនៅលើទីលានតែងតែកើតមានឡើងដោយជៀសមិិនផុត ប៉ុន្តែការរាប់អាន និងសាមគ្គីភាពក្រោយការប្រកួតនៅតែមានជានិច្ច!»។

_MG_6792

សូមបញ្ជាក់ថា កែវ សុខផេង គឺជាកីឡាករបាល់ទាត់វ័យក្មេងដ៏លេខធ្លោរមួយរូបនៅក្នុងប្រទេសកម្ពុជាដែលបានទទួលការកោតសរសើរពីសំណាក់គ្រូបង្វឹក និងអ្នកគាំទ្រអំពីបច្ចេកទេសនៃការលេងបាល់ខណៈដែលរូបគេបានចូលរួមហាត់បាល់ទាត់តាមគំរូបងប្រុសរបស់ខ្លួនតាំងពីវ័យក្មេងមកម្ល៉េះ អ្វីដែលគួរឱ្យកាត់សម្គាល់នោះគឺ រូបគេទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងបន្ទាប់ពីបានទាត់បាល់ Hat Trick នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥ ហយពេលបច្ចប្បន្ននេះគេក៏ជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់របស់ក្លឹបភ្នំពេញក្រោនផងដែរ៕

_MG_5738

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ