អតីតគ្រូបង្វឹកក្រុមជម្រើសជាតិនារី Sam Schweingruber ទទួលបានសញ្ជាតិខ្មែរជាផ្លូវការហើយ!

លោក Sam Schweingruber ដែលជាគ្រូបង្គោលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទទួលសញ្ជាតិខ្មែរជាផ្លូវការហើយ បន្ទាប់ពីបានស្បថកាលពីព្រឹកមិញនេះនៅក្នុងសវនការនាតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានបើកសវនការលើកទី១ នៃសំណុំរឿង សម្បថចូលសញ្ជាតិខ្មែរ ដែលមាន ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា ជាតំណាងមហាអយ្យការ។ ដោយនៅក្នុងនោះលោកគ្រូធំរបស់ក្លឹបបាល់ទាត់ឈានមុខមួយនេះបានធ្វើការស្បថដើម្បីចូលសញ្ជាតិខ្មែរជាមួយនឹងជនបរទេសជាច្រើននាក់ផ្សេងទៀត។

13346805_1577245352573935_3916431434900831610_n

សូមបញ្ជាក់ថា លោក Sam ដែលជាជនជាតិស្វីសគឺជាគ្រូបង្វឹកបាល់ទាត់ដ៏ជោគជ័យម្នាក់នៅក្នុងប្រទេសកម្ពុជាដោយលោកបានជួយឱ្យក្លឹបភ្នំពេញក្រោនបានឈ្នះជើងឯកនៃលីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីកចំនួន២លើកជាប់ៗគ្នាពោលគឺកាលពីរដូវកាលឆ្នាំ២០១៤ និង ២០១៥ មុនពេលដែលលោកបានជួបប្រទះនូវគ្រោះថ្នាក់មួយកាលពីឆ្នាំមុនដែលបានបណ្តាលឱ្យរូបលោកត្រូវអវត្តមានក្នុងការបង្វឹក និងដឹកនាំក្លឹបអស់រយៈពេលជាច្រើនខែ។ យ៉ាងណាក៏ដោយ ក្នុងដំណើរវិលត្រលប់មកវិញលោកត្រូវបានថ្នាក់ដឹកនាំក្លឹបតែងតាំងជាអ្នកចាត់ការទូទៅក្លឹប និងជាគ្រូបង្វឹកនាពេលក្រោយមកទៀត។ គួររំលឹកថា មុននឹងបានឈានចូលមកដឹកនាំក្លឹបភ្នំពេញក្រោនកាលពីឆ្នាំ២០១២ នោះ លោក Sam បានចំណាយពេលជាច្រើនឆ្នាំនៅក្នុងខេត្តបាត់ដំបងដែលនៅទីនោះលោកក៏ជាស្ថាបនិកមួយរូបនៃអង្គការ SALT Academy – Cambodia ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងជាស្ថាប័នមនុស្សធម៌ដែលបានបំពេញការងារយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវនារីក្មេងដែលមានជីវភាពក្រីក្រលំបាកឱ្យបានហ្វឹកហាត់បាល់ទាត់មិនត្រឹមតែប៉ុណ្ណោះអង្គការនេះធ្លាប់ទទួលពានរង្វាន់ពីសហព័ន្ធបាល់ទាត់អាស៊ីក្នុងនាមជាស្ថាប័នដែលបានបំពេញមុខងារដ៏សំខាន់ដើម្បីផ្លាស់ប្តូរសង្គមតាមរយៈកីឡាបាល់ទាត់ ហើយគិតទល់ពេលនេះក៏មានយុវនារីមួយចំនួនដែលបានទទួលការហ្វឹកហាត់នៅក្នុងអង្គការនេះដែលបានក្លាយជាគ្រូបង្វឹកផ្នែកបាល់ទាត់ ឬជាកីឡាការិនីក្នុងក្រុមបាល់ទាត់ជម្រើសជាតិជាដើម។

_MG_6915

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺគ្រូបង្វឹកដែលមានសញ្ញាបត្រ AFC A Licence រូបនេះក៏ជាអតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ និងធ្លាប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាចាប់ពីឆ្នាំ២០៩ ដល់ឆ្នាំ ២០១៣ផងដែរ។

59a67a4f-7d1a-4f5f-8023-84f8a99b2a1b-large

មិនត្រឹមតែប៉ុណ្ណោះលោកបានរួមសហការយ៉ាងស្អិតរមួតជាមួយអ្នកដឹកនាំក្នុងក្លឹបភ្នំពេញក្រោនជាពិសេសលោកប្រធានក្លេប ឬទ្ធី សំណាង តែម្តងដើម្បីជ្រោមជ្រែងបង្កើតឱ្យមាននូវការយកចិត្តទុកដាក់ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ដល់បណ្តាយុវជននៅតាមសហគមន៍នានានៅជុំវិញរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាខេត្តនានាតាមរយៈការបង្កើតឱ្យមាននូវកម្មវិធីបាល់ទាត់សហគមន៍ (Football Community) ដែលជាឱកាសក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍កីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

48
អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ