ពិន្ទុ​​របស់ ​U-19 ភ្នំពេញក្រោន កាន់​តែ​ដាច់​ឆ្ងាយ​​ក្នុង​​កៅអី​កំពូល​តារាង​នៃ​ពាន​រង្វាន់ Smart RSN Youth Competition

 

ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំរបស់ក្លឹបម្ចាស់ផ្ទះភ្នំពេញក្រោន (U-19) កំពុងតែបន្តឈរកំពូលតារាងនៃពានរង្វាន់ Smart RSN Youth U-19 Division ក្រោយប្រកួតឈ្នះលើក្រុម U-19 បឹងកេតអង្គរ ត្រឹមសប្ដាហ៍ទី៤ នៃពានរង្វាន់ Smart RSN Youth Competition កាលពីថ្ងៃសៅរិ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៦ ថ្មីៗនេះលើទីលានហ្វឹកហាត់ក្នុងកីឡដ្ឋាន RSN (ម្ដុំកាំកូស៊ីធី)។

លទ្ធផលប្រចាំសប្ដាហ៍ទី៤ នៃពានរង្វាន់នេះគឺក្រុម U-19 ភ្នំពេញក្រោនបានឈ្នះក្រុម U-19 បឹងកេតអង្គរដោយលទ្ធផល ២ទល់១ ដោយកីឡាករ យើ សាហ្វី និងកីឡាករ ម៉ៅ ពិសិដ្ឋ រកគ្រាប់បាល់បានម្នាក់ ១គ្រាប់ឱ្យភ្នំពេញក្រោន។ ចំណែកមួយប្រកួតទៀតនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ក្រុម U-19 ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុម U-19 ក្រសួងការពារជាតិ ដោយលទ្ធផល ១ទល់ ០ ហើយមួយគ្រាប់របស់ក្រសួងការពារជាតិ បានរកគ្រាប់បាល់ដោយកីឡាករ សុខ ហៀង ក្រោយទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេច។

13235698_860618577398789_6842218588585212189_o

ងាកទៅមើលតារាងបណ្តោះអាសន្នត្រឹមសប្ដាហ៍ទី៤នេះវិញឃើញថា  ក្រុមU-19 ភ្នំពេញក្រោន កំពុងតែឈរលើគេដោយមាន ១២ពិន្ទុ និងតាមពីក្រោយដោយក្រុម U-19 ក្រសួងការពារជាតិ ដែលមាន៦ពិន្ទុក្នុងដៃ(ឈរលេខ២) ហើយក្រុម U-19 ព្រះខ័នរាជស្វាយរៀងមាន ៤ពិន្ទុ (ឈរលេខ៣) និងក្រុម U-19 របស់បឹងកេតអង្គរ ស្ថិតនៅលេខ៤ ដោយមាន ១ពិន្ទុ។

សូមបញ្ជាក់ថា ក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់នេះមាន ៤ក្រុមគឺ យុវជនរបស់ម្ចាស់ផ្ទះភ្នំពេញក្រោន ក្រុមយុវជនរបស់ក្លឹបបឹងកេតអង្គរ ក្រុមយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនរបស់កឹ្លបក្រសួងការពារជាតិ។ តាមគម្រោងការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា ខាងមុខ ដោយតម្រូវឱ្យក្រុមទាំងអស់ប្រកួតវិលជុំហើយក្រុមដែលទទួលបានពិន្ទុច្រើនជាងគេនោះនឹងឈ្នះជើងឯកតែម្ដង។

គេរំពឹងថាការប្រកួតពានរង្វាន់យុវជនថ្នាលនេះចូលរួមក្នុងការពង្រឹងធនធានកីឡាករនៅតាមក្លឹបនីមួយៗឱ្យកាន់តែរឹងមាំនៅថ្ងៃអនាគត ខណៈដែលការប្រកួតនេះតែងធ្វើឡើងនៅវេលាម៉ោង ៨ ព្រឹករៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យដោយក្រុមទាំងអស់អាចដាក់បញ្ចូលកីឡាករយុវជន ៣រូបដែលមានឈ្មោះក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីក៕

_MG_7555

អត្ថបទ៖ សម្បត្តិ

រូបថត៖ Smart RSN Youth Competition

មតិយោបល់

Sponsor

អត្ថបទថ្មីៗ