ក្រុមយុវជន U-15 ភ្នំពេញក្រោន នឹងវិលមកមាតុភូមិវិញថ្ងៃនេះជាមួយនឹងជ័យជម្នះ

នៅវេលាម៉ោង១ រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះក្រុមយុវជន U-15 ភ្នំពេញក្រោន នឹងវិលត្រឡប់មកដល់មាតុភូមិកម្ពុជាវិញតាមជើងហោះហើរសិង្ហបុរី-ភ្នំពេញ ក្រោយពីពួកគេបានឈ្នះតំណែងជើងឯកនៅក្នុងការប្រកួត 8th Soccer Sixes Tournament នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថា មុននឹងដណ្ដើមបានតំណែងជើងឯក ក្រុមU-15 ក្រុមតំណាងប្រទេសកម្ពុជាមួយនេះបានប្រកួតឈ្នះ ២លើកនិងចាញ់ ២លើកក្នុងវគ្គជម្រុះតាមពូល ពោលគឺបើកឆាកចាញ់យុវជន Bali Sports Foundation របស់ឥណ្ឌូណេស៊ី ៣-២ ប៉ុន្តែបានឈ្នះយុវជន Sports Org របស់ទីម័រខាងកើត ១១-០ ហើយចាញ់ក្រុមយុវជន Youth Football Home របស់ថៃ ២-១ (ថៃបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់) និងចុងក្រោយបានឈ្នះយុវជន Muhammadiyah Welfare របស់ម្ចាស់ផ្ទះសិង្ហបុរី ៣-១។

ដូច្នេះ ៦ពិន្ទុក្នុងដៃនេះបានធ្វើឱ្យក្រុមយុវជនរបស់ភ្នំពេញក្រោន មានឱកាសដើម្បីឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចូលដល់វគ្គនេះក្រុម U-15 ភ្នំពេញក្រោន បានយកឈ្នះលើក្រុមរបស់ថៃ Youth Football Home ដោយលទ្ធផល ២-១ នឹងបន្តយកឈ្នះក្រុម Bali Sports Foundation របស់ឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១ទល់០។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Christopher Grant ជាគ្រូបង្វឹក និងលោក លី ហៀង ជាអគ្គលេខាធិការរួមទាំងកីឡាករទាំង៨នាក់របស់ U-15 ភ្នំពេញក្រោន បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ 8th Soccer Sixes Tournament ដែលបានចាប់ផ្ដើមចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ខណៈកីឡាករទាំង៨រូបរបស់ភ្នំពេញក្រោនរួមមាន កីឡាករ ឡៃហៀង, ណាខា, សុខលី, រីណា, មករា, ឡាឌីន, ផានី និង សុវណ្ណមករា។

អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ គិតត្រឹមពេលនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ធ្លាប់បានចូលរួមកម្មវិធីខាងលើនេះចំនួន ៦លើកមកហើយដោយធ្លាប់ឈ្នះជើងឯកចំនួន ៣ លើកហើយទទួលជើងឯករងចំនួន ១លើកនិងចំណាត់ថ្នាក់លេខ៣ ចំនួន ២ លើកផងដែរ៕

PPCFC U15 Champion

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ