តើលទ្ធផលប៉ុន្មានទើបអាចជួយកម្ពុជាទម្លាក់ចិនតៃប៉ិពីវគ្គជម្រុះ AFC Asian Cup 2019 បាន?

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវឆាយនីសតៃប៉ិ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាវេលាម៉ោង ៧យប់ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ចាំមើលថា តើកម្ពុជាអាចរកគ្រាប់បាល់ជ័យជម្នះបានដែរឬទេ ហើយលទ្ធផលប៉ុន្មានដែលអាចជួយឱ្យក្រុមកម្ពុជាអាចទម្លាក់ក្រុមភ្ញៀវដើម្បីដណ្ដើមកៅអីទៅជុំបន្ដបាន?

សូមរំឮកថា កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជាបានទទួលលទ្ធផលស្មើគ្នាជាមួយក្រុមឆាយនីសតៃប៉ិម្ដងមកហើយ នៅក្នុងជំនួបជើងទី១លើទឹកដីកោះតៃវ៉ាន់ដោយលទ្ធផល ២-២ ។ ដូច្នេះការរបូតគ្រាប់បាល់ ២គ្រាប់ដូចគ្នា នៅក្រៅទឹកដី គឺជាឱកាសល្អមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការស្វែងរកកៅអីជុំបន្ដនៃពានរង្វាន់ AFC Asian Cup 2019 នេះ ។

លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកពីតៃវ៉ាន់ថា៖ «លទ្ធផលស្មើគ្នាខាងលើ គឺជាលទ្ធផលមួយល្អ ព្រោះការប្រកួតជើងទី២ ត្រូវធ្វើឡើងនៅកម្ពុជាហេតុនេះឱកាសឡើងវគ្គបន្ដ គឺមានច្រើនសម្រាប់កម្ពុជា ព្រោះកម្ពុជាត្រូវការត្រឹមស្មើគ្នា ០-០ ឬស្មើគ្នា ១-១ ក៏កម្ពុជាអាចទម្លាក់ក្រុមចិនតៃប៉ិបានដែរ ។»

យោងតាមសម្ដីគ្រូ Lee នេះ គឺបញ្ជាក់ឲ្យឃើញថា នៅក្នុងជំនួបជើងទី២ ស្អែកនេះ កម្ពុជាត្រូវការត្រឹមស្មើ ០-០ ឬ ១-១ ប៉ុណ្ណោះ គឺកម្ពុជាអាចទម្លាក់ក្រុមឆាាយនីសតៃប៉ិបានហើយ  ប៉ុន្ដែបើកម្ពុជាប្រកួតស្មើ ២-២ ដូចជើងទី១ តើត្រូវធ្វើដូចម្ដេច?

យោងតាមរូបមន្ដប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី កាលបើជើងទី២ កម្ពុជា និងឆាយនីសតៃប៉ិបន្ដប្រកួតស្មើគ្នាទៀត គឺត្រូវបន្ថែមម៉ោង ១៥នាទី ២ដង ដើម្បីទាត់កាត់សេចក្ដីតែម្តង៕

13330917_1748136612090506_8260321099667983124_n

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ