វ៉ាត់ ចំរើន៖ តេក្វាន់ដូសង្ឃឹមឈ្នះមេដាយអូឡាំពិក ឯកីឡាផ្សេងទៀតសង្ឃឹមបានបច្ចេកទេសល្អៗ

នៅក្នុងឱកាសប្រកាស និងបង្ហាញអត្តពលិកទាំង៦រូបដែលនឹងត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានសង្កតធ្ងន់ៗបែបនេះថា ៖ «មានតែប្រភេទកីឡាតេក្វាន់ដូមួយប្រភេទតែប៉ុណ្ណោះ ដែលមានសង្ឃឹមអាចដណ្ដើមបានមេដាយព្រោះកម្ពុជាមិនទាន់មានប្រភេទកីឡាណាដែលអាចមានសមត្ថភាពប្រដមត្រសងឡើយ។»

គួររំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅក្នុងឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន៦រូប ដែលក្នុងនោះមាន អត្តពលកម្ម ២ រូប ហែលទឹក ២ រូប ចំបាប់ ១ រូប និង តេក្វាន់ដូ ១ រូប ។

ឯកឧត្តមវ៉ាត់ ចំរើនបានបន្តថា៖ «កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ីគឺជាក្ដីសង្ឃឹមក្នុងការរកមេដាយអូឡាំពិកបាន ព្រោះអ្នកមានសមត្ថភាព និង បច្ចេកទេសល្អខុសពីអត្តពលិកដ៍ទៃទៀត។» ឯកឧត្តមបន្តថា៖ «រយៈពេលថ្មីៗនេះ កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះក្នុងការប្រកួតជម្រុះកីឡាអូឡាំពិក ហើយមានសិទ្ធិពេញលេញ ដើម្បីចូលរួមការប្រកួតកីឡាពិភពលោកដ៏ធំនេះ ថែមទាំងបានឈ្នះមេដាយមាសកម្រិតអាស៊ីផងដែរ។ កីឡាការិនី ស៊ន សៀវម៉ី ពេលនេះកំពុងតែហ្វឹកហាត់នៅប្រទេសកូរ៉េដែលនឹងត្រូវចំណាយពេលប្រមាណជារយៈពេល ៧០ថ្ងៃ។»

IMG_2492 copy

ដោយឡែក ចំពោះប្រភេទកីឡាផ្សេងទៀត ឯកឧត្តមបានត្រឹមតែសង្ឃឹម នឹងអាចធ្វើឲ្យសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរប៉ុណ្ណោះ ដូចជាប្រភេទកីឡាអត្តពលកម្មជាដើមដែលកីឡាករជនជាតិជប៉ុន សញ្ជាតិខ្មែរ Takizaki Kuniski (NEKO) មានរហស្សនាមថាកូនឆ្មា និងកីឡាការិនី លី ណារីបានទទួលសិទ្ធិទៅប្រកួតកីឡាអូឡាំពិកដែរដោយប្រកួតវិញ្ញាសារត់ម៉ារ៉ាតុង (៤២,១៩៥គីឡូម៉ែត្រ) ។ គុណផលល្អបំផុតរបស់លោកNEKO គឺ ២ ម៉ោង២៧នាទី ចំពោះកីឡាការិនីលី ណារីដែលពេលនេះកំពុងតែ ហាត់នៅប្រទេសកេនយ៉ានោះមានថិរវេលាល្អបំផុតនោះគឺ ២ម៉ោង៤៥នាទី នេះជាស្ត្រីដំបូងរបស់កម្ពុជាហើយដែលបានទទួលសិទ្ធិអនុគ្រោះក្នុងការប្រកួតរត់ម៉ារ៉ាតុងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ។

 

រីឯកីឡាការិនីចំបាប់ ចូវ សុធារ៉ា ដែលមានប្រវត្តិប្រកួតល្អនោះបានទទួលក៏បានទទួលសិទ្ធិអនុគ្រោះ (Wild Card) សម្រាប់ការចេញទៅប្រកួតនេះជាមួយកីឡាការិនីហែលទឹកហែម ថុន វិទិនី និង កីឡាករពូ សុវិជ្ជា  ដោយកីឡាការិនី ហែលទឹក ហែមថុន វិទិនី កំពុងតែហាត់នៅជំរុំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីនាខេត្តភូកេតប្រទេសថៃ សម្រាប់កីឡាអូឡាំពិក វិទិនី  នឹងប្រកួតក្នុងវិញ្ញាសាហែលរបៀបសេរី ចម្ងាយ៥០ម៉ែត្រ។ សម្រាប់កីឡាករហែលទឹក ពូ សុវីជ្ជា វិញកំពុងតែហ្វឹកហាត់នៅក្នុងសាកលវិទ្យាល័យមួយរបស់សហរដ្ឋអាម៉េរិគ ។ កីឡាកររូបនេះក៏នឹងប្រកួតហែលរបៀបសេរីចម្ងាយ ១០០ម៉ែត្រ ផងដែរ។ ចំណែកចំបាប់វិញ កីឡាការិនី ចូវ សុធារ៉ាគឺជាអ្នកទី ២ ហើយដែលបានចេញទៅប្រកួតកីឡាអូឡាំពិក ខណៈដែលឯកត្តមវ៉ាត់ ចំរើន គឺជាអត្តពលិកខ្មែរទី១ ដែលបានចេញទៅប្រកួតចំបាប់នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕

 

អត្ថបទៈ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ